ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥

0:00 / 0:00

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​បិទ​ផ្លូវជាតិ​លេខ​៥ មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ចន្លោះ​ពី​ម៉ោង ១១​ព្រឹក ដល់​ម៉ោង​ជាង ១​រសៀល ថ្ងៃ​ទី​២៩ ខែ​មេសា ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ជួយ​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ពួកគាត់​ចោទ​ថា ត្រូវ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ធ្វើ​ប្លង់​រំលោភ​យក​ដី​កសិកម្ម​ធ្លាប់​បង្កបង្កើន​ផល។ ​ពលរដ្ឋ​បាន​យល់ព្រម​បើកផ្លូវ​ជាតិ ឲ្យ​ដំណើរ​ការ​ជា​ធម្មតា​វិញ នៅ​ពេល​អភិបាលស្រុក​ពញាឮ បាន​ចេញ​មុខ​ជួយ​រក​ដំណោះស្រាយ​លើ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ។

​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ឈ្មោះ លោក សៅ ហៃសៀក បាន​ឲ្យ​ដឹង​ថា ដី​ទំនាស់​នោះ​មាន​ជាង ៦០​ហិកតារ ជា​របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ចំនួន​២ នៅ​ឃុំ​ពញាឮ ខេត្ត​កណ្ដាល។ លោក​បន្ត​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៥ និង​ដុត​កង់ឡាន ឃើញ​មាន​អភិបាល​ស្រុក​ពញាឮ លោក តុង សាមី បាន​ចេញ​មុខ​មក​ជួប​ប្រជាពលរដ្ឋ ហើយ​សន្យា​ថា​នឹង​ជួយ​រក​ដំណោះស្រាយ​លើ​ជម្លោះ​ដីធ្លី ទើប​ពលរដ្ឋ​បាន​បើក​ផ្លូវ​ជាតិ​ឲ្យ​ដំណើរការ​វិញ។

​ពលរដ្ឋ​ផ្សេង​ទៀត​ឈ្មោះ លាង ឡេង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន បាន​លួច​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​លើ​ដី​ធ្វើស្រែ​ប្រាំង​របស់​ពួកគាត់ និង​បាន​មក​បោះ​បង្គោល​ព្រំដី​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ទើប​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ្ញាក់ផ្អើល​និង​ផ្ទុះ​ការ​តវ៉ា។

​លោក​បន្ត​ថា តំណាង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​គំរាម​ប្រើ​កម្លាំង​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ និង​ឲ្យ​មេធាវី​ប្តឹង​ទៅ​កាន់​តុលាការ បើ​ហ៊ាន​ចេញ​មុខ​តវ៉ា​ថែម​ទៀត៖ «ក្រុមហ៊ុន​ហ្នឹង​គាត់​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​យូរ​មក​ហើយ ហើយ​ដី​ហ្នឹង​ធ្វើ​ប្លង់​រឹង​នៅ​ដី​កន្លែង​ផ្សេង​ទេ គឺ​នៅ​ភូមិ​ទួល​អំពិល តែ​មួយ​ទេ ប៉ុន្តែ​គាត់​មក​យក​ដីៗ នៅ​ភូមិ​ពញាឮ។ ដល់​អ៊ីចឹង​ដី​ក្នុង​ប្លង់​កម្មសិទ្ធិ​ជាមួយ​ដី​ដែល​គាត់​យក​គឺ​ខុស​គ្នា។ ដល់​ប្រជាជន​សួរ​គាត់​ថា ដី​អ្នក​ឯក​នៅ​ទួល​អំពិល រឿង​អី​អ្នកឯង​មក​យក​ដី​នៅ​ពញាឮ គាត់​និយាយ​ថា គាត់​មក​យក​ដី​ហ្នឹង​ដោយសារ​បច្ចេកទេស​របស់​មន្ត្រី​សុរិយោដី​វាយ​ភូមិ​ខុស តាម​ពិត​នៅ​ក្នុង​ភូមិ​ពញាឮ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​ពលរដ្ឋ​ចោទ​ថា បាន​រំលោភ​ធ្វើ​ប្លង់ដី​លើ​ដី​កសិកម្ម​របស់​ពួកគាត់​ជាង ៦០​ហិកតារ បាន​ទេ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា។

​អភិបាល​ស្រុក​ពញាឮ លោក តុង សាមី ដែល​បាន​ចុះ​ជួប​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បើក​ផ្លូវ​ជាតិ​លេខ​៥ ឲ្យ​ដំណើរការ​វិញ និង​បាន​សន្យា​ថា​នឹង​នាំ​យក​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដាក់​ជូន​អភិបាល​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ និង​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ខាង​មុខ។

លោក តុង សាមី៖ «គាត់​បិទ​ផ្លូវ តែ​ខ្ញុំ​បាន​ទៅ​ដោះស្រាយ​ជូន​គាត់ កុំ​ឲ្យ​គាត់​ឃាត់​ឡាន។ អ្នក​ចុះ​វាស់វែង​ដី​ហ្នឹង​ឲ្យ​គេ​ទៅៗ ហើយ​ខ្ញុំ​បាន​ធានា​ដោះស្រាយ​ចាត់ចែង​ជូន​គាត់ និង​សិក្សា​ពី​អ្វី​ដែល​គាត់​មាន និង​ក្រុមហ៊ុន​មាន យើង​ដោះស្រាយ​រួម​គ្នា។ ក្រុមហ៊ុន​ហ្នឹង​តាម​ខ្ញុំ​ដឹង​គាត់​មាន​ប្លង់​យូរ​ហើយ តាំង​ពី​ជំនាន់​ខ្ញុំ​ធ្វើការ​មុន​ម្ល៉េះ ហើយ​ប្រជាជន​និយាយ​ថា គាត់​អត់​បាន​លក់​ដី​នោះ​ទេ។ បញ្ហា​នៅ​ត្រង់​ហ្នឹង ហើយ​ក្រុមហ៊ុន​គេ​ចង់​ទៅ​បោះ​បង្គោល​ព្រំដែន ហើយ​វា​មិនទាន់​ច្បាស់​ថា ទិស​ដី​របស់​គាត់​នៅ​ត្រង់​កន្លែង​ណាៗ ហើយ​ពលរដ្ឋ​អះអាង​មិន​ឲ្យ​បោះ​បង្គោល ក៏​កើត​រឿង​បិទ​ផ្លូវ​ជាតិ​អ៊ីចឹង​ទៅ»

​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​នេះ អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ ៥ ជា​ថ្មី​ទៀត នៅ​ថ្ងៃ​អនាគត បើ​អាជ្ញាធរ​គេច​មិន​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​ងាក​ទៅ​គាំទ្រ​ក្រុមហ៊ុន​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។