ព្រះសង្ឃ​ខ្មែរ​ក្រោម​ចោទ​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​វត្ត​ទៅ​សាងសង់​ប៉ុស្តិ៍​យាម

ដោយ មាន ឫទ្ធិ
2017-12-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
ជនជាតិ​វៀតណាម កំពុង​សាងសង់​ប៉ុស្តិ៍​យាម​ក្នុង​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ហៅ​ខែត្រ​អាងយ៉ាង ទឹក​ដី​កម្ពុជា​ក្រោម។
Photo provided

ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ចោទ​អាជ្ញាធរ​វៀតណាម រំលោភ​យក​ដី​វត្ត​មួយ​កន្លែង​ទៅ​សាងសង់​ប៉ុស្តិ៍​យាម​ដោយ​គ្មាន​សុំ​ពី​ព្រះចៅ​អធិការ​វត្ត។ សង្គម​ស៊ីវិល​ហៅ​ការ​គំរាមកំហែង និង​ការ​រំលោភ​យក​ដី​វត្ត​ពី​អាជ្ញាធរ​វៀតណាម ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​បាន​សន្យា​ជាមួយ​អង្គការ​អន្តរជាតិ ថា​មិន​បំពាន​សិទ្ធិ​ជនជាតិ​ដើម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ហៅ​ការ​រំលោភ​យក​ដី​វត្ត​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ថា​ជា​ការ​ប្លន់​ដី​វត្ត​របស់​ពុទ្ធបរិស័ទ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា។ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ព្រះនាម ចៅ សារ៉ាត បាន​ប្រាប់​អាស៊ីសេរី ថា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ រដ្ឋាភិបាល​វៀតណាម បាន​គំរាម​ពុទ្ធបរិស័ទ​វត្ត​ទំពូងក្រោម ហៅ​វត្ត​ធម្មយុត្តិ ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ខែត្រ​អាងយ៉ាង ឲ្យ​ប្រគល់​ដី​វត្ត​ឲ្យ​អាជ្ញាធរ​ដើម្បី​ពួកគេ​ធ្វើ​ប៉ុស្តិ៍​ប៉ូលិស​យាម​នៅ​ទី​នោះ។ ព្រះសង្ឃ​ខ្មែរ​ក្រោម​រូប​នេះ​អះអាង​ថា បើទោះជា​ពុទ្ធ​បរិស័ទ និង​ព្រះចៅ​អធិការ​មិន​ព្រម​ប្រគល់ ក៏​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​រុះរើ​ទីតាំង​ក្នុង​វត្ត​ដើម្បី​ធ្វើ​ទីស្នាក់ការ​យាម​រួចរាល់​ហើយ៖ «»។

វត្ត​ទំពូង​ក្រោម ជា​វត្ត​ចំណាស់​ដែល​ស្ថិត​នៅ​ទី​ដាច់ស្រយាល​ក្នុង​ទឹកដី​វៀតណាម ខាង​ត្បូង។ វត្ត​នេះ​មាន​ព្រះវិហារ​១ សាលាឆាន់ និង​សាលា​ទទួល​ភ្ញៀវ​១ កុដិ​១ និង​បន្ទប់​ផ្ទះបាយ​សម្រាប់​ព្រះសង្ឃ និង​មាន​ផ្ទៃដី ២០​កុង ស្មើ ២​ហិកតារ។ បច្ចុប្បន្ន​វត្ត​នេះ​មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ៧​អង្គ។ ព្រះសង្ឃ​អះអាង​ថា កន្លង​មក​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំណុះ​ជើងវត្ត​ទំពូង​ក្រោម​នេះ តែង​រង​នូវ​ការ​គំរាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម មិន​ខុស​ពី​វត្ត​ដទៃ​ទៀត​ស្ថិត​ក្នុង​ដែនដី​កម្ពុជា​ក្រោម​នោះ​ទេ។

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ហៅ​សកម្មភាព​អាជ្ញាធរ​វៀតណាម រំលោភ​យក​ដី​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ថា​ជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​វៀតណាម បាន​យល់​ព្រម​ជាមួយ​អន្តរជាតិ ថា មិន​រំលោភ​លើ​សិទ្ធិ​របស់​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម​លើ​ទឹកដី​កម្ពុជា​ក្រោម។ លោក សឺន ជុំជួន រក​ឃើញ​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ វត្ត​ព្រះពុទ្ធសាសនា​ចំនួន​៣​ហើយ ដែល​រង​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​វៀតណាម៖ «»។

វត្ត​ទុំពូងក្រោម កម្ពុជា​ក្រោម ៦២២
ខ្លោងទ្វារ​វត្ត​ទុំពូងក្រោម ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​លឿងភី ស្រុង​ស្វាយទង ខែត្រ​មាត់ជ្រូក ឬ​ខែត្រ​អាងយ៉ាង ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។ Photo provided

លោក សឺន ជុំជួន មើល​ឃើញ​ថា កន្លង​មក​អាជ្ញាធរ​វៀតណាម តែង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​វត្ត​ព្រះពុទ្ធ​សាសនា របស់​ខ្មែរ​ក្រោម​ជាច្រើន និង​មាន​ពេល​ខ្លះ​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ត្រូវ​បង្ខំចិត្ត​រត់​មក​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា។

​កាល​​ពី​ពេល​កន្លង​ទៅ តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រធានាធិបតី​អាមេរិក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។

ទន្ទឹម​នឹង​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​គ្រោង​រៀបចំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២ នៅ​សប្ដាហ៍​ទី​២ ខែ​ធ្នូ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា (Florida) សហរដ្ឋអាមេរិក។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់​ឱ្យ​អាស៊ីសេរី ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំ​នេះ សហព័ន្ធ​នឹង​បូក​សរុប​សមិទ្ធផល​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ។

​ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​មហាសន្និបាត​ខ្មែរ​ក្រោម​យក​ចិត្ត​ទុក​ដាក់​អំពើ​រឿងរ៉ាវ ដែល​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​វត្ត​នៅ​កម្ពុជា​ក្រោម​ផង។ ព្រះតេជព្រះគុណ ចៅ សារ៉ាត បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ធ្នូ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទុំពូងក្រោម នឹង​ធ្វើ​ការ​តវ៉ា​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ទាមទារ​យក​ដី​វត្ត​ត្រឡប់​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Why HunSen keep quiet??

Dec 08, 2017 01:47 PM

គេហទំព័រ​ទាំងមូល