មន្ត្រីអង្គការសិទ្ធិមនុស្សចំនួន ២ ប្រចាំខេត្តកំពត គឺអង្គការអាដហុក (Adhoc) និងលីកាដូ (Licadho) នៅថ្ងៃទី១២ វិច្ឆិកា បានចុះទៅអង្កេតមើលដីចម្ការប្រជាពលរដ្ឋចំនួនពីរឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានទំនាស់ជាមួយក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ និងដីឧទ្យានជាតិភ្នំបូកគោ ក្រោយពេលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងឲ្យជួយដោះស្រាយ។
មន្ត្រីអង្គការអាដហុក ប្រចាំខេត្តកំពត លោក ប្រាក់ សារ៉ាន់ ដែលបានចុះទៅអង្កេតដីទំនាស់នៅក្នុងភូមិសាស្ត្រជើងភ្នំបូកគោ ក្នុងស្រុកទឹកឈូនោះ សង្កេតឃើញថា មានដីប្រជាពលរដ្ឋមួយចំនួនបានដាំដំណាំរួចហើយ ចំណែកដីខ្លះទៀតប្រជាពលរដ្ឋកំពុងធ្វើស្រែ តែពួកគាត់មិនអាចទទួលធ្វើជាម្ចាស់កម្មសិទ្ធិបាន៖ «តាមពិតខ្ញុំទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋហ្នឹងមានពីរឃុំ ប្រជាពលរដ្ឋនៅឃុំកោះតូច ប្រជាពលរដ្ឋនៅឃុំបឹងទូក ក៏ប៉ុន្តែក៏មានប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ដែលគាត់មានដីនៅឃុំបឹងទូក និងឃុំកោះតូច»។
ការអង្កេតនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ៧០គ្រួសារ បានដាក់ពាក្យបណ្ដឹងទៅការិយាល័យអង្គការអាដហុក និងលីកាដូ នៅពេលថ្មីនេះ សុំអន្តរាគមន៍រកយុត្តិធម៌ឲ្យពួកគាត់ ដើម្បីទទួលប្លង់កាន់កាប់ដីស្របច្បាប់។ លោកថា ទីតាំងដីទំនាស់នោះ ស្ថិតនៅឃុំកោះតូច និងឃុំបឹងទូក ដែលមានម្ចាស់ដីខ្លះនៅក្នុងមូលដ្ឋាននេះ ខ្លះមកពីក្រុងកំពត និងភ្នំពេញ មានប្រជាពលរដ្ឋខ្លះបញ្ចេញកម្លាំងញើសឈាមកាប់គាស់រានព្រៃយកដីក្នុងអំឡុងឆ្នាំ១៩៩៦ ខ្លះទៀតមកពីចម្ងាយចំណាយប្រាក់ទិញដីនេះឡើង។
តំបន់ដីទំនាស់នេះស្ថិតនៅខ្សែស្របជួរជើងភ្នំបូកគោនិងផ្លូវរទេះភ្លើង ដែលមើលទៅផ្ទៃដីចម្ការដំណាំលាយឡំដីព្រៃល្បោះដុំៗ វែងដាច់កន្ទុយភ្នែក។ កាលពីឆ្នាំ២០១២ ក្រុមនិស្សិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះមកវាស់ដីតំបន់នេះ តែវាស់បានតែមួយចំនួនក៏ផ្អាកមកទល់សព្វថ្ងៃ។
ម្ចាស់ដីម្នាក់ គឺអ្នកស្រី ហុង មុំ អាយុជាង ៥០ឆ្នាំ រស់នៅក្រុងកំពត ដែលមានដី ៥ហិកតារនោះ ឲ្យដឹងថា ដីភាគច្រើននិស្សិតមិនបានវាស់ ហើយប្រជាពលរដ្ឋកំពុងរង់ចាំក្រុមនិស្សិតចុះវាស់ម្ដងទៀត៖ «ខ្ញុំទាំងអស់គ្នាប្រជាពលរដ្ឋហ្នឹងឮសម្ដេចនាយក គាត់ប្រកាសថា ឲ្យវាស់ជូនប្រជាពលរដ្ឋ យើងខ្ញុំទាំងអស់គ្នាហ្នឹងសប្បាយណាស់ ក៏ប៉ុន្តែរង់ចាំការវាស់វែង មិនឃើញវាស់វែងសោះ។ វាស់វែងហើយមិនចេញប្លង់ឲ្យ អ្នកដែលមិនទាន់វាស់ហ្នឹងក៏អត់វាស់ឲ្យទៀត សួរទៅថា វាស់ឯនោះហើយអត់វាស់ឯនេះទេ ចុះអត់មានសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋធ្វើម៉េចប្រជាពលរដ្ឋធ្វើម៉េចជឿ?»។
ចំណែកអ្នកស្រី កឹម សុផា អាយុ ៤៥ឆ្នាំ នៅឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ ថា ដីគាត់បានវាស់ហើយ តែមិនទាន់បានទទួលប្លង់កាន់កាប់នៅឡើយ៖ «កាលពីនិស្សិតដែលចូលចុះវាស់ហ្នឹង តែមកដល់សព្វថ្ងៃ មកដល់សព្វថ្ងៃហ្នឹងអត់ទាន់បានប្លង់ទេ ជាង ២ឆ្នាំហើយ។ ខ្ញុំសំណូមពរឲ្យប្លង់ហ្នឹងចេញឲ្យខ្ញុំឆាប់ៗមក អត់មាននៅយូរអ៊ីចឹងទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន សុខ គង់ និងអភិបាលខេត្តរង លោក ជឹម ផល្លា បាននៅថ្ងៃទី១២ វិច្ឆិកា ដោយលោកចុចផ្ដាច់ទូរស័ព្ទ។ ក៏ប៉ុន្តែ បើតាមសេចក្ដីជូនដំណឹងរបស់អភិបាលខេត្ត លោក ខូយ ឃុនហ៊ួរ ចុះថ្ងៃទី១២ មិថុនា ឆ្នាំ២០១៣ ក្រុមនិស្សិតនឹងបន្តវាស់វែងដីនេះលុះត្រាចប់។ ក៏ប៉ុន្តែនៅពេលនេះត្រូវផ្អាកមួយរយៈសិន កំពុងជាប់រវល់ដោះស្រាយទំនាស់ដីក្នុងតំបន់នេះ ជាមួយអាជ្ញាធរខេត្តឲ្យរួចមួយវគ្គសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
