ពលរដ្ឋ​ខេត្ត​កំពត​ជាង​១០០​នាក់​ដាក់​ញត្តិ​នៅ​សភា​ដើម្បី​សុំ​​អន្តរាគមន៍​រឿង​ចេញ​ប្លង់​ដី

0:00 / 0:00

ពលរដ្ឋ​ជាង ១០០​នាក់ មក​ពី​ ២​ភូមិ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត នាំ​គ្នា​ឡើង​មក​តវ៉ា និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុង​ប្រើប្រាស់​ជាក់ស្ដែង​ដល់​ពួកគាត់។

សំឡេង​ស្រែក​តវ៉ា«លោក ហេង វន្ថា អាជ្ញាធរ​ខេត្ត​កំពត លែង​ស្គាល់​អនុក្រឹត្យ​ហើយ លែង​ស្គាល់​រដ្ឋធម្មនុញ្ញ​ហើយ លែង​ស្គាល់​រដ្ឋាភិបាល​ហើយ មិន​បាន​អនុវត្ត​អនុក្រឹត្យ ២៥៩ របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ»។ នេះ​ជា​សំឡេង​ស្រែក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ១​ពាន់​គ្រួសារ មក​ពី​ភូមិ​តេជោអន្លង់ក្មេងលេង និង​ភូមិ​តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត នា​មុខ​រដ្ឋសភា និង​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ នៅ​មុខ​ស្ថាប័ន​ជាតិ​ធំៗ​ទាំង​ពីរ គឺ​ប្រជាពលរដ្ឋ​ទាំង​នោះ​លើក​បដា ព្រម​ទាំង​កាន់​រូបថត​លោកស្រី ប៊ុន រ៉ានី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​គ្នា​នោះ​ផង។

​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ចន្ធូ រៀប​រាប់​ថា ការ​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​នេះ​ ដើម្បី​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ដែល​កំពុង​កាន់កាប់​ជាក់ស្ដែង​ទៅ​តាម​អនុក្រឹត្យ​លេខ​២៥៩ ឆ្នាំ​២០១៤ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បញ្ជាក់​ថា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពត ពុំ​បាន​អនុវត្តន៍​តាម​អនុក្រឹត្យ​រដ្ឋាភិបាល​នោះ​ទេ ហើយ​ជាពិសេស​នៅ​ដើម​ខែ​កញ្ញា​នេះ គឺ​មាន​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់​បាន​ចុះ​សម្លុត​គំរាម​អោយ​ប្រជាពលរដ្ឋ ឲ្យ​ផ្ដិត​មេដៃ​ដោយ​មិន​បញ្ជាក់​មូលហេតុ។ បញ្ហា​នេះ ពួកគាត់​ព្រួយបារម្ភ​ថា អាជ្ញាធរ​ហាក់​មាន​ចេតនា​ចង់​កិបកេង​យក​ដី​នោះ​ពី​ប្រជាពលរដ្ឋ​វិញ៖ «សុំ​អន្តរាគមន៍​មាន​ន័យ​ថា សុំ​ឲ្យ​រដ្ឋសភា ទៅ​សួរ​គាត់ (អាជ្ញាធរ​ខេត្ត​កំពត) ថា​តើ​គាត់​មក​វាស់​ហ្នឹង​វាស់​ធ្វើ​ប្លង់​ឲ្យ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​អត់? បើ​ធ្វើ​ប្លង់​ហេតុ​អី​បាន​ជា​គាត់​មិន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដឹង? ហើយ​ប្រជាពលរដ្ឋ​ទៅ​ឈរ​មើល​អត់​បាន​ទេ អត់​ឲ្យ​ទៅ​ជិត​ទេ។ អ៊ីចឹង​សង្ស័យ​ថា បើ​គាត់​មាន​បំណង​ល្អ ហេតុ​អី​មាន​កម្លាំង​ប្រដាប់​អាវុធ​អី​ច្រើន​ម្ល៉េះ?»

​ក្នុង​ការ​តវ៉ា​នោះ ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ស្រែក​តវ៉ា និង​សម្រួល​ចរាចរណ៍​ពី​ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​ផ្សេងៗ​ផង​ដែរ។ ក្រុម​និស្សិត​ទាំង​នោះ​អះអាង​ថា កាល​ដែល​ពួកគេ​មក​ចូលរួម​តវ៉ា​នេះ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ហើយ​ពួកគេ​មិន​ឃើញ​រឿង​អយុត្តិធម៌​នេះ​កើត​ឡើង​នៅ​ក្នុង​សង្គម​​ត​ទៅ​ទៀត​នោះ​ឡើយ។

តំណាង​បណ្ដាញ​យុវជន​តាម​សកល​វិទ្យាល័យ យុវជន ឈើយ ប៊ុនធឿន ដែល​បាន​សិក្សា​រឿង​ជម្លោះ​ដីធ្លី​នេះ​យ៉ាង​ស៊ី​ជម្រៅ​លើក​ឡើង​ថា ការ​ដែល​​ប្រជាពលរដ្ឋ​លើក​គ្នា​មក​តវ៉ា​នៅ​ក្រុង​ភ្នំពេញ នេះ គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត​កំពត មិន​បាន​អនុវត្ត​ជាក់ស្ដែង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ប្រទានកម្ម​កាត់​ដី​ប្រមាណ ១.៣៧៧​ហិកតារ ជូន​ប្រជាពលរដ្ឋ ៨១៦​គ្រួសារ​ស្រប​ច្បាប់​នៅ​ភូមិ​តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍។ លោក​ថា ជម្លោះ​ដីធ្លី​នេះ​គឺ​ពលរដ្ឋ​ទទួល​បាន​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ ដែល​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន។

សមត្ថកិច្ច​សួរនាំ​តំណាង​ពលរដ្ឋ​មក​ពី​ពីរ​ភូមិ នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ពេល​ឡើង​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
សមត្ថកិច្ច​សួរនាំ​តំណាង​ពលរដ្ឋ​មក​ពី​ពីរ​ភូមិ នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ពេល​ឡើង​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។ (RFA/Uon Chhin)

​យ៉ាង​ណា​ក៏ដោយ ក្រោយ​ការ​ឈរ​ស្រែក​តវ៉ា​នៅ​មុខ​រដ្ឋសភា​មួយ​ស្របក់​នោះ អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ទី​១​រដ្ឋសភា គឺ​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អ្នកស្រី ឡោក ខេង បាន​ចេញ​មក​ទទួល​ញត្តិ ហើយ​សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តែ​យ៉ាងណា​អ្នកស្រី​ស្នើ​អោយ​ប្រជាពលរដ្ឋ​ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ​បន្ថែម​ទៀត៖ «ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ថា​មាន​បញ្ហា​ដីធ្លី សូម​ឲ្យ​កូពី (copy = ថត​ចម្លង) លិខិត​សុំ​កាន់​កាប់​ដីធ្លី​ដែល​មាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​មេ​ឃុំ ទុំ ពល»

​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រៀប​រាប់​ថា ពួកគាត់​បាន​ចូល​ទៅ​កាប់​រុករាន​ដី​ព្រៃ​នោះ ដើម្បី​អាស្រ័យ​ផល​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៩ ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០០ រហូត​បង្ក​បង្កើត​បាន​ទៅ​ជា​ភូមិ ឃុំ​រួច​ហើយ តែ​ក្រោយៗ​មក​អាជ្ញាធរ​ខេត្ត​កំពត បាន​បណ្ដេញ​ពួកគាត់​ដោយ​ហិង្សា​ចេញ​ពី​ទី​នោះ។ ទោះ​បី​ជា​យ៉ាង​ណា ភាព​ក្លាហាន​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​នា​គ្រា​នោះ បាន​ធ្វើ​អោយ​ភាព​ចលាចល​ស្ងប់ស្ងាត់​ទៅ​វិញ។ ​តែ​​ជម្លោះ​ដីធ្លី​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ប្រហែល​មិន​ទាន់​សះ​ជា​​​ឡើយ ទើប​នៅ​ថ្ងៃ​ដើម​ខែ​កញ្ញា នេះ អាជ្ញាធរ​ខេត្ត​កំពត ចាប់​ផ្តើម​ចេញ​មុខ​រក​រឿង​ប្រជាពលរដ្ឋ​ជា​ថ្មី។ បញ្ហា​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ស្នើ​អោយ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ពួកគាត់ និង​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​មាន​ពេល​រក​ស៊ី​ទទួល​ទាន ខណៈ​ដែល​ការ​ចិញ្ចឹម​ជីវិត​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ស្រាប់​ផង​នោះ។

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អភិបាលរង​ខេត្ត​កំពត ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក ហេង វន្ថា មាន​ប្រសាសន៍​ថា តាម​ពិត​អាជ្ញាធរ​កំពុង​តែ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​រាំង​ស្ទះ​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ព្រោះ​មាន​ជនខិលខូច​មួយ​ចំនួន​លូច​ទិញ​ដី​មិន​ស្រប​ច្បាប់​ពី​ប្រជាពលរដ្ឋ​ដទៃ​ទៀត៖ «សុទ្ធតែ​ពួក​ឈ្មួញ​ដើរ​ប្រមូល​ដី ដើរ​តែ​រុញ​ដើរ​ធ្វើ។ គោលការណ៍​ខេត្ត​គេ​ធ្វើ​ច្បាស់លាស់​ណាស់ អត់​មាន​អី​អ៊ីចឹង​ទេ»

​ប្រជាពលរដ្ឋ​ទាំង​នោះ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាជ្ញា​ខេត្ត ហើយ​អះអាង​ថា ពួកគាត់​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ។ ផ្ទុយ​ពី​នេះ អាជ្ញាធរ​ខេត្ត​ទៅ​វិញ​ទេ ដែល​លើក​គ្នា​មក​វាស់ដី​ស្ងាត់ៗ មិន​បាន​ជូន​ដំណឹង​ជាមុន ដែល​អាច​មាន​ចេតនា​ចង់​ដណ្ដើម​ដី​នោះ​ទុក​លក់​អោយ​នាយទុន និង​អ្នក​មាន​អំណាច។

​ប្រជាពលរដ្ឋ​ទាំង​នោះ​ព្រមាន​ថា ប្រសិនបើ​ការ​តវ៉ា​លើក​នេះ រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ មិន​អាច​ជួយ​អន្តរាគមន៍​បញ្ចប់​វិបត្តិ​ដីធ្លី​ជូន​ពួកគាត់​ទេ​នោះ គឺ​ពួកគាត់​នឹង​បន្ត​តវ៉ា​មិន​ដកថយ​ឡើយ ហើយ​នឹង​ទៅដល់​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។

ទាក់ទិន​បញ្ហា​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល ព្យាករ​ថា ជម្លោះ​ដីធ្លី​នេះ​អាច​នឹង​ឡើង​កម្តៅ​ខ្លាំង ប្រសិនបើ​អាជ្ញាធរ​មិន​ប្រញាប់​ដោះស្រាយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។