ប្រជាពលរដ្ឋជាច្រើនភូមិ នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បានសម្ដែងនូវក្ដីព្រួយបារម្ភចំពោះសកម្មភាពរបស់កងទាហានវៀតណាម ដែលបានមកតាំងទីមូលដ្ឋាននៅលើដីចម្ការរបស់ពួកគាត់ដែលមានចម្ងាយជាងមួយគីឡូម៉ែត្រពីបង្គោលព្រំដែនលេខ ១១៤។
ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ដីនោះជាដីកេររបស់ពួកគាត់តាំងពីមិនទាន់មានការបោះបង្គោលព្រំដែនជាផ្លូវការមកម្ល៉េះ ក៏ប៉ុន្តែនៅឆ្នាំ២០១២ គណៈកម្មាធិការព្រំដែនបានបោះបង្គោលព្រំដែនកំណត់រវាងដែនដីកម្ពុជា និងវៀតណាម ប៉ុន្តែចាប់ពីក្រោយបោះបង្គោលព្រំដែនរួច ប្រជាពលរដ្ឋខ្មែរនៅតែមិនអាចទៅធ្វើចម្ការនៅលើដីរបស់ពួកគាត់បានដដែល ពីព្រោះទាហានវៀតណាម នៅតែបន្តមកបោះទីតាំងនៅតំបន់នោះ ពិសេសមកចងអង្រឹងដេកនៅក្នុងចម្ការកៅស៊ូរបស់ខ្មែរថែមទៀត។
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក លោក នាង ទាន មានអាយុ ៥១ឆ្នាំ បានមានប្រសាសន៍ថា ទឹកដីនៅឃុំត្រពាំងផ្លុង ដែលកំពុងមានបញ្ហាជាមួយវៀតណាមនោះ គឺបន្តមានជាយូរណាស់មកហើយ។ ពីឆ្នាំ១៩៩៣ មក ប្រជាពលរដ្ឋជាច្រើនភូមិដែលមានដីធ្វើចម្ការនៅតំបន់នោះ មិនអាចចូលទៅធ្វើលើដីរបស់ពួកគាត់បានឡើយ ដោយមានការរារាំងពីសំណាក់ទាហានព្រំដែនវៀតណាម។
លោកបានបន្តទៀតថា កន្លែងនោះគេចាត់ទុកថាជាតំបន់ស ដោយមិនទាន់មានការបោះបង្គោលព្រំដែនច្បាស់លាស់ពីរដ្ឋាភិបាលទាំងសងខាង ទើបពួកគាត់ខកខានក្នុងការទៅបង្កបង្កើតផលលើដីរបស់ពួកគាត់ គឺរង់ចាំបោះបង្គោលរួចរាល់ជាមុនសិន។ រហូតដល់ឆ្នាំ២០១២ បង្គោលព្រំដែនត្រូវបានបោះ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះនៅតែមិនអាចទៅធ្វើចម្ការលើដីរបស់គាត់បានដដែល ហើយកងទាហានវៀតណាម នៅតែមានវត្តមានក្នុងចម្ការកៅស៊ូរបស់គាត់រហូតដល់មានការបាញ់គំរាមប្រជាពលរដ្ឋមិនឱ្យពួកគាត់ចូលទៅធ្វើចម្ការរបស់គាត់ទៀតផង។

លោក នាង ទាន៖ «ដល់ពេលប្រជាពលរដ្ឋទៅធ្វើ បោះបង្គោលធំហើយហ្នឹង ទៅធ្វើថាព្រំដែនវៀតណាមខាងណេះ ព្រំដែនកម្ពុជាខាងណេះ ដល់ទៅធ្វើគាត់ដេញ ដល់គាត់ដេញចាំបុកបង្គោលតូច ចាំឱ្យធ្វើ ដល់ប្រជាពលរដ្ឋចូលធ្វើឆ្នាំណេះ លោកដេញរហូតបាញ់រត់ព្រាត។ បាទ! រត់ព្រាត! ដល់អ៊ីចឹងគាត់មិនសុខចិត្ត គាត់អាចប្ដឹងទៅអង្គការសហប្រជាជាតិ ឬក៏បងៗទាំងអស់គ្នាសិក្សាឱ្យបានច្បាស់ ថាគោហ្នឹង ហើយការងារសព្វថ្ងៃដែលគាត់ធ្វើហ្នឹង ដែលគេដេញណេះ តើវាដូចម៉េច ពិត ឬក៏អត់?»។
លោកបានសម្តែងការព្រួយបារម្ភជាខ្លាំងទៅនឹងសកម្មភាពរបស់កងទាហានវៀតណាម ដែលបានមកបោះទីតាំងលើដីចម្ការរបស់ពួកគាត់៖ «អញ្ជើញបងៗ អ្នកដែលការងារគ្រប់ប្រភេទនៅប្រទេសកម្ពុជា ឬក៏អ្នកសារព័ត៌មាន សូមមេត្តាជ្រាប ហើយមេត្តាជួយ ពីព្រោះប្រជាពលរដ្ឋយើងខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ បើសិនគាត់ដេញបញ្ឆោតដោយអត់ប្រដាប់អាវុធ ខ្ញុំមិនគោតក្រែងអីទេ តែគាត់ប្រើប្រដាប់អាវុធ ឱ្យយើងធ្វើម៉េច បើយើងដៃទទេនេះ? ហើយខ្ញុំម្យ៉ាងទៀតសោត នៅកណ្ដាលព្រៃ ខ្ញុំមកធ្វើផ្លូវដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា ដើម្បីទឹកដីយើង ប្រាប់ដូនតាយើងថា កុំតូចចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំដៃទទេ ធ្វើវៀតណាមមិនឈ្នះ ព្រោះគេអាវុធ»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំដដែល អ្នកស្រី ហែម សុវណ្ណ ដែលមានអាយុ ៦៤ឆ្នាំ បានសម្តែងអារម្មណ៍ហួសចិត្តនៅពេលដែលគាត់ឃើញទាហានវៀតណាម មកចងអង្រឹងដេកធ្វើព្រងើយនៅក្នុងដីចម្ការកៅស៊ូរបស់ខ្មែរ៖ «អើ! ជួយមើលការខុសត្រូវព្រំដែនយើង អាយួនហ្នឹងណា ឱ្យដកយួនចេញមើល៍ ព្រោះអីក្នុងព្រៃកៅស៊ូខ្មែរសោះវាមកចងអង្រឹងដេក។ ក្មួយឯងគិតមើល តើខ្ញុំជាខ្មែរសាមញ្ញហ្នឹងតូចចិត្តប៉ុណ្ណាទៅ? បើអាជ្ញាធរព្រំដែនធ្វើរំភើយ ដេកចាំយកតែលុយខ្មែរដឹកដំឡូងទៅវៀតណាម។ ខ្ញុំហួសចិត្តហើយក្មួយ ខ្ញុំអាយុ ៦៤ឆ្នាំ ធ្វើចម្ការអស់នេះមិនដែលឃើញអាយួនហ្នឹងចូលមកទេ នេះទើបតែឆ្នាំ២០១៣ ឃើញយួនចងអង្រឹងនៅលើដីខ្មែរ យកដីខ្ញុំថាជាតំបន់ដីស។ ដល់ចុងក្រោយវាដឹកដំឡូង វាយកកម្មករវាមកបាញ់ថ្នាំកែកាប់ ដល់ខ្ញុំទៅប្ដឹងដល់ថ្នាក់ពិការជើង»។
ប្រជាពលរដ្ឋមួយរូបទៀត លោក ញឹក ចាន់ធឿន ក៏បានសម្ដែងការមិនពេញចិត្តទៅនឹងភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដោយឱ្យទាហានវៀតណាម ចូលមកដីខ្មែរដោយគ្មានការហាមឃាត់៖ «ដែលមានព្រំដែន កាលពីមុនរដ្ឋាភិបាលថា មិនទាន់បោះបង្គោលព្រំដែនហើយ ថាមិនអាចធ្វើបាន ប៉ុន្តែដល់ពេលបោះបង្គោលព្រំដែនហើយ ប្រជាពលរដ្ឋខ្ញុំនេះ បែរជាធ្វើមិនបាន ហ្នឹងដែលជាកត្តាសំខាន់។ តើការបោះបង្គោលព្រំដែនរួចហើយហ្នឹង តើវៀតណាម ដែលរស់នៅក្នុងចម្ការកៅស៊ូដូចមកយាម ដែលជាចម្ការកៅស៊ូកម្ពុជានេះ ហើយមកដេកយាមនៅទីហ្នឹងនេះ សួរថា តើរដ្ឋាភិបាលគាត់គិតយ៉ាងណាបានជាហ៊ានបណ្ដោយឱ្យវៀតណាម ដែលជាជនក្រៅប្រទេសនេះ មកជាន់ឈ្លីទឹកដីកម្ពុជា?»។

