ប្រជាពលរដ្ឋជាង ១០០នាក់ នៅស្រុកចំនួន២ក្នុងខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំនួនពីរ បាននាំគ្នាធ្វើដំណើរមកតុលាការខេត្ត ដើម្បីគាំទ្រតំណាងពួកគាត់ ៤នាក់ ដែលតុលាការកោះហៅសាកសួរពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់លោកឧកញ៉ា លី យ៉ុងផាត់។
ទន្ទឹមនឹងគ្នានោះ អ្នកភូមិក៏នាំគ្នាទៅសាលាខេត្តបន្តទៀត ដើម្បីស្វែងរកអន្តរាគមន៍ដីធ្លីពីអាជ្ញាធរខេត្ត។
ពលរដ្ឋជាង ១០០នាក់ នៅស្រុកគីរីសាគរ និងស្រុកបុទុមសាគរ គំរាមបិទស្ពាន លី យ៉ុងផាត់ ខេត្តកោះកុង មិនឲ្យធ្វើចរាចរ បើសិនជាអាជ្ញាធរខេត្តមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
ពលរដ្ឋទាំងនោះមកពីឃុំចំនួនបី គឺឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំព្រៃស្មាច់ ក្នុងស្រុកគីរីសាគរ និងឃុំតានូន ឃុំថ្មស ស្រុកបុទុមសាគរ បានដាក់ញត្តិឲ្យអភិបាលខេត្ត នៅថ្ងៃទី២៦ សីហា ស្នើសុំអន្តរាគមន៍ឆ្វៀលដីភូមិដីចម្ការ និងដីស្រែឲ្យពលរដ្ឋ ១៣៧គ្រួសារ ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ឌីវ័រឡប់មិន (Union Development)។
ហើយពលរដ្ឋមួយក្រុមទៀតដែលមកជាមួយគ្នាដែរនោះ មកពីភូមិចំនួន៣ គឺភូមិព្រែកខ្សាច់ ភូមិសំរ៉ុងតាកែវ ភូមិយាយសែន ក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ពាក់ព័ន្ធដីភូមិដីចម្ការ និងដីស្រែពលរដ្ឋ ១ពាន់ហិកតារ ជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) កោះកុង របស់ឧកញ៉ា លី យ៉ុងផាត់។
បុរសអ្នកភូមិម្នាក់ក្នុងចំណោមអ្នកតវ៉ា ដែលបានចូលជួបអាជ្ញាធរខេត្ត លោក រួត សុផល ថ្លែងថា អ្នកភូមិដែលមានទំនាស់ជាមួយក្រុមហ៊ុន យូញៀន សុំឆ្វៀលដីទុកឲ្យពលរដ្ឋតាមរូបមន្តស្បែកខ្លា ដែលលោកនាយករដ្ឋមន្ត្រីបានប្រកាស។ រីឯពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត កោះកុង របស់ឧកញ៉ា លី យ៉ុងផាត់ សុំអាជ្ញាធរដោះស្រាយ ឬអាស្រ័យផលលើដីនេះឡើងវិញ។
លោកថា តំណាង ១៦នាក់ បានចូលជួបអភិបាលរងខេត្ត លោក ស៊ុន តារា ដែលបានសន្យាថា លោកអភិបាលខេត្ត គឺលោក ប៊ុន លើត អាចនឹងចុះត្រួតពិនិត្យដីទំនាស់អ្នកភូមិនៅចុងសប្ដាហ៍នេះ៖ «គាត់និយាយមកគាត់លំអៀងខាងក្រុមហ៊ុនដដែលហ្នឹង សុំថាបើមិនដោះស្រាយឲ្យខ្ញុំទេ ខ្ញុំសុំអាស្រ័យផលវិញ។ គាត់ថាគាត់មិនអាចឲ្យអាស្រ័យផលបានទេ ក៏ខ្ញុំមិនចង់អាស្រ័យផលដែរ តែខ្ញុំសុំឲ្យដោះស្រាយ ដោះស្រាយក៏មិនដោះស្រាយ អាស្រ័យផលក៏មិនឲ្យ គាត់ថាឲ្យចាំមើលចាំមើលហ្នឹងចាំមើល ៩ឆ្នាំហើយ តាំងពីឆ្នាំ២០០៥ មក។ ខ្ញុំចង់ជួបចៅហ្វាយខេត្តឯកឧត្ដម ប៊ុន លើត ហ្នឹង ក៏ប៉ុន្តែគាត់ថា ទៅប្រជុំនៅភ្នំពេញ គម្រោងខ្ញុំចង់នៅមុខសាលាខេត្តហ្នឹង ហើយខ្ញុំទៅបិទស្ពាន លី យ៉ុងផាត់ ទៀត»។
នៅថ្ងៃទី២៦ សីហា ដដែល អ្នកភូមិ ៤នាក់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន អែស.អ៊ី.ហ្សិត កោះកុង របស់ឧកញ៉ា លី យ៉ុងផាត់។ បុរសទាំង ៤រូបនោះមានឈ្មោះ លោក អែម សុខុម ប៉ុន វិបុល ផន នុល និងលោក រួត សុផល។ ការកោះហៅនេះ គឺបន្ទាប់ពីមានបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងអ្នកភូមិកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅពេលដែលពលរដ្ឋរារាំងមិនឲ្យកម្មករក្រុមហ៊ុន ធ្វើរបងហ៊ុមព័ទ្ធដីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលប៉ះពាល់ផ្លូវពួកគាត់ធ្វើដំណើរ។ ដោយពេលនោះ ពួកគាត់បានដកហូតសម្ភារៈសំណង់របស់ក្រុមហ៊ុន ឲ្យអាជ្ញាធរភូមិទុករង់ចាំការដោះស្រាយនោះ។ តែទោះជាយ៉ាងណា បន្ទាប់ពីការសាកសួរ មិនមានឃុំខ្លួនអ្នកភូមិឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិល ប្រចាំខេត្តកោះកុង សំណូមពរឲ្យអាជ្ញាធរខេត្ត ប្រញាប់ដោះស្រាយបញ្ហាជូនពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងពីរនេះឲ្យបានឆាប់ និងកុំបន្តអូសបន្លាយបញ្ហានេះតទៅទៀត ក្នុងគ្រាដែលអ្នកភូមិកំពុងជួបប្រទះបញ្ហាជីវភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
