ចៅក្រម​ខេត្ត​កោះកុង​ដោះលែង​លោក​ ផន ណុល ​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង បាន​សម្រេច​ដោះលែង​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់ ​ឈ្មោះ ផន ណុល ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៤ ទៅតាម​បណ្ដឹង​ក្រុមហ៊ុន អេស.​អ៊ី.​ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

លោក នាង បូរ៉ាទីណូ អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង លោក ផន ណុល ពី​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ លោក​បន្ត​ថា ​ក្រោយ​តុលាការ​ដោះលែង ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​វេច​បង្វេច​ដើរ​ហែ​ក្បួន និង​ថ្លែង​សារ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សាលាខេត្ត​កោះកុង តុលាការ និង​ស្ថាប័ន​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង ដែល​បាន​សម្របសម្រួល​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី គឺ​លោក ផន ណុល ពី​ពន្ធនាគារ មុន​ពួកគាត់​វិល​ទៅ​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ខ្លួន​វិញ៖ «សំឡេង»។

លោក ផន ណុល ត្រូវ​តុលា​ចោទ និង​ចាប់​ដាក់គុក តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដោយ​សារ​បាន​រក្សាទុក​សម្ភារៈ​សំណង់​ក្រុមហ៊ុន ដែល​សង់​របង​លើ​ដី​ធ្លី និង​បិទ​ផ្លូវ​ទៅ​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​កាល​ពី​ដើម​ឆ្នាំ​២០១៤។

លោក ឡុង លន់ មេធាវី​ការពារ​ក្ដី​ឲ្យ លោក ផន ណុល ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​ឃុំ​ព្រែក​ខ្សាច់ ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា មុននឹង​ឈាន​ដល់​តុលាការ​ខេត្ត​កោះកុង សម្រេច​ដោះលែង លោក ផន ណុល គឺ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ទៅកាន់​តុលាការ​ចំនួន ២​លើក។ ហើយ​ថា​ការសម្រេច​ដោះលែង​លោក ផន ណុល របស់​តុលាការ ឲ្យ​មាន​សេរីភាព​វិញ​នៅ​ពេល​នេះ ក៏​ដោយសារតែ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ស្នាក់នៅ​ពីមុខ​តុលាការ​ទាំង​យប់​ថ្ងៃ​អស់​រយៈពេល​ជាង ១០​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង លោក ផន ណុល ពី​ពន្ធនាគារ។

លោក​បន្ត​ថា​ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន អេស.អ៊ី.ហ្សិត របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​បាន​កើតមាន​តាំងពី​ឆ្នាំ​២០០៥ ​មក​ម្ល៉េះ ហើយ​ពលរដ្ឋ​ធ្លាប់​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១០​មក ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ទេ រហូតដល់​ឆ្នាំ​២០១៤​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។