តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង ៧០០គ្រួសារ មកពី ៤ឃុំ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង បន្តសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយកាត់ឆ្វៀលដីកសិកម្មចេញពីគម្រោងក្រុមហ៊ុនស្ករអំពៅ ចំនួន ២ក្រុមហ៊ុន ដើម្បីឲ្យពួកគាត់មានដីកសិកម្មបង្កបង្កើនផលដូចដើមវិញ។
មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលវិវាទដីធ្លីអូសបន្លាយពេល ១០ឆ្នាំ នាមូលដ្ឋាននេះ អះអាងថា ពលរដ្ឋរងគ្រោះធ្លាប់ដាក់ពាក្យបណ្ដឹង ឬញត្តិសុំកិច្ចអន្តរាគមន៍ទៅដល់ស្ថាប័នកំពូលៗថ្នាក់ជាតិ និងខុទ្ទកាល័យប្រមុខដឹកនាំជាដើម ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង ៧០០គ្រួសារ មកពី ៤ឃុំ នៃស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ផ្ដល់សម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរីថា លទ្ធផលនៃការហែក្បួនដាក់ញត្តិជូនអភិបាលស្រុកទាំងពីរស្នើសុំកាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុនស្ករអំពៅទាំងពីរ កាលពីថ្ងៃទី២៥ ខែមីនា គឺមិនទាន់មានចម្លើយឆ្លើយតបពីអាជ្ញាធរស្រុក-ខេត្តនោះទេ គិតមកដល់ថ្ងៃទី៨ ខែមេសា។
តំណាងពលរដ្ឋស្រុកស្រែអំបិល និងស្រុកបុទុមសាគរ លោក ឱម ផុន បានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍កាត់ឆ្វៀលដីចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន តាមរូបមន្តស្បែកខ្លា ដែលប្រមុខដឹកនាំដាក់ចេញដើម្បីឲ្យពលរដ្ឋមានដីកសិកម្មបង្កបង្កើនផលឡើងវិញ។
លោក ឱម ផុន៖ «សូមសម្ដេច ហ៊ុន សែន ជួយដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋពួកខ្ញុំជាង ៧០០គ្រួសារ ដែលត្រូវក្រុមហ៊ុនស្ករអំពៅ របស់អ្នកវិនិយោគថៃ រំលោភបំពានដីកសិកម្ម ១០ឆ្នាំមកនេះ ផ្ដល់ជូនពួកខ្ញុំធ្វើរបរកសិកម្មឡើងវិញ ព្រោះសព្វថ្ងៃនេះពួកខ្ញុំវេទនាណាស់។ ពលរដ្ឋធ្វើចំណាកស្រុក ព្រោះអត់ដីបង្កបង្កើនផល ហើយកុមារមិនបានទៅសាលារៀនជាដើម។ ជួយកាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុនផង ព្រោះក្រុមហ៊ុនបានរំលោភយកដីបង្កបង្កើនផលពួកខ្ញុំតាំងពីឆ្នាំ២០០៦ មកម្ល៉េះ»។
លោក ឱម ផុន បរិយាយថា អស់រយៈ ១០ឆ្នាំទៅហើយដែលដីកសិកម្មពលរដ្ឋពួកគាត់ជាង ៧០០គ្រួសារ ត្រូវក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុនស្ករអំពៅ កោះកុង (Koh Kong Sugar) និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់អ្នកវិនិយោគទុនថៃ រំលោភយក ហើយផលដំណាំដាំដុះនៅលើដីជាក់ស្ដែង មានខ្នុរ ដូង ស្វាយ និងដំណាំច្រើនប្រភេទទៀត ក៏ត្រូវក្រុមហ៊ុនទាំងពីរឈូសឆាយបំផ្លាញចោលគ្មានសល់៖ «ដំណាំចម្ការចន្ទី ដូង ស្វាយ និងដំណាំរួមផ្សំជាច្រើនទៀត ត្រូវក្រុមហ៊ុនស្ករអំពៅ ប្រើគ្រឿងចក្រឈូសកម្ទេចចោលអស់គ្មានសល់ ដើម្បីយកដីដាំអំពៅ។ ពួកខ្ញុំបាត់បង់ដីដូចបាត់បង់ជីវិត ព្រោះដីគឺជាអាយុជីវិតរបស់ពលរដ្ឋយើងខ្ញុំ។ ដូច្នេះសូមសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍»។
ចំណែកអ្នកស្រី ផៅ ញ៉ើង ជាតំណាងពលរដ្ឋម្នាក់ទៀតក៏សំណូមពរដល់ប្រមុខដឹកនាំជួយប្រើកណ្ដាប់ដៃដែក ដាក់សំពាធឲ្យក្រុមហ៊ុនស្ករអំពៅរបស់អ្នកវិនិយោគទុនថៃ ទាំង២ កាត់ឆ្វៀលដីកសិកម្មរបស់ពលរដ្ឋធ្លាប់កាន់កាប់ជូនពលរដ្ឋរងគ្រោះជាង ៧០០គ្រួសារ បានធ្វើរបរកសិកម្មដូចដើមវិញ៖ «សំណើពលរដ្ឋពួកខ្ញុំស្នើដល់សម្ដេច ហ៊ុន សែន ជួយកាត់ឆ្វៀលដីពីគម្រោងវិនិយោគក្រុមហ៊ុនស្ករអំពៅ និងផ្ដល់សំណងថ្លៃខូចខាតផលដំណាំចំនួន ១០ឆ្នាំ ដែលក្រុមហ៊ុនស្ករអំពៅ ធ្វើបំពានមកលើពលរដ្ឋជាង ៧០០គ្រួសារ»។
ងាកមកប្រជាពលរដ្ឋរងគ្រោះដីធ្លីច្រើនទៀត ក៏បង្ហាញកង្វល់នៃការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនស្ករអំពៅទាំងពីរនេះដែរ និងលើកដៃសំពះដល់លោកនាយករដ្ឋមន្ត្រី ជួយកាត់ឆ្វៀលដីចេញពីគម្រោងវិនិយោគក្រុមហ៊ុនទាំងពីរ ជូនពួកគាត់បង្កបង្កើនផលវិញ ព្រោះ ១០ឆ្នាំកន្លងមកនេះ ត្រូវក្រុមហ៊ុនស្ករអំពៅ ប្រើកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់ឃុំ ស្រុក រហូតដល់ខេត្ត គំរាមកំហែងប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋស្នើឲ្យប្រមុខដឹកនាំជួយអនុវត្តគោលនយោបាយស្បែកខ្លា ឲ្យមានប្រសិទ្ធភាពដើម្បីឲ្យពលរដ្ឋពួកគាត់ជាង ៧០០គ្រួសារ មានដីបង្កបង្កើនផលដំណាំកសិកម្មដូចដើមវិញ។
ពលរដ្ឋអះអាងថា ចាប់តាំងពីវត្តមានក្រុមហ៊ុនទាំងពីរ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល អភិវឌ្ឍដំណាំអំពៅ នាមូលដ្ឋាននេះតាំងពីឆ្នាំ២០០៦ មក គឺបានធ្វើទុក្ខបុកម្នេញពលរដ្ឋប្លន់យកដីកសិកម្មជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ មិនជួយរកដំណោះស្រាយជូនទេ។
ប្រជាពលរដ្ឋផ្សេងទៀតសំណូមពរដូច្នេះ៖ «កូនចៅពួកខ្ញុំមិនបានទៅសាលារៀនទេ ចាប់តាំងពីមានទំនាស់ដីធ្លីតាំងពីឆ្នាំ២០០៦ ជាមួយក្រុមហ៊ុនស្ករអំពៅ ដែលរដ្ឋាភិបាលផ្ដល់សិទ្ធិវិនិយោគនៅមូលដ្ឋាននេះ។ សូមសម្ដេចពិចារណាកាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុនជូនពលរដ្ឋពួកខ្ញុំបានប្រើប្រាស់ដីបង្កបង្កើនផលដូចដើមវិញ ព្រោះដីធ្លីទាំងនេះ ពួកខ្ញុំធ្លាប់កានកាប់ និងដាំដំណាំផ្សេងៗនៅលើដីនោះតាំងពីដើមរៀងមក»។
តំណាងពលរដ្ឋឲ្យដឹងថា ទំនាស់នេះ ពួកគាត់ធ្លាប់ដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីគ្រប់ស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ រហូតដល់ស្ថាប័នកំពូលៗ នៃរាជរដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ គិតមកដល់ថ្ងៃទី៨ ខែមេសា ហើយសកម្មភាពក្រុមហ៊ុនបានបន្តដាំដំណាំអំពៅនៅលើដីធ្លាប់បង្កបង្កើនផលរបស់ពួកគាត់ដដែល។
តំណាងពលរដ្ឋឲ្យដឹងថា ផ្ទៃដីរបស់ពលរដ្ឋជាង ៧០០គ្រួសារ ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅ កោះកុង និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី មានផ្ទៃដីសរុបជិត ៤.០០០ហិកតារ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលតាមឃ្លាំមើលទំនាស់នេះ ផ្ដល់ទស្សនៈថា មកដល់កាលៈទេសៈនេះគួរល្មមប្រមុខដឹកនាំរដ្ឋាភិបាល ឬអាជ្ញាធរថ្នាក់ជាតិជួយលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម ហើយងាកមកផ្ដល់យុត្តិធម៌ជូនពលរដ្ឋក្រីក្រ ឲ្យមានយុត្តិធម៌ និងមានដីធ្លីបង្កបង្កើនផលដូចដើមវិញ។
លោកសង្កត់ធ្ងន់ថា ដីធ្លីកសិកម្ម ឬដីលំនៅឋានធ្លាប់រស់នៅ និងបង្កបង្កើនផលរបស់ពលរដ្ឋ តាំងពីដូនតារៀងមក មិនគួរត្រូវបាត់បង់ ដោយសាររដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនវិនិយោគនោះទេ។ ករណីនេះ រដ្ឋាភិបាលក៏គួរងាកមកពិចារណាពីកង្វល់ពលរដ្ឋ ឈានដល់ផ្ដល់យុត្តិធម៌ឲ្យពួកគាត់ទទួលបានសិទ្ធិមានដីសង់លំនៅឋាន និងសិទ្ធិរស់នៅឲ្យមានសុវត្ថិភាព។
លោក អ៊ិន គង់ជិត៖ «លិខិតបទដ្ឋានខ្លះ ដែលរដ្ឋាភិបាលបានណែនាំដូចជាបទបញ្ជាលេខ ០១ ដែលតម្រូវឲ្យក្រុមហ៊ុនត្រូវឆ្វៀលដីឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ គឺបើគិតទៅមានរយៈពេល ៣ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរខេត្តកោះកុង និងក្រុមហ៊ុនមិនបានអនុវត្តតាមទេ»។
មន្ត្រីអង្គការលីកាដូ លោក អ៊ិន គង់ជិត ថ្លែងថា មិនជំទាស់ផែនការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែការអភិវឌ្ឍនានា គួរតែមិនត្រូវឲ្យប៉ះពាល់ដល់ការរស់នៅ ឬសេចក្ដីសុខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗទេ ទើបពលរដ្ឋមានសុភមង្គលទាំងអស់គ្នា។
លោក អ៊ិន គង់ជិត៖ «ដូច្នេះដើម្បីដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋជាង ៧០០គ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅទាំង២ ចប់ឲ្យបានឆាប់ គឺទាមទារឲ្យមានឆន្ទៈនយោបាយដោះស្រាយជម្លោះពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងស្ថាប័នដែលពាក់ព័ន្ធ មានក្រសួងកសិកម្ម ក្រសួងបរិស្ថាន ខាងតំណាងភាគីក្រុមហ៊ុន អាជ្ញាធរខេត្តកោះកុង និងតំណាងភាគីពលរដ្ឋរងគ្រោះ ត្រូវជួបជជែកគ្នាដោយផ្ទាល់ដើម្បីរកដំណោះស្រាយ ទើបជម្លោះដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ អាចដោះស្រាយបានចប់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនស្ករអំពៅថៃ ទាំង ២ក្រុមហ៊ុន ដើម្បីបំភ្លឺលើកង្វល់ពលរដ្ឋជុំវិញទំនាស់ដីធ្លីនេះបានទេ នៅថ្ងៃទី៨ ខែមេសា។ ចំណែកអភិបាលខេត្តកោះកុង លោក ប៊ុន លឺត ក៏មិនទាចទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺបានដែរ។ ប៉ុន្តែកន្លងមកលោកធ្លាប់បញ្ជាក់ថា ទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅនាមូលដ្ឋាននេះ កំពុងស្ថិតក្នុងដៃអាជ្ញាធរថ្នាក់ជាតិរកដំណោះស្រាយ ហើយករណីនេះ ហួសពីដែនសមត្ថកិច្ចថ្នាក់ខេត្តត្រូវដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
