សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​រិះគន់​មន្ត្រី​ថា​មិន​ចូល​រួម​ដោះស្រាយ​វិវាទ

0:00 / 0:00

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង រិះគន់​មន្ត្រី​ដោះស្រាយ​​វិវាទ​ដីធ្លី​​របស់​​ក្រសួង​​ដែនដី នគរូបនីយកម្ម និង​សំណង់​​ថា មិន​បាន​ចូលរួម​ចំណែក​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​មួយ​​នេះ។ ការ​លើក​ឡើង​នេះ ដោយសារ​តែ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​រក​ដំណោះស្រាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា មិន​ទទួល​បាន​លទ្ធផល។

ក្រុម​​​ពលរដ្ឋ​​​មាន​​​ទំនាស់​​​ដីធ្លី​​​ប្រមាណ ១០០​នាក់ មក​ពី​ខេត្ត​កោះកុង តវ៉ា​​នៅ​​មុខ​​ក្រសួង​​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ដើម្បី​តាម​ដាន និង​ស្នើ​ក្រសួង​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​​​របស់​ឧកញ៉ា លី យ៉ុងផាត់ តាំង​ពី​​​ឆ្នាំ​២០០៦។

ពលរដ្ឋ​ប្រមាណ ១០០​នាក់​នេះ គឺ​តំណាង​ឱ្យ​ពលរដ្ឋ​ប្រមាណ ១៧៥​គ្រួសារ​ ​មក​ពី​ស្រុក​ចំនួន​ពីរ​នៅ​ខេត្ត​កោះកុង គឺ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ។

​ក្នុង​ការ​តវ៉ា​នេះ ពលរដ្ឋ​ចង់​ឱ្យ​ក្រសួង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​​ទទួល​បាន​​​​ដី​​សម្បទាន​​​​​ពី​រាជរដ្ឋាភិបាល ឈូស​ឆាយ​បំផ្លាញ​ដីធ្លី​របស់​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល​យក​ទៅ​ធ្វើ​វិនិយោគ។

ការ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ជាង​ពីរ​ខែ​នេះ ក្រសួង​បាន​​រៀបចំ​ឱ្យ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ហេង ហ៊ុយ ចំនួន ១៧​គ្រួសារ បាន​​​ជួប​​ជជែក​ជាមួយ​តំណាង​ក្រុមហ៊ុន​ដើម្បី​រក​ដំណោះស្រាយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ តែ​ពុំ​ទទួល​បាន​លទ្ធផល។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី លោកស្រី ផាវ ញ៉ឺង ថ្លែង​ថា មូលហេតុ​ដែល​​​​មិន​​​អាច​​​ឈាន​​​ដល់​​ការ​ផ្ដល់​​​ដំណោះស្រាយ​ ​ដោយសារ​ក្រុម​ការងារ​​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ក្រសួង ​មិន​ព្យាយាម​ដោះស្រាយ​វិវាទ​មួយ​នេះ៖ «ពីព្រោះ​ខ្ញុំ​ឃើញ​គាត់​ទៅ​អង្គុយ​ដែរ ហើយ​គាត់​អត់​មាន​និយាយ​ថា នែ! បង​ប្អូន​កាន់​កាប់​លើ​ដី​ហ្នឹង​ហើយ ដឹង​ហើយ​ថា​បង​ប្អូន​មាន​ភស្តុតាង​គ្រប់គ្រាន់ ប៉ុន្តែ​ឥឡូវ​លោក ហេង ហ៊ុយ បាន​ប្ដឹងផ្ដល់​ជាមួយ​បង​ប្អូន​វា​ខាត​ពេល​វេលា ប៉ុណ្ណេះ ប៉ុណ្ណោះ ដើម្បី​ឆាប់​បញ្ចប់​ជម្លោះ បង​ប្អូន​ត្រូវ​ធ្វើ​អ៊ីចេះៗ ដើម្បី​ផ្ដល់​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ខ្លះ អា​ហ្នឹង​ឆាប់​ទៅ​មុខ។ ឧទាហរណ៍ ដូច​មនុស្ស​កំពុង​មាន​កំហឹង​ជាមួយ​គ្នា ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​ណា​ក៏​ចង់​បាន​ទាំង​អស់​ដែរ ជាពិសេស​ប្រជាជន​ខ្ញុំ​អ្នក​កាន់​កាប់​ដី ជាក់ស្ដែង​មែន មិន​មែន​ទៅ​បំភ្លៃ​ការពិត​ឯ​ណា អ៊ីចឹង​ពួកគាត់​ទាមទារ​របស់​គាត់​ទាំង​អស់​អ៊ីចឹង​ហើយ»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​​វិវាទ​​ដីធ្លី​​របស់​ក្រសួង​បាន​អះអាង​ថា លោក​មិន​អាច​ធ្វើ​អ្វី​បាន​លើស​ពី​ការ​សម្របសម្រួល​ភាគី​ទំនាស់​នោះ​ឡើយ៖ «អត់​ទេ! ខ្ញុំ​អត់​អាច​ដាក់​សម្ពាធ​ទៅ​​លើ​គេ ដែល​គេ​មាន​សាលដីកា​ពី​តុលាការ មាន​តែ​សម្របសម្រួល... កុំ​ណា! កុំ​ឱ្យ​ខ្ញុំ​ទៅ​ដាក់​សម្ពាធ​លើ​គេ​អត់​បាន​ដាច់​ខាត អត់​បាន​ទេ ហើយ​ចង់​អ្នក​ណា​គេ​ចោទ​ថា ម៉េច​ថា​ទៅ ខ្ញុំ​អត់​អាច​បំពាន​លើ​អំណាច​តុលាការ​បាន​ទេ»

កាល​​ពី​​ថ្ងៃ​ទី​២០ ខែ​មករា ការ​ប្រជុំ​ដោះស្រាយ​វិវាទ​មិន​អាច​ឈាន​ដល់​ការ​បញ្ចប់​បាន​ទេ តែ​ភាគី​ក្រុមហ៊ុន​​​​ចង់​​ជួប​​ចរចា​ជាមួយ​ពលរដ្ឋ​ទាំង ១៧គ្រួសារ ម្ដង​មួយ​គ្រួសារៗ នៅ​សាលា​ឃុំ​ជីខលើ ឬ​ផ្ទះ​របស់​ឧកញ៉ា ហេង ហ៊ុយ នៅ​ថ្ងៃ​ទី​៥ ឬ​ទី​៦ ខែ​កុម្ភៈ។

ទាក់ទង​នឹង​​ការ​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ហេង ហ៊ុយ នេះ លោកស្រី ផាវ ញ៉ឺង ថា​នឹង​ជជែក​ជាមួយ​ក្រុម​ពលរដ្ឋ​ជា​មុន​សិន តែ​លោកស្រី​ថា មិន​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​ដំណោះ​ស្រាយ​នោះ​ឡើយ។

ដោយ​ឡែក​ទំនាស់​រវាង​ក្រុម​ពលរដ្ឋ​ចំនួន ១៧៥​គ្រួសារ ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ នោះ ប្រធាន​ក្រុម​ការងារ​​ដោះស្រាយ​​វិវាទ​​ដីធ្លី លោក ទេព ធន ថ្លែង​ថា នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ (Licadho) នៅ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​បាន​តាម ដាន​​​​​វិវាទ​មួយ​នេះ​ថ្លែង​ថា វិវាទ​​មួយ​​នេះ កើត​ឡើង​ដោយសារ​រាជរដ្ឋាភិបាល​មិន​បាន​សិក្សា​ផល​ប៉ះពាល់​​ឱ្យ​​បាន​ច្បាស់លាស់​មុន​នឹង​សម្បទាន​ដី​ដល់​ក្រុមហ៊ុន​ដើម្បី​វិនិយោគ។ ទោះ​យ៉ាង​ណា​លោក​ថា វិវាទ​មួយ​នេះ​គឺ​នៅ​មាន​​ផ្លូវ​​ដោះស្រាយ​ជូន​ពលរដ្ឋ ប្រសិនបើ​​មន្ត្រី​​សម្រប​​សម្រួល​​របស់​ក្រសួង​​​​ហ៊ាន​​​​អារ​​កាត់៖ «នៅ​ឆ្នាំ​២០១២ នេះ រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​លេខ ០១ មួយ​ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ដោះស្រាយ។ នៅ​ក្នុង​ហ្នឹង​គឺ​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ដែល​អនុវត្ត​គម្រោង​ដែល​បាន​ទទួល​ដី​សម្បទាន ហើយ​ប៉ះពាល់​ទៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ ដី​អភិរក្ស ដី​សមូហភាព​អី​ហ្នឹង គឺ​ត្រូវ​តែ​កាត់​ឆ្វៀល​ឱ្យ​ប្រជាពលរដ្ឋ»

មន្ត្រី​អង្គការ​លីកាដូ លោក អ៊ិន គង់ជិត ផ្ដល់​អនុសាសន៍​ថា ក្រុមហ៊ុន​​គួរ​ផ្ដល់​ដីសម្បទាន​ដី​​ដល់​ពលរដ្ឋ​វិញ។ ចំណែក​ឯ​​មន្ត្រី​របស់​ក្រសួង ដែល​តំណាង​ឱ្យ​លោក​​​រដ្ឋមន្ត្រី​​ក្រសួង​​ដែនដី គួរ​ហ៊ាន​ប្រើប្រាស់​​សិទ្ធិ​អំណាច និង​ប្រើប្រាស់​ឯកសារ​​គតិយុត្តិ​ទៅ​បង្ហាញ​ក្រុមហ៊ុន​ដើម្បី​​​ផ្ដល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។