ពលរដ្ឋជាង ១០០នាក់ មកពី ២ភូមិ ក្នុងស្រុកឈូក ខេត្តកំពត នាំគ្នាឡើងមកតវ៉ា និងដាក់ញត្តិជូនរដ្ឋសភា និងក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តកំពត ចេញប្លង់កម្មសិទ្ធិដីធ្លីដែលកំពុងប្រើប្រាស់ជាក់ស្ដែងដល់ពួកគាត់។
សំឡេងស្រែកតវ៉ា៖ «លោក ហេង វន្ថា អាជ្ញាធរខេត្តកំពត លែងស្គាល់អនុក្រឹត្យហើយ លែងស្គាល់រដ្ឋធម្មនុញ្ញហើយ លែងស្គាល់រដ្ឋាភិបាលហើយ មិនបានអនុវត្តអនុក្រឹត្យ ២៥៩ របស់សម្ដេចអគ្គមហាសេនាបតីតេជោ»។ នេះជាសំឡេងស្រែកតវ៉ារបស់ប្រជាពលរដ្ឋជាង ១០០នាក់ តំណាងឲ្យពលរដ្ឋជិត ១ពាន់គ្រួសារ មកពីភូមិតេជោអន្លង់ក្មេងលេង និងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នាមុខរដ្ឋសភា និងមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកញ្ញា។ នៅមុខស្ថាប័នជាតិធំៗទាំងពីរ គឺប្រជាពលរដ្ឋទាំងនោះលើកបដា ព្រមទាំងកាន់រូបថតលោកស្រី ប៊ុន រ៉ានី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយគ្នានោះផង។
តំណាងពលរដ្ឋម្នាក់ គឺលោក ចន្ធូ រៀបរាប់ថា ការដាក់ញត្តិជូនរដ្ឋសភា និងក្រសួងមហាផ្ទៃនេះ ដើម្បីសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តកំពត ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ដែលកំពុងកាន់កាប់ជាក់ស្ដែងទៅតាមអនុក្រឹត្យលេខ២៥៩ ឆ្នាំ២០១៤ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបញ្ជាក់ថា បញ្ជាក់ថា អាជ្ញាធរខេត្តកំពត ពុំបានអនុវត្តន៍តាមអនុក្រឹត្យរដ្ឋាភិបាលនោះទេ ហើយជាពិសេសនៅដើមខែកញ្ញានេះ គឺមានកម្លាំងប្រដាប់អាវុធរាប់សិបនាក់បានចុះសម្លុតគំរាមអោយប្រជាពលរដ្ឋ ឲ្យផ្ដិតមេដៃដោយមិនបញ្ជាក់មូលហេតុ។ បញ្ហានេះ ពួកគាត់ព្រួយបារម្ភថា អាជ្ញាធរហាក់មានចេតនាចង់កិបកេងយកដីនោះពីប្រជាពលរដ្ឋវិញ៖ «សុំអន្តរាគមន៍មានន័យថា សុំឲ្យរដ្ឋសភា ទៅសួរគាត់ (អាជ្ញាធរខេត្តកំពត) ថាតើគាត់មកវាស់ហ្នឹងវាស់ធ្វើប្លង់ឲ្យប្រជាពលរដ្ឋពិតប្រាកដអត់? បើធ្វើប្លង់ហេតុអីបានជាគាត់មិនប្រកាសឲ្យប្រជាពលរដ្ឋដឹង? ហើយប្រជាពលរដ្ឋទៅឈរមើលអត់បានទេ អត់ឲ្យទៅជិតទេ។ អ៊ីចឹងសង្ស័យថា បើគាត់មានបំណងល្អ ហេតុអីមានកម្លាំងប្រដាប់អាវុធអីច្រើនម្ល៉េះ?»។
ក្នុងការតវ៉ានោះ ក៏មានការជួយជ្រោមជ្រែងស្រែកតវ៉ា និងសម្រួលចរាចរណ៍ពីក្រុមនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗផងដែរ។ ក្រុមនិស្សិតទាំងនោះអះអាងថា កាលដែលពួកគេមកចូលរួមតវ៉ានេះ ដោយសារតែពលរដ្ឋទាំងនោះរងគ្រោះយ៉ាងអយុត្តិធម៌ ហើយពួកគេមិនឃើញរឿងអយុត្តិធម៌នេះកើតឡើងនៅក្នុងសង្គមតទៅទៀតនោះឡើយ។
តំណាងបណ្ដាញយុវជនតាមសកលវិទ្យាល័យ យុវជន ឈើយ ប៊ុនធឿន ដែលបានសិក្សារឿងជម្លោះដីធ្លីនេះយ៉ាងស៊ីជម្រៅលើកឡើងថា ការដែលប្រជាពលរដ្ឋលើកគ្នាមកតវ៉ានៅក្រុងភ្នំពេញ នេះ គឺដោយសារអាជ្ញាធរខេត្តកំពត មិនបានអនុវត្តជាក់ស្ដែងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលធ្វើប្រទានកម្មកាត់ដីប្រមាណ ១.៣៧៧ហិកតារ ជូនប្រជាពលរដ្ឋ ៨១៦គ្រួសារស្របច្បាប់នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍។ លោកថា ជម្លោះដីធ្លីនេះគឺពលរដ្ឋទទួលបានភាពអយុត្តិធម៌ធ្ងន់ធ្ងរ ដែលមិនអាចឱបដៃឈរមើលបាន។

