ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរស់នៅខេត្តកំពង់ស្ពឺ បានជួបជុំគ្នានៅទីស្នាក់ការធំរបស់សមាគមអាដហុក (adhoc) ក្រុងភ្នំពេញ ដើម្បីស្នើឲ្យសមាគមនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យប្រគល់ដីដីកសិកម្មរបស់ពួកគាត់ ដែលក្រុមហ៊ុនរំលោភ យកមកអោយពួកគាត់ដើម្បីបានបង្កបង្កើនផលឡើងវិញ។
ប្រជាពលរដ្ឋចំនួន ៦០នាក់ ជាតំណាងឲ្យពលរដ្ឋចំនួន ២៥០គ្រួសារ មកពី ៣ភូមិ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដល់ការិយាល័យសមាគមអាដហុក និងស្នើឲ្យសមាគមនេះជួយអន្តរាគមន៍ ទាមទារយកដីកសិកម្មសរុបចំនួន ៩៥០ហិកតារ ដែលត្រូវក្រុមហ៊ុន ម៉ាស្ទើ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប (Master International Corporatoin Group Co., LTD) រំលោភយក។
ប្រជាពលរដ្ឋឲ្យដឹងថា ទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានខ្លួន បានកើតមានធ្ងន់ធ្ងរតាំងពីឆ្នាំ២០១០ ដោយក្រុមហ៊ុន ម៉ាស្ទើ រំលោភយក។ ពួកគាត់ធ្លាប់ដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ក្រសួងរៀបចំដែនដី ទីស្ដីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នមួយចំនួនទៀត ឲ្យជួយដោះស្រាយ ប៉ុន្តែគ្មានមន្ត្រីស្ថាប័នណាមួយចេញមុខជួយរកដំណោះស្រាយទេ។
ប្រជាពលរដ្ឋមកពីស្រុកភ្នំស្រួច បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍យកដីដែលក្រុមហ៊ុន ម៉ាស្ទើ រំលោភយក ប្រគល់ជូនពួកគាត់ធ្វើរបរកសិកម្ម ឬស្ទូងស្រូវរដូវវស្សាឆ្នាំនេះឡើងវិញ៖ «ខ្ញុំរស់នៅលើដីនេះតាំងពីសង្គម តាំងពីដូនតា និងមកដល់ឆ្នាំ១៩៧៩។ ជូនដំណឹងដល់លោកនាយករដ្ឋមន្ត្រីដែលគ្រប់គ្រងប្រទេសហ្នឹង សូមឲ្យលោកជួយដោះស្រាយរឿងដី ដែលក្រុមហ៊ុម ម៉ាស្ទើ រំលោភយក»។
សម្រាប់បុរសវ័យ ៧៨ឆ្នាំម្នាក់ឈ្មោះ គង់ សែម រស់នៅឃុំតាំងសំរោង ឲ្យដឹងថា ដីធ្លីកសិកម្មដែលក្រុមហ៊ុនរំលោភនោះ ពលរដ្ឋធ្លាប់ធ្វើស្រែចម្ការលើដីនោះតាំងពីដូនតា។ ជាងនេះ នៅក្រោយរបបខ្មែរក្រហមបានដួលរលំ ក៏ពួកគាត់មករស់នៅលើដីនោះជាបន្តបន្ទាប់។ បុរសវ័យចាស់រូបនេះ ថ្លែងទាំងក្រៀមក្រំថា មិនគួរដីធ្លីធ្លាប់បង្កបង្កើនផលរាប់សិបឆ្នាំ ជាកេរដូនតាបន្សល់ទុករហូតដល់រូបគាត់ ស្ទើរនឹងបាត់បង់ជីវិតទៅហើយនោះ ត្រូវក្រុមហ៊ុនរំលោភយក ហើយគ្មានអាជ្ញាធរជួយឈឺឆ្អាលបែបនេះសោះ៖ «ការពារតាំងពីម៉ែឪរហូតមកទេ។ ឆ្នាំ១៩៧៩ គេឲ្យកាន់កាប់ ឥឡូវគេឈូសរំលោភយកអស់តែម្តង។ ដីខ្ញុំគេថា បើកាលណាដីមានចឹង ច្រាំងគេទុកឲ្យ។ ទទួលឲ្យឆ្នាំហ្នឹង គេអត់ឃើញចឹង ច្រាំងគេពួយអស់ឈូសឆាយអស់»។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការសមាគមអាដហុក ព្រឹកថ្ងៃទី២៩ ខែឧសភា ពលរដ្ឋរងគ្រោះដីធ្លី ក៏បានលើកបង្ហាញរូបថតដីស្រែ ស្រូវ និងសន្ទូង ធ្លាប់បង្កបង្កើនផលកន្លងមកជូនដល់អ្នកសារព័ត៌មាន។
ទាក់ទិនបញ្ហានេះ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ថ្លែងថា ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ៣ភូមិ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ពលរដ្ឋរងគ្រោះទើបដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នេះទេ។ លោកបន្តថា ទំនាស់ដីធ្លីនេះកើតឡើងដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ជូនក្រុមហ៊ុនឯកជនដោយមិនបានសិក្សាពីផលប៉ះពាល់ជាមុននោះទេ៖ «លោកអ៊ំ គង់ សែម មានអាយុ ៧៨ឆ្នាំហើយមកដល់ពេលនេះ។ គាត់អះអាងថា ដីទាំងអស់នេះ គឺគាត់ធ្លាប់ធ្វើស្រែចម្ការតាំងពីឪពុកម្តាយគាត់។ អ៊ីចឹងដីនេះមិនក្រោមជិត ១០០ឆ្នាំទេនៃការគ្រប់គ្រងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះ។ អ៊ីចឹង យើងសួរថា តើការរំលោភដីរបៀបនេះ ហើយការដោះសាររបស់អាជ្ញាធរមួយចំនួន ដែលថាជាដីគម្របព្រៃ ហើយយកទៅឲ្យក្រុមហ៊ុននេះ ថាជាការត្រឹមត្រូវតាមនីតិវិធីច្បាប់ប៉ុណ្ណា?»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ម៉ាស្ទើ ដែលពលរដ្ឋចោទថាបានរំលោភយកដីធ្លីកសិកម្មចំនួន ៩៥០ហិកតារ នៅឃុំតាំងសំរោង បានទេ នៅរសៀលថ្ងៃទី២៩ ខែឧសភា។ ប៉ុន្តែ តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៨ បញ្ជាក់ថា ក្រុមហ៊ុន ម៉ាស្ទើ បានទទួលសិទ្ធិវិនិយោគស្របច្បាប់លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិឧស្សាហកម្ម ដាំដើមអាកាស្យា ដើមប្រេងខ្យល់ ដំឡូងមី និងស្វាយចន្ទី នៅលើផ្ទៃដី ៩៥០ហិកតារ មានទីតាំងនៅឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យ៉ាងនេះក្តី លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់ឲ្យដឹងថា ជម្លោះដីធ្លីដែលកើតមាននៅកម្ពុជា រាជរដ្ឋាភិបាលបានកែតម្រូវនូវចំណុចអសកម្មជាច្រើន ដើម្បីកាត់បន្ថយជម្លោះដីធ្លីឲ្យបានច្រើននាថ្ងៃអនាគត។ ក្នុងនោះ រដ្ឋាភិបាលបានលើកឡើងនូវគោលនយោបាយផ្សេងៗ មានដូចជា គោលនយោបាយចាស់សកម្មភាពថ្មី ដើម្បីដោះស្រាយវិវាទដីធ្លីនៅកម្ពុជា ជាដើម។ លោកថ្លែងថា រាជរដ្ឋាភិបាលរង់ចាំទទួលនូវគ្រប់ពាក្យបណ្ដឹងលើជម្លោះដីធ្លីពីប្រជាពលរដ្ឋ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។