អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​នឹង​ផ្លាស់​ទី​លំនៅ​ពលរដ្ឋ​ជាង​២០០​គ្រួសារ​ទៅ​ទីតាំង​ថ្មី

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង នឹង​ផ្លាស់ទី​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​ចំណី​មាត់​ទន្លេ​ក្នុង​ភូមិ​ចុងកោះ ជាង ២០០​ខ្នង​ផ្ទះ ដើម្បី​រស់​នៅ​លើ​ទីតាំង​ថ្មី​ទាំង​អស់​​នៅ​ចុង​ខែ​កុម្ភៈ ឬ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ។

អ្នក​ភូមិ​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​ច្រាំង​ទន្លេ​នេះ​ទេ ប៉ុន្តែ​ពួកគេ​ខ្លះ​ពុំ​មាន​លទ្ធភាព​រុះរើ ឬ​ជួសជុល​ផ្ទះ និង​រក​ប្រាក់​បង់​រំលស់​​ថ្លៃ​ចាក់​ដី ១​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​មួយ​ប្លង់​រស់​នៅ​នោះ​ទេ។

ពលរដ្ឋ​ខ្មែរ និង​ចាម ខ្លះ​កំពុង​អល់អែក​រុះរើ​ផ្ទះសម្បែង​របស់​ខ្លួន​ចេញ​ពី​លើ​ដី​ចំណី​មាត់​ទន្លេ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា ពលរដ្ឋ​ណា​ដែល​ទទួល​យក​ដី​រស់​នៅ​កន្លែង​ថ្មី​ពី​អាជ្ញាធរ​ដោយ​ឥត​គិត​ថ្លៃ​នោះ នឹង​មិន​ទទួល​បាន​សំណង​រុះរើ​ផ្ទះ​តាម​កិច្ច​សន្យា​ដែល​បាន​ធ្វើ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ នោះ​ទេ។ ពួកគេ​មាន​លទ្ធភាព​តិចតួច​ណាស់​ដែល​ត្រូវ​ចំណាយ​លុយ​រុះរើ​ផ្ទះ​ផង និង​បង់​រំលស់​​ថ្លៃ​ចាក់​ដី​ផង។

អ្នក​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ចាម ៩​នាក់​ផ្សេង​ទៀត កំពុង​ឈរ​ជជែក​គ្នា​ពី​បញ្ហា​ជីវភាព និង​ការ​ឈឺ​ថ្កាត់​ផ្សេងៗ លោកស្រី ម៉ាត់ អាស៊ី មាន​ប្រសាសន៍​ថា គ្រួសារ​គាត់ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ខកចិត្ត​ពេល​ឮ​ថា អាជ្ញាធរ​មិន​ផ្ដល់​សំណង​ថ្លៃ​រុះរើ​ផ្ទះ​ចេញ​ពី​មាត់​ទន្លេ​ទៅ​រស់​នៅ​កន្លែង​ថ្មី។

លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ពិចារណា​ផ្ដល់​សំណង​ខ្លះ​ដល់​ពលរដ្ឋ​ដើម្បី​រុះ​ផ្ទះ​ចេញ៖ «ឯកឧត្ដម​ចង់​បាន​ដី​ហ្នឹង ខ្ញុំ​យល់​ព្រម​ចេញ ប៉ុន្តែ​ខ្ញុំ (សុំ) សំណង​រុះរើ ៧០០​ដុល្លារ។ អា​នេះ​សំណង​ក៏​មិន​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​បង់​ដី​រំលោះ​ទៀត (ថ្លៃ​ចាក់​ដី) ហើយ​ខ្ញុំ​មាន​លទ្ធភាព​ណា។ ជួយ​គិតគូរ​ខ្ញុំ​ផង ពួក​ខ្ញុំ​ក្រីក្រ​ណាស់ អត់​មាន​លទ្ធភាព​ទេ ព្រោះ​ខ្ញុំ​រកស៊ី​បាន​ព្រឹក​ខ្វះ​ល្ងាច»

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចំពោះ​ពលរដ្ឋ​ណា​ទទួល​យក​ដី​គោលនយោបាយ​ដែល​អាជ្ញាធរ​ទិញ​ឲ្យ ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​ចេញ​ថ្លៃ​ចាក់​ដី​មួយ​ពាន់​ដុល្លារ​អាច​មាន​ពេល​បង់​រំលស់​រយៈ​ពេល​ពីរ​ឆ្នាំ​នោះ នឹង​មិន​បាន​សំណង​រុះរើ​ផ្ទះ​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ឡើយ។ សំណង​ថ្លៃ​រុះរើ​ផ្ទះ​ដែល​អាជ្ញាធរ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ពលរដ្ឋ​រួច​ហើយ​នោះ មាន​តម្លៃ​ចន្លោះ​ពី ៧០០ ទៅ ១.៣០០​ដុល្លារ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ទីន កូប ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​ចាស់​ណាស់​ទៅ​ហើយ បើ​រុះរើ​នឹង​បាក់បែក ហើយ​ត្រូវ​ការ​ប្រាក់​ច្រើន​ដើម្បី​ទិញ​ឈើ ឬ​គ្រឿង​បន្លាស់​ផ្សេងៗ​មក​ដូរ ទើប​អាច​រស់​នៅ​បាន។

មុខ​របរ​នេសាទ​របស់​លោក​បច្ចុប្បន្ន​គ្រាន់​តែ​សន្សំ​បង់​រំលោះ​ថ្លៃ​ចាក់​ដី​ក៏​លំបាក​ផង៖ «បណ្ដែត​មង​នេះ​មិន​សូវ​បាន​ទេ​បង​អើយ! ពេល​មង​ធ្វើ​ហើយ​ថ្មី​យក​ទៅ​ដល់​ដាក់​តែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​រហែក​ខ្ទេច អ៊ីចឹង​ទៅ​ចាប់​ផ្ដើម​ទៅ​ចង​ការ​ប្រាក់​គេ​យក​មក​ធ្វើ​មង​បន្ត​ទៀត ប៉ុន្តែ​កន្លែង​បង់​រំលស់​ហ្នឹង ១.០០០ អាច​រត់​រួច​រយៈ​ពេល​ពីរ​ឆ្នាំ​នោះ យើង​ឆ្លៀត​ទៅ​ណា។ ដល់​ពេល​ឥឡូវ​នេះ តម្លៃ​ដី​មួយ​ពាន់​ហ្នឹង គឺ​អា ៧០០​ដុល្លារ​ហ្នឹង​ក៏​អត់​ដែរ ដល់​អ៊ីចឹង​ខ្ញុំ​ថា អ៊ីចឹង​ថ្លៃ​ដី​ហ្នឹង​វា ១.៧០០​បាត់​ហើយ»

ក្រុម​ពលរដ្ឋ​ថា ពួកគេ​មិន​ដឹង​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី​នៅ​ថ្ងៃ​ណា​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​បី​សំខាន់ គឺ​ទី​មួយ ខ្ចី​ប្រាក់​ធនាគារ​ធ្វើ​ដើម​ទុន​រក​ស៊ី ឬ​ទិញ​ឧបករណ៍​នេសាទ​លែង​បាន​ដោយ​ស្ថានភាព​ផ្ទះ​ត្រូវ​រុះរើ ទីពីរ​ដី​ដែល​ត្រូវ​ទទួល​បាន​នោះ​ឋិត​នៅ​ឆ្ងាយ​ពី​ផ្សារ និង​បញ្ហា​ទី​បី សំណង​រុះរើ​ផ្ទះ​ដែល​អាជ្ញាធរ​ធ្លាប់​សន្យា​ថា​ឲ្យ​នោះ ក៏​លែង​បាន​ទៀត​ទើប​អ្នក​ភូមិ​ជា​ច្រើន​កំពុង​អល់អែក​ចិត្ត។

ពលរដ្ឋ​ចាម រស់​នៅ​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង លោកស្រី ម៉ាត់ អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រុះរើ​ផ្ទះសម្បែង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ពលរដ្ឋ​ទាំង ២១០​ខ្នង​ផ្ទះ កំពុង​រស់​នៅ​លើ​ដី​ចំណី​មាត់​ទន្លេ​ខុស​ច្បាប់ ហើយ​ពុំ​មាន​ភាព​រឹងមាំ​ក្នុង​ការ​ខ្ចី​បុល​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​នោះ​ទេ បើ​ទោះ​បី​ជា​គ្រឹះស្ថាន​ខ្លះ​ពិនិត្យ​មើល​លើ​មុខ​របរ​ជា​ជាង​ផ្ទះ​សម្បែង ឬ​ដីធ្លី​របស់​អ្នក​ខ្ចី។ ប៉ុន្តែ​បើ​ទៅ​កន្លែង​ថ្មី​មាន​ភាព​ប្រសើរ​សព្វ​បែប​យ៉ាង៖ «ប៉ុន្តែ​បើ​គាត់​ទៅ​ទីនោះ ទី​មួយ​គាត់​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​បើ​គាត់​ខ្ចី​លុយ​ខាង​នោះ​បាន គាត់​ខ្ចី​លុយ​បាន​កាន់​តែ​ច្រើន ដោយសារ​គាត់​មាន​ប្លង់​កម្មសិទ្ធិ ហើយ​គាត់​មាន​មុខរបរ​ផង។ ការ​រស់នៅ​ទី​នោះ​មាន​បរិស្ថាន​ល្អ គឺ​មាន​ទឹក​ស្អាត អគ្គិសនី ផ្លូវ​ថ្នល់ ហើយ​ក៏​តំបន់​ជាប់​ផ្សារ បើ​គិត​ពី​ផ្សារ​ទៅ​រំលង​មួយ​ថ្នល់»

ជំហាន​ដំបូង​អាជ្ញាធរ និង​វិស័យ​ឯកជន តម្រូវ​ឲ្យ​ពលរដ្ឋ​ទិញ​ដី​រស់​នៅ​កន្លែង​ថ្មី​ក្នុង​តម្លៃ​បី​ពាន់ ទៅ​ជាង បី​ពាន់​ដុល្លារ ក្នុង​មួយ​ប្លង់ ដើម្បី​រស់​នៅ។ ប៉ុន្តែ​ពលរដ្ឋ​ពុំ​មាន​លទ្ធភាព​ទិញ ទើប​អាជ្ញាធរ​សម្រេច​ទិញ​ដី​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ដែល​មួយ​ប្លង់​មាន​ទំហំ​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ។ ពលរដ្ឋ​គ្រាន់​តែ​ចេញ​ថ្លៃ​ចាក់​ដី​ចំនួន​មួយ​ពាន់​ដុល្លារ​ជា​ការ​ស្រេច ហើយ​មាន​ពេល​បង់​រំលស់​ពីរ​ឆ្នាំ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​រៀបចំ​សណ្ដាប់​ធ្នាប់ និង​អភិវឌ្ឍ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ដោយ​ប្រើ​រយៈ​ពេល ៥​ឆ្នាំ គិត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩។ គម្រោង​នេះ​បាន​អនុម័ត​ឲ្យ​អនុវត្ត​ដោយ​ក្រុម​ប្រឹក្សា​ខេត្ត ហើយ​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​គម្រោង​ធ្លាប់​អះអាង​ថា គ្រប់​ផ្ទះ​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​រុះរើ​ដោយ​ពុំ​មាន​សំណង ឬ​គោលនយោបាយ​ដោះដូរ​នោះ​ទេ ត្បិត​ផ្ទះ​មួយ​ចំនួន​តាម​មាត់​ទន្លេ​មិន​ស្របច្បាប់។

តាម​គម្រោង អាជ្ញាធរ​សហការ​ជាមួយ​វិស័យ​ឯកជន នឹង​ធ្វើ​សួនច្បារ និង​ជើងទេរ​មាត់​ទន្លេ​ប្រវែង​ជិត ពីរ​គីឡូម៉ែត្រ (១.៧០០) ចាប់​ពី​មុខ​វត្ត​យាយទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ឋិត​នៅ​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង។ គម្រោង​នេះ បាន​ប៉ះពាល់​ដល់​តូប​លក់ដូរ​អាជីវករ​ចំនួន ២០៣​តូប ផ្ទះសម្បែង​ពលរដ្ឋ​ជាង ៣០០​ខ្នង។ ក្នុង​នោះ​មាន​ផ្ទះ​ខ្លះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ខ្លះ​ទៀត​ពុំ​មាន។

ច្បាប់​អស្សាមិករណ៍​ត្រង់​ជំពូក​១ មាត្រា​២ បាន​ធានា​ការ​ដក​សិទ្ធិ​ស្រប​ច្បាប់​លើ​កម្មសិទ្ធិ​ឯកជន​ដោយ​សមរម្យ និង​យុត្តិធម៌។ ច្បាប់​នេះ​ក៏​ធានា​ការ​ទូទាត់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌ ហើយ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ និង​ផល​ប្រយោជន៍​ជាតិ ដោយ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សាធារណៈ។

ត្រង់​ចំណុច​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ថា​ជំហាន​ទី​មួយ នៃ​ការ​ផ្លាស់ទី​នេះ នឹង​ធ្វើ​តែ​ទៅ​លើ​ពលរដ្ឋ​មាន​ផ្ទះ​ទយ​គូទ​ទៅ​ទន្លេ​ចំនួន ២១០​ខ្នង​សិន។ បច្ចុប្បន្ន​នៅ​សល់​តែ​ម្ចាស់​ផ្ទះ​ចំនួន ៦​ខ្នង​ទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម ២១០​គ្រួសារ ដែល​មិន​ព្រម​ផ្ដិត​មេដៃ​ថា​នឹង​ទទួល​យក​ដី ឬ​សំណង​ជា​ថវិកា​ដើម្បី​រុះរើ​ផ្ទះ​ចេញ ខណៈ​អាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​កន្លែង​ថ្មី​ជិត​រួច​ហើយ​នោះ៖ «អ្នក​ខ្លះ​មាន​ដី​នៅ​ជិតៗ​ហ្នឹង គាត់​ទិញ​ហើយ ហើយ​គាត់​អត់​ត្រូវ​ការ​ដី​ទៀត​ទេ គាត់​សុំ​ថវិកា​ហ្នឹង​ទៅ​រស់​នៅ​កន្លែង​ដី​របស់​គាត់​ថ្មី តែ​ដោយ​ឡែក​សម្រាប់​បងប្អូន​ណា​ដែល​អត់​យក​ថវិកា​ទេ ហើយ​សុំ​ជា​ដី​វិញ អា​ហ្នឹង​យើង​មាន​ឈ្មោះ​របស់​យើង»

លិខិត​មួយ​ច្បាប់​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចុះ​ហត្ថលេខា​ដោយ​លោក ឈួរ ច័ន្ទឌឿន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា បាន​ព្រមាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ដែល​លោក​ហៅ​ថា ជា​បុគ្គល​អគតិ​ភូតភរ​បោកប្រាស់។ ទន្ទឹម​គ្នា​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​អនុវត្ត​គោលការណ៍​អភិវឌ្ឍ​នេះ កុំ​ជឿ​លើ​ការ​ឃោសនា ឬ​បោក​កញ្ចោត​របស់​ជន​អគតិ។

ទោះ​ជា​យ៉ាង​ណា ចំពោះ​ការ​ផ្ដល់​សំណង​រុះរើ​ផ្ទះ ឬ​ដោះដូរ​ទីតាំង​រស់​នៅ​ថ្មី​នេះ អ្នក​ភូមិ​ចុងកោះ ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​នាំ​គ្នា​តវ៉ា​នៅ​សាលាបុណ្យ​ភូមិ​ចុងកោះ ម្ដង​ហើយ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៧។ ក្រោយ​ពី​សកម្មភាព​តវ៉ា​នោះ តំណាង​ពលរដ្ឋ​បី​នាក់ ត្រូវ​សមត្ថកិច្ច​កោះ​ហៅ​ទៅ​សាកសួរ​ដោយ​សង្ស័យ​ថា ជា​អ្នក​បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ ហើយ​ពលរដ្ឋ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។