ពលរដ្ឋប្រមាណ ៣០គ្រួសារនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពលរដ្ឋបារម្ភខ្លាចអាជ្ញាធរយកដីរបស់របស់ពួកគេទៅឱ្យអ្នកមានប្រាក់ ឬធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយសំអាងថា យកដីទាំងនោះទុកជាសម្បត្តិរដ្ឋ។
ការបារម្ភនេះ ក្រោយពេលដីរបស់ប្រជាពលរដ្ឋនៅឃុំបាក់ស្នា នៅចំណុចក្បាលទឹក ក្នុងឃុំក្រយា ស្រុកសន្ទុក ប្រមាណ ៦០ហិកតារ ត្រូវបានខាងរដ្ឋបាលព្រៃឈើ ស្រុកសន្ទុក រួមនឹងអាជ្ញាធរខេត្តសម្រេចយកដីនោះទុកសម្រាប់ដាំដើមក្រញូង ក្នុងទិវា រុក្ខកម្មអន្តរជាតិ។
ពលរដ្ឋទាមទារឱ្យអាជ្ញាធរចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ឬទៅតាមបទដ្ឋានច្បាប់ណាមួយឱ្យបានច្បាស់លាស់ ដែលធានាថា ដីដែលអាជ្ញាធរឈូសឆាយកន្លងមកនោះ គឺយកទៅបម្រើផលប្រយោជន៍រួម ទើបពលរដ្ឋយល់ព្រមបញ្ឈប់សកម្មភាពតវ៉ាទាមទារដីរបស់ខ្លួន និងប្រគល់ដីនោះឱ្យអាជ្ញាធរ។ ក៏ប៉ុន្តែបើអាជ្ញាធរមិនព្រមបញ្ជាក់ច្បាស់លាស់ទេ គឺពលរដ្ឋមិនព្រមបោះបង់ដីរបស់ខ្លួនធ្លាប់អាស្រ័យផលនោះឡើយ។
តំណាងពលរដ្ឋនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ដែលមានដីនៅឃុំក្រយា លោក អៀង ហៃ ឱ្យដឹងថា ពលរដ្ឋធ្លាប់អាស្រ័យលើដីនោះ តាំងពីឆ្នាំ២០១០។ លោកបន្តថា ដំបូងឡើយ អាជ្ញាធរប្រាប់ប្រជាពលរដ្ឋថា ត្រូវការដីប្រមាណជា ២០ហិកតារ សម្រាប់ដាំដើមក្រញូងឡើងវិញ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ នៅខែកក្កដា ខាងមុខក្នុងរុក្ខទិវា ប៉ុន្តែការឈូសឆាយគឺរហូតដល់ប្រមាណ ៦០ហិកតារ លើសពីចំនួនកំណត់ ទើបបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ៖ «ខ្ញុំប្រគល់ជូន ប៉ុន្តែសុំឱ្យរាជរដ្ឋាភិបាលធ្វើជាលាយលក្ខណ៍អក្សរ ឬច្បាប់ណាមួយឱ្យច្បាស់លាស់ដើម្បីបង្ហាញប្រជាពលរដ្ឋគ្រប់ៗគ្នា»។
តំណាងពលរដ្ឋដដែល ឱ្យដឹងទៀតថា ក្រៅពីឈូសឆាយប៉ះពាល់ដីពលរដ្ឋធ្លាប់កាន់កាប់ហើយ អាជ្ញាធរថែមទាំងគំរាមពួកគាត់មិនឱ្យតវ៉ា និងមិនឱ្យចូលដាំដំណាំលើដីរបស់ខ្លួនឡើយ។ ជាងនេះទៀត ពលរដ្ឋបារម្ភថា ខ្លាចក្រែងតែដីរបស់ពួកគាត់ទាំងនោះនឹងធ្លាក់ចូលដៃអ្នកមានប្រាក់ ឬអាជ្ញាធរទៅវិញទេ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកសន្ទុក លោក ពេជ សុធា មានប្រសាសន៍ថា ដីដែលពលរដ្ឋតវ៉ា គឺជាដីបម្រុងទុករបស់រដ្ឋបាលព្រៃឈើសម្រាប់ដាំដើមឈើឡើងវិញ ប៉ុន្តែមានពលរដ្ឋភាគច្រើននាំគ្នាចូលកាន់កាប់ក្រោយបទបញ្ជាសូន្យមួយរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា ស្របពេលខាងរដ្ឋបាលព្រៃឈើកំណត់យកដីតំបន់នោះសម្រាប់ដាំដើមក្រញូង ខាងអាជ្ញាធរខេត្តក៏ឯកភាពឱ្យឈូសឆាយដី ៤៨ហិកតារ។ តែយ៉ាងណា អាជ្ញាធរខេត្ត និងស្រុកកំពុងដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់ទាំងនោះ៖ «និយាយចំការប៉ះពាល់ប្រជាពលរដ្ឋហ្នឹងគឺយើងខិតខំណាស់ដើម្បីដោះស្រាយ យើងមិនចង់ឱ្យមានបញ្ហាជាមួយប្រជាពលរដ្ឋទេ»។
អភិបាលស្រុកដដែលបញ្ជាក់ថា ការឈូសឆាយដីគឺពុំមែនផ្ដល់ប្រយោជន៍ដល់ជនណាម្នាក់ឡើយ ប៉ុន្តែជាផលប្រយោជន៍រួម ពីព្រោះជាទីតាំងសម្រាប់ដាំដើមឈើឡើងវិញ។
ទាក់ទងបញ្ហានេះ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ ដែលបានទទួលពាក្យបណ្ដឹងពីពលរដ្ឋ លោក សុខ ប៉េងសេង ក៏បារម្ភខ្លាចក្រែងតែដីនោះ ធ្លាក់លើដៃអាជ្ញាធរ ពិសេសមន្ត្រីជំនាញផ្នែកព្រៃឈើ ពីព្រោះលោកឆ្ងល់ថា ដីសម្រាប់ដាំដើមឈើឡើងវិញ គឺមាននៅតំបន់ផ្សេងៗ ហេតុអ្វីបានជាអាជ្ញាធរសម្រេចយកដីដែលពលរដ្ឋធ្លាប់អាស្រ័យផលទៅវិញ។
យ៉ាងណាលោកស្នើឱ្យអាជ្ញាធរគិតគូរដោះស្រាយជូនពលរដ្ឋឱ្យបានសមរម្យ ព្រោះពលរដ្ឋគឺរស់នៅពឹងអាស្រ័យលើដីស្រែចម្ការ ប្រសិនបើគ្មានដី ពួកគេប្រាកដជាពិបាកជាក់ជាមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
