ប្រជាពលរដ្ឋជាច្រើនគ្រួសារនៃឃុំតាទៃលើ បានសម្ដែងការខកចិត្តចំពោះការចំណាយលុយម្ហូបអាហារ និងគ្រឿងស៊ីផឹកជាច្រើនដល់មន្ត្រីជំនាញសុរិយោដី ជាថ្នូរទៅនឹងសកម្មភាពចុះវាស់វែងដីធ្លីជូនពួកគាត់។
ពួកគាត់អះអាងថា ចំពោះពលរដ្ឋក្រីក្រដែលពុំមានលុយដើម្បីសូកប៉ាន់នោះ គឺមិនត្រូវបានគេវាស់ដីឲ្យ ឬបានវាស់បន្លិចបន្តួចមិនគ្រប់ក្បាលដីដែលពួកគាត់កំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។
តំណាងប្រជាពលរដ្ឋចំនួន ៦២គ្រួសារ នៅភូមិកណ្ដាល និងភូមិស្ពានក្ដារ លោក នៅ សំណាង មានប្រសាសន៍ថា ផ្ទៃដីសរុបរបស់លោកប្រហែល ៨០អា ក្រុមនិស្សិត និងមន្ត្រីជំនាញបានវាស់ជូនគាត់ តែដីលំនៅឋានបាន ៧អាប៉ុណ្ណោះ៖ «វាតាមដីតូចដីធំបង! តាមគេពួកតាