មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ

អង្គការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កោះកុង ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ដែល​តម្រូវ​ឱ្យ​ផ្លាស់​ប្ដូរ​លំនៅឋាន។ អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ការ​បណ្ដេញ​ចេញ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​​កាន់​តែ​ក្រីក្រ​ថែម​ទៀត​ បើ​សិន​ណា​គ្មាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​ទេ​នោះ។

0:00 / 0:00

អង្គការ​លីកាដូ (Licadho) បាន​រិះគន់​ដល់​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុម​ការងារ​ចម្រុះ​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​បុទុមសាគរ និង​គីរីសាគរ រុះ​រើ​ជា​បន្ទាន់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដែល​គេ​អះអាង​ថា ពលរដ្ឋ​ទាំង​នោះ​សង់​លើ​ដី​ក្រុមហ៊ុន​ចិន។

លោក​ អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង បាន​និយាយ​ថា ​ប្រការ​ដែល​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​បញ្ហា​ឱ្យ​ចប់​សព្វ​គ្រប់​មុន​ឱ្យ​ប្រជាជន​ចេញ​ពី​ទី​តាំង​ចាស់​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត ឬ​អាច​ឈាន​ដល់​​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​វិញ៖ «គឺ​ការ​ចេញ​លិខិត​ហ្នឹង​ជា​ការ​ចេញ​លិខិត​មិន​ស្រប​ច្បាប់ ព្រោះ​កិច្ច​ការងារ​របស់​គណៈកម្មការ​អន្តរក្រសួង គឺ​អត់​ត្រូវ​ចេញ​លិខិត​បណ្ដេញ​ប្រជាពលរដ្ឋ​ទេ គឺ​ត្រូវ​ដោះស្រាយ​រាល់​សំណូម​ពរ ឬ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​រាល់​ការ​ចេញ​លិខិត​ជូន​ដំណឹង​ហ្នឹង គឺ​ជា​ការ​អនុវត្ត​ខុស​តួនាទី​របស់​គាត់។ ការ​ចេញ​សេចក្ដី​ប្រកាស​ហ្នឹង គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន»

​​លោក ផាន់ អេង តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤០​គ្រួសារ​នៅ​ឃុំ​តានួន ស្រុក​បុទុមសាគរ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវឺឡុបមេន គ្រុប (Union Development Group) ដែល​ត្រូវ​បាន​អាជ្ញាធរ​ស្នើ​ឱ្យ​រុះ​រើ​លំនៅឋាន​ដែរ​នោះ​បាន​បញ្ជាក់​ថា សហគមន៍​លោក​នឹង​តស៊ូ​ដល់​ទី​បញ្ចប់​ ហើយ​ហ៊ាន​លះបង់​ដល់​ជីវិត​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​រដ្ឋាភិបាល។

លោក​ត្អូញត្អែរ​ថា លោក​មិន​អាច​រស់​នៅ​ទីតាំង​ថ្មី​បាន​ទេ ដោយសារ​តែ​ទី​នោះ​​គ្មាន​ហេដ្ឋារចនាសម្ពន្ធ​​គ្រប់គ្រាន់៖ «ឃុំ​ខ្ញុំ​ហ្នឹង​នៅ​តស៊ូ​ឱ្យ​ទាល់តែ​បាន​សម្រេច»

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០០៨ បាន​សម្រេច​ជួល​ដី​ចំនួន ៣.៦​ម៉ឺន​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវឺឡុបមេន ចំនួន ៩៩​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ធំ​មួយ​នៅ​ទី​នោះ​ឈ្មោះ ក្បាល​នាគ​៧ ហើយ​ក្រុមហ៊ុន​នឹង​ត្រូវ​អភិវឌ្ឍ​ចប់​ស្ថាពរ​ក្នុង​រយៈពេល ២០​ឆ្នាំ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។