ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ ជាង ១០០នាក់ បាននាំគ្នាសម្រុកចូលទៅតំបន់ការដ្ឋានក្រុមហ៊ុនកូរ៉េ ឈ្មោះ ស៊ីង ដាយអូទិច (Think Biotic) ក្នុងគោលបំណងដើម្បីទប់ស្កាត់មិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនបញ្ឈប់ឈូសឆាយនៅលើដីចម្ការរបស់ពួកគាត់នៅថ្ងៃទី២៦ ឧសភា។
ប្រជាពលរដ្ឋឈ្មោះ សំ ណូ បានអះអាងថា មូលហេតុដែលប្រជាពលរដ្ឋបាននាំគ្នាសម្រុកចូលទៅការដ្ឋានក្រុមហ៊ុននេះ ដោយសារតែកន្លងមកខាងអាជ្ញាធរឃុំ ស្រុក និងខែត្រ សន្យាថា ដោះស្រាយជូនមិនឲ្យក្រុមហ៊ុនចូលឈូសឆាយដីចម្ការវិលជុំ និងដីស្រែរបស់ពួកគាត់ តែមកទល់ពេលនេះ គ្មានលទ្ធផលនោះឡើយ ហើយក្រុមហ៊ុននៅតែធ្វើសកម្មភាពឈូសឆាយដីរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។
ប្រភពបានអះអាងថា ក្រុមហ៊ុន កូរ៉េ ស៊ីង ដាយអូទិច បានចុះទៅធ្វើសកម្មភាពឈូសឆាយដីព្រៃនៅខែត្រក្រចេះ នៅចុងឆ្នាំ២០១២ ដែលក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង ២ម៉ឺនហិកតារ ដើម្បីដាំដើមអាកាស្យា។
មេឃុំកំពង់ចាម លោក ឈិត ណន ដែលលោកបានចុះទៅជួបប្រជាពលរដ្ឋក្នុងគោលបំណងឲ្យប្រជាពលរដ្ឋវិលទៅផ្ទះវិញនោះ លោកមានប្រសាសន៍ថា ដីនៅក្នុងឃុំរបស់លោកដែលត្រូវក្រុមហ៊ុនឈូសឆាយនោះ ប្រមាណជា ៥ពាន់ហិកតារ។ ដោយឡែកដីជាងមួយម៉ឺនហិកតារទៀត គឺស្ថិតនៅក្នុងឃុំផ្សេងទៀត។ លោកមេឃុំបញ្ជាក់ថា ក្រុមហ៊ុនឈូសឆាយប៉ះពាល់ដីអ្នកភូមិនោះ គឺក្រុមហ៊ុនឈូសធ្វើផ្លូវសម្រាប់ធ្វើដំណើរទេ។ ទោះបីជាយ៉ាងណា លោកមេឃុំក៏បានទទួលស្គាល់ដែរថា ក្រុមហ៊ុនបានឈូសឆាយដីប៉ះពាល់លើដីប្រជាពលរដ្ឋនោះជាង ១០០គ្រួសារ។
យ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋចូលមិនដល់ការដ្ឋានក្រុមហ៊ុនដែលរក្សាទុកគ្រឿងចក្រជាច្រើនគ្រឿងនោះទេ ដោយកម្មករក្រុមហ៊ុនបានយករថយន្តដាក់បាំងបិទផ្លូវ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅបាន និងមានកម្លាំងសមត្ថកិច្ចទៅទប់ស្កាត់ផង។ ទោះជាយ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មិនដកថយទេ ពួកគាត់នឹងបោះតង់ស្នាក់នៅក្បែរការដ្ឋានក្រុមហ៊ុនរហូតដល់មានដំណោះស្រាយ។
ការតវ៉ារបស់អ្នកភូមិនេះ ក៏មានការចូលរួមពីបណ្ដាញការពារព្រៃឡង់មកពីខែត្រកំពង់ធំ ដែរ។ លោក ម៉ិញ នី ជាបណ្ដាញការពារព្រៃឡង់ នៅខែត្រកំពង់ធំ។ លោកបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនឈូសឆាយដីប៉ះលើដីអ្នកភូមិនោះ គឺក្រុមហ៊ុនបានឈូសឆាយដីនៅតំបន់ព្រៃឡង់ដែរ ដែលក្រុមហ៊ុននេះឈូសឆាយដីព្រៃមួយចំនួនជាប់ខែត្រស្ទឹងត្រែង ភ្ជាប់មកខែត្រក្រចេះ។
អនុប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ប្រជាពលរដ្ឋធ្លាប់បាននាំគ្នាមកដាក់ញត្តិដល់ទីក្រុងភ្នំពេញ ដែរកន្លងមក ដើម្បីរកដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្យ៉ាងទៀត នៅពេលក្រុមនិស្សិតចុះទៅវាស់វែងដីនោះ អាជ្ញាធរមូលដ្ឋានបានរារាំង ដោយគេចាត់ទុកថា ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់។
លោក ចាន់ សុវ៉េត បានសង្កត់ធ្ងន់ថា បញ្ហាជម្លោះដីធ្លីនៅឆ្នាំ២០១៣ នេះ មានប្រមាណជាង ៥០ករណី សុទ្ធតែជារឿងចាស់ ដែលក្រុមនិស្សិតរបស់រដ្ឋាភិបាលមិនវាស់វែងឲ្យពួកគាត់ ហើយជម្លោះបន្តមកដល់បច្ចុប្បន្ន។
របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក ចេញផ្សាយនៅដើមឆ្នាំ២០១៣ បានសរសេរថា នៅក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលបានផ្ដល់ ឬបម្រុងដីយ៉ាងតិចជាង ២,៦លានហិកតារ (២.៦៥៧.៤៧០ហិកតារ) ឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះកើន ១៦,៧ភាគរយ ច្រើនជាងកាលពីឆ្នាំ២០១១ ដែលមានជាង ២,២លានហិកតារ (២.២៧៦.៣៤៩ហិកតារ)។
គោលនយោបាយរបស់រដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជននេះ ត្រូវបានអង្គការសង្គមស៊ីវិលរកឃើញថា មិនមែនជាកត្តារុញច្រានឲ្យមានកំណើនសេដ្ឋកិច្ចនោះទេ តែធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