យ៉ាងណាក៏ដោយ ក្រោយការឈរស្រែកតវ៉ានៅមុខរដ្ឋសភាមួយស្របក់នោះ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការទី១រដ្ឋសភា គឺគណៈកម្មការការពារសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អ្នកស្រី ឡោក ខេង បានចេញមកទទួលញត្តិ ហើយសន្យាថា នឹងពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋ តែយ៉ាងណាអ្នកស្រីស្នើអោយប្រជាពលរដ្ឋត្រូវភ្ជាប់ឯកសារសំខាន់ៗបន្ថែមទៀត៖ «ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលថាមានបញ្ហាដីធ្លី សូមឲ្យកូពី (copy = ថតចម្លង) លិខិតសុំកាន់កាប់ដីធ្លីដែលមានចុះហត្ថលេខាទទួលស្គាល់ដោយមេឃុំ ទុំ ពល»។
ក្រុមប្រជាពលរដ្ឋអ្នកតវ៉ារៀបរាប់ថា ពួកគាត់បានចូលទៅកាប់រុករានដីព្រៃនោះ ដើម្បីអាស្រ័យផលខ្លះតាំងពីឆ្នាំ១៩៩៩ ខ្លះទៀតនៅឆ្នាំ២០០០ រហូតបង្កបង្កើតបានទៅជាភូមិ ឃុំរួចហើយ តែក្រោយៗមកអាជ្ញាធរខេត្តកំពត បានបណ្ដេញពួកគាត់ដោយហិង្សាចេញពីទីនោះ។ ទោះបីជាយ៉ាងណា ភាពក្លាហានប្រឈមមុខជាមួយអាជ្ញាធរនាគ្រានោះ បានធ្វើអោយភាពចលាចលស្ងប់ស្ងាត់ទៅវិញ។ តែជម្លោះដីធ្លីនេះ ប្រជាពលរដ្ឋអះអាងថា ប្រហែលមិនទាន់សះជាឡើយ ទើបនៅថ្ងៃដើមខែកញ្ញា នេះ អាជ្ញាធរខេត្តកំពត ចាប់ផ្តើមចេញមុខរករឿងប្រជាពលរដ្ឋជាថ្មី។ បញ្ហានេះហើយដែលប្រជាពលរដ្ឋស្នើអោយរដ្ឋសភា និងក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តកំពត ឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់ និងបញ្ឈប់សកម្មភាពគំរាមកំហែងតទៅទៀត ដើម្បីឲ្យពួកគាត់មានពេលរកស៊ីទទួលទាន ខណៈដែលការចិញ្ចឹមជីវិតកំពុងជួបវិបត្តិធ្ងន់ធ្ងរស្រាប់ផងនោះ។
ឆ្លើយតបចំពោះបញ្ហានេះ អភិបាលរងខេត្តកំពត ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី លោក ហេង វន្ថា មានប្រសាសន៍ថា តាមពិតអាជ្ញាធរកំពុងតែដោះស្រាយជូនពលរដ្ឋទាំងនោះហើយ ប៉ុន្តែបញ្ហាដែលរាំងស្ទះក្នុងការចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ព្រោះមានជនខិលខូចមួយចំនួនលូចទិញដីមិនស្របច្បាប់ពីប្រជាពលរដ្ឋដទៃទៀត៖ «សុទ្ធតែពួកឈ្មួញដើរប្រមូលដី ដើរតែរុញដើរធ្វើ។ គោលការណ៍ខេត្តគេធ្វើច្បាស់លាស់ណាស់ អត់មានអីអ៊ីចឹងទេ»។
ប្រជាពលរដ្ឋទាំងនោះ ច្រានចោលការចោទប្រកាន់របស់អាជ្ញាខេត្ត ហើយអះអាងថា ពួកគាត់មានឯកសារច្បាប់ត្រឹមត្រូវ។ ផ្ទុយពីនេះ អាជ្ញាធរខេត្តទៅវិញទេ ដែលលើកគ្នាមកវាស់ដីស្ងាត់ៗ មិនបានជូនដំណឹងជាមុន ដែលអាចមានចេតនាចង់ដណ្ដើមដីនោះទុកលក់អោយនាយទុន និងអ្នកមានអំណាច។
ប្រជាពលរដ្ឋទាំងនោះព្រមានថា ប្រសិនបើការតវ៉ាលើកនេះ រដ្ឋសភា និងក្រសួងមហាផ្ទៃ មិនអាចជួយអន្តរាគមន៍បញ្ចប់វិបត្តិដីធ្លីជូនពួកគាត់ទេនោះ គឺពួកគាត់នឹងបន្តតវ៉ាមិនដកថយឡើយ ហើយនឹងទៅដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។
ទាក់ទិនបញ្ហានេះដែរ អង្គការសង្គមស៊ីវិល ព្យាករថា ជម្លោះដីធ្លីនេះអាចនឹងឡើងកម្តៅខ្លាំង ប្រសិនបើអាជ្ញាធរមិនប្រញាប់ដោះស្រាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