លោក ចាន់ ធឿន មានក្ដីបារម្ភជាខ្លាំងទៅនឹងការបាត់បង់ដីបន្តិចម្តងៗរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនទៅលើប្រទេសវៀតណាម ប្រសិនបើរាជរដ្ឋាភិបាលមិនចាត់វិធានការឱ្យច្បាស់លាស់នោះទេ។
វិទ្យុអាស៊ីសេរី បានចុះទៅដល់កន្លែងព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ក៏បានឃើញមានកងទាហានវៀតណាម ប្រមាណជា ៥ ទៅ ៦នាក់ ដែលបានចងអង្រឹងដេកនៅក្នុងដីចម្ការកៅស៊ូរបស់ខ្មែរ មានចម្ងាយប្រមាណជាជាង ១គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ ១១៤។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីទាហានវៀតណាម ទាំងនោះបានទេ កាលពីថ្ងៃ៥ វិច្ឆិកា ដោយសារពួកគាត់និយាយភាសាវៀតណាម។ ប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា ពួកទាហានវៀតណាម ទាំងនោះ ភាគច្រើនអាចនិយាយភាសាខ្មែរបាន ប៉ុន្តែពួកគេមិនចង់និយាយបកស្រាយអ្វីទាំងអស់។ នៅថ្ងៃដដែលនោះ កងទាហានវៀតណាម ក៏បានរើសម្ភារៈនិងស្រាយអង្រឹងចេញទៅទឹកដីរបស់ពួកគេវិញ បន្ទាប់ពីដឹងថា មានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកកាសែតបានចុះទៅដល់ទីនោះ។ ក៏ប៉ុន្តែប្រជាពលរដ្ឋបានឱ្យដឹងទៀតថា នៅរសៀលម៉ោង ៣ថ្ងៃ ទី៥ វិច្ឆិកា ដដែល ទាហានទាំងនោះបានត្រឡប់មកវិញ និងមានបក្ខពួកជាច្រើនមកជាមួយថែមទៀត។
មេឃុំត្រពាំងផ្លុង លោក ហែម ហៀម បានមានប្រសាសន៍នៅថ្ងៃទី៥ វិច្ឆិកា ថា លោកពិតជាបានដឹងពីបញ្ហាកងទាហានវៀតណាម មកនៅតាមព្រំដែននោះមែន គឺតាមរយៈបណ្ដឹងរបស់ប្រជាពលរដ្ឋ ហើយលោកក៏បានដឹងពីការផ្ទុះអាវុធកាលពីឆ្នាំ២០១២ ប៉ុន្តែលោកមិនដឹងច្បាស់ថា តើភាគីខាងណាជាអ្នកបាញ់នោះទេ។ លោកក៏បានបញ្ជាក់ថា កន្លែងនោះពីមុនមកគេហៅថា តំបន់សមែន ពេលដែលមិនទាន់បោះបង្គោលព្រំដែន ដោយប្រជាពលរដ្ឋខ្មែរក៏មិនអាចធ្វើអ្វីនៅតំបន់នោះបាន ហើយវៀតណាមក៏មិនអាចធ្វើអ្វីបានដូចគ្នា។
លោកបន្តថា លោកគ្រាន់តែជាអ្នកដឹងពីបញ្ហានោះ ហើយគ្រាន់ជាអ្នកជួយសម្របសម្រួលប្រជាពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែមិនអាចសម្រេចអ្វីធំដុំនោះបានទេ គឺទុកឱ្យថ្នាក់ជាតិជាអ្នកសម្រេច៖ «ប្រជាពលរដ្ឋតែងតែប្ដឹងហូរហែមកហ្នឹង ហៅថាកន្លែងហ្នឹងទម្លាប់ដែលយើងមិនទាន់បោះបង្គោលព្រំដែនអីច្បាស់លាស់។ ដូច្នេះ រដ្ឋាភិបាលយើងទាំងពីរសហការគ្នាបោះបង្គោល ហើយគេរង់ចាំការបោះបង្គោលហើយហ្នឹង ខាងណោះដីវៀតណាម ឱ្យវៀតណាម ខាងណេះដីខ្មែរឱ្យខ្មែរយើង អាហ្នឹងខ្ញុំដឹងបានប៉ុណ្ណឹងទេ។ ហើយមានការសហការរហូតមានការបោះបង្គោលអាធំ និងបង្គោលអាតូច អា ១០០ម៉ែត្រមួយ។ អ៊ីចឹងគេរង់ចាំថា អាហ្នឹងតំបន់សសិន បើថាដីខ្មែរយើងហើយ គេប្រគល់ឱ្យយើង។ បើខាងណេះវៀតណាមច្បាស់លាស់ខាងលើ ច្បាស់លាស់ខាងណាហើយ យើងអនុវត្តតាមខាងលើ»។
ចំណែកអភិបាលស្រុកពញាក្រែក លោក ឡុង ធឿន បានបដិសេធចំពោះវត្តមានរបស់កងទ័ពវៀតណាម នៅលើទឹកដីឃុំត្រពាំងផ្លុង នោះ ក៏ប៉ុន្តែប្រសិនបើមានរឿងបែបហ្នឹងមែន លោកថានឹងចាត់វិធានការជាបន្ទាន់៖ «បាទ! អត់ធ្លាប់មាន ហើយមិនដែលមានតែម្ដង។ បើសិនជាលោកខាងហ្នុងដឹងមុនខ្ញុំម៉េចមិនដឹងទេណា តែបើសិនមានខ្ញុំនឹងចាត់ទៅមើលទៀតឥឡូវហ្នឹង»។
មន្ត្រីផ្នែកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក ប៊ូ វរៈ មានប្រសាសន៍ថា បញ្ហានៅតំបន់នោះ គឺជាបញ្ហារ៉ាំរ៉ៃរវាងប្រជាជាតិទាំងពីរ ដូចនេះ គប្បីអាជ្ញាធរដែលពាក់ព័ន្ធ ទាំងស្ថាប័នថ្នាក់ជាតិ និងស្ថាប័នក្រោមជាតិ ធ្វើការដោះស្រាយបញ្ហានោះឱ្យបានឆាប់រហ័ស ជៀសវាងការអូសបន្លាយបញ្ហានេះតទៅទៀត ដើម្បីធានាបាននូវការគោរពបូរណភាពដែនដីរបស់ប្រទេសទាំងពីរ។
លោក ប៊ូ វរៈ៖ «បើតាមខ្ញុំចាំកន្លងមកកំពង់ចាម និងតៃនិញ ជាខេត្តសម្ព័ន្ធមិត្ត អ៊ីចឹងមានការដោះស្រាយគួរដោះស្រាយទៅ ព្រោះវាយូរហើយ វារ៉ាំរ៉ៃ ក្លាយជាទំនាស់ប្រវត្តិសាស្ត្រហើយ។ អ៊ីចឹងអាជ្ញាធរទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ គួរដោះស្រាយឱ្យបានសមស្រប ទោះបីជាការបោះបង្គោលហ្នឹងមិនទាន់ចប់សព្វគ្រប់ក៏ដោយ ក៏យើងត្រូវមានការហាមឃាត់ពីភាគីទាំងសងខាង កុំឱ្យមានការបាញ់បោះ មានជម្លោះអីកើតឡើង ពីព្រោះកម្ពុជា យើងមិនដែលថា មិនរងគ្រោះទេ គឺនៅពេលដែលរឿងកើតឡើង កម្ពុជាជាអ្នករងគ្រោះរហូត»។
លោកបន្តថា បញ្ហាព្រំដែនរវាងប្រទេសជិតខាង គឺជាបញ្ហាក្តៅគគុក ដែលរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ គប្បីធ្វើការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រមួយនេះឱ្យបានដាច់ស្រេច ពីព្រោះជៀសវាងការបង្កឱ្យមានជម្លោះនឹងគ្នា និងដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសភូមិផងរបងជាមួយឱ្យបានល្អប្រសើរទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។