ពលរដ្ឋ​នៅ​កោះកុង​ចោទ​ក្រុមហ៊ុន​ចិន​បន្ត​​ឈូស​ឆាយ​ផ្ទះ​និង​ផល​ដំណាំ​អ្នក​ភូមិ

0:00 / 0:00

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ចោទ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវឺឡុបមែន (Union Development Group Co., Ltd.) ឬ យូ.ឌី.ជី (UDG) ថា​បាន​បន្ត​ប្រើ​គ្រឿងចក្រ​លួច​ឆ្មក់​ឈូស​បំផ្លាញ​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជាង ១០​ខ្នង និង​ឈូស​បំផ្លាញ​ដំណាំ​កសិកម្ម​អស់​ជា​ច្រើន​ហិកតារ នៅ​ពេល​ពួកគាត់​ចេញ​ទៅ​នេសាទ​សមុទ្រ។

​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​គីរីសាគរ និង​ខេត្ត​កោះកុង ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន ដែល​រំលោភ​បំពាន​ផលប្រយោជន៍​ពួកគាត់​ទាំង​បំពាន​ដូច​ប្រទេស​គ្មាន​ច្បាប់។

ក្រុម​ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជិត ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​តទល់​នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ដែល​លួច​ឆ្មក់​ឈូស ឆាយ​បំផ្លាញ​ផ្ទះ និង​ផល​ដំណោះ​កសិកម្ម​ពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ពេល​ពលរដ្ឋ​ចេញ​ទៅ​នេសាទ។

​ស្ត្រី​ឈ្មោះ សេស សេងហៀង ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត ដែល​ត្រូវ​ក្រុមហ៊ុន​ចិន ឈូស​និង​ដុត​ផ្ទះ​នៅ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ផ្ទះ​និង​ផលដំណាំ​ពួកគាត់​មាន​ដូចជា​ស្វាយចន្ទី ដូង និង​ខ្នុរ​ជាដើម ត្រូវ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​នៅ​ពេល​ពួកគាត់​ចេញ​ទៅ​នេសាទ។

​ស្ត្រី​រូប​នេះ​បន្ត​ថា សកម្មភាព​លួច​ឆ្មក់​ឈូស​បំផ្លាញ​ដុត​ផ្ទះ និង​ផលដំណាំ​ប្រជាពលរដ្ឋ ផ្ដើម​ដោយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្សេងៗ​គ្នា ប៉ុន្តែ​ក្នុង​ស្រុក​គីរីសាគរ តែមួយ។ ស្ត្រី​រងគ្រោះ​បង្ហាញ​ភាព​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រុក និង​ខេត្ត​កោះកុង ដែល​មិន​ជួយ​ទប់​ស្កាត់​សកម្មភាព​ល្មើស​របស់​ក្រុមហ៊ុន​ចិន នៅ​ពេល​ពួកគាត់​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​បន្ត​បន្ទាប់៖ «ព្រោះ​អី​ថ្នាក់​ខេត្ត​បាន​និយាយ​ថា មាន​តែ​ថ្នាក់​អន្តរក្រសួង​ទេ​ដែល​មាន​សិទ្ធិ។ ឥឡូវ​អន្តរក្រសួង​អត់​ឃើញ​ចុះ​មក​ដោះស្រាយ​ផង ហើយ​សកម្មជន​ចេះ​តែ​មក​បំផ្លាញ​ដូច​ចោរ​អ៊ីចឹង។ សំណូមពរ​ឲ្យ​ខាង​អន្តរក្រសួង​ចុះ​មក​អន្តរាគមន៍​ឲ្យ​បាន​ឆាប់ ទើប​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សេចក្ដី​សុខ»

​ទាក់ទិន​បញ្ហា​នេះ លោក ឃឹម ចន្ទឌី អភិបាល​ស្រុក​គីរីសាគរ បាន​ប្រាប់​ពលរដ្ឋ​ដែល​ទៅ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ដល់​សាលា​ស្រុក​ថា ករណី​នេះ​ខាង​ភាគី​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ដោយ​ឯកតោ​ភាគី។ លោក​បន្ត​ថា នឹង​លើក​យក​ញត្តិ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដាក់​ជូន​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ជួយ​មាន​វិធានការ​បន្ត។

​យ៉ាង​នេះ​ក្តី លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង ថ្លែង​ថា អាជ្ញាធរ​ខេត្ត​មិន​អាច​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន យូ.ឌី.ជី បាន​ទេ ហើយ​ថា ករណី​នេះ​លោក​នឹង​ផ្ដល់​ព័ត៌មាន​ជូន​ថ្នាក់​លើ​បន្ត​ទៀត៖ «ខ្ញុំ​មិន​ច្បាស់​ដែរ គ្រាន់​តែ​ខ្ញុំ​បាន​ដឹង​ដំណឹង​ហ្នឹង​ដែរ។ ប៉ុន្តែ​អា​ហ្នឹង​វា​ទាក់ទង​ជាមួយ​ក្រុមហ៊ុន។ ខ្ញុំ​ថា​ឲ្យ​ធ្វើ​របាយការណ៍​ដាក់​ជូន​អន្តរក្រសួង​ទៅ ព្រោះ​កន្លែង​ហ្នឹង​ខាង​អន្តរក្រសួង​ជា​អ្នក​សម្របសម្រួល។ ខ្ញុំ​អត់​មាន​សិទ្ធិ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ទេ ប៉ុន្តែ​យើង​ពិនិត្យ និង​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​ទៅ​ក្រសួង​វិញ»

លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី នេះ បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ហើយ​ពលរដ្ឋ​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់ មាន​គណៈរដ្ឋមន្ត្រី​ជា​ដើម។ លោក​បន្ត​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ចិន យូ.ឌី.ជី គឺ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​តម្រូវ​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ និង​តម្រូវ​ឲ្យ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

​លោក​បន្ត​ថា ទំនាស់​នេះ បាន​ប៉ះពាល់​ប្រជាពលរដ្ឋ ១.៩៦៣​គ្រួសារ ប៉ុន្តែ​ក្នុង​ចំណោម​នេះ នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ២៩៣​គ្រួសារ មិន​ព្រម​ចាក​ចេញពី​លំនៅឋាន​ចាស់​តាម​សំណើ​ក្រុមហ៊ុន​ទេ។

​លោក​អះអាង​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា មក​ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ក្រុមហ៊ុន​ចិន បាន​លួច​ឆ្មក់​ប្រើ​គ្រឿងចក្រ​បំផ្លាញ និង​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន ១៣​ខ្នង និង​បំផ្លាញ​ដំណាំ​កសិកម្ម​ជា​ច្រើន​ហិកតារ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ខេត្ត មិន​បាន​ជួយ​ទប់​ស្កាត់​ទេ ដោយ​ទុក​ឲ្យ​ក្រុមហ៊ុន​ចិន ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណោះ​ពលរដ្ឋ​មក​ដល់​ពេល​នេះ។

លោក អ៊ិន គង់ជិត៖ «លោក លី តឹកហៃ ហ្នឹង​គេ​នាំ​កម្លាំង​សន្តិសុខ ៣២​នាក់ ជិះ​អូប័រ ទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៤​ខ្នង ហើយ​ដុត​អស់ ៧​ខ្នង កាល​ពី​ម្សិលម្ង៉ៃ ខណៈ​ពេល​ដែល​ពួកគាត់​ចេញ​ទៅ​នេសាទ។ ពួកគាត់​ហ្នឹង​អត់​ទាន់​បាន​យល់​ព្រម​ចាក​ចេញ​ទេ ពួកគេ​ចង់​រស់នៅ​ភូមិ​ចាស់​របស់​ពួកគាត់​ហ្នឹង ហើយ​ព្រឹក​មិញ​ពួកគាត់​បាន​ឡើង​ទៅ​ផ្ទះ​លោក​មេ​ឃុំ ដើម្បី​តវ៉ា​ឲ្យ​មានការ​ដោះស្រាយ។ បើ​និយាយ​ទៅ​រុះរើ​អស់ ៦​ខ្នង និង​ដុត ៧ ហើយ​ថ្ងៃ​នេះ​រុះរើ​តែ ១​ខ្នង​ទេ»

សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​កំណត់​ឲ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចិន ​យូ.ឌី.ជី និង​តម្រូវ​ឲ្យ​ផ្អាក​សកម្មភាព​រុះរើ​ខ្ទម ឬ​ផ្ទះ​ពលរដ្ឋ ដែល​មក​សង់​នៅ​ក្នុង​ភូមិ​ចាស់​តាម​មាត់​សមុទ្រ​ជា​បណ្ដោះអាសន្ន ព្រម​ទាំង​ត្រូវ​រៀបចំ​តែងតាំង​សមាជិក​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ដីធ្លី​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​រៀបចំ​កំណត់​ភូមិ​នៅ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ ជា​តំបន់​សហគមន៍ និង​រៀបចំ​ធ្វើ​អនុបយោគ​តំបន់​នោះ​សម្រាប់​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជាដើម។ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង ឬ​បទបញ្ជា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ខេត្ត​កោះកុង រិះគន់​ថា អភិបាល​ខេត្ត​កោះកុង ឬ​ក្រុមហ៊ុន​ចិន ​យូ.ឌី.ជី មិន​យក​មក​អនុវត្ត​តាម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។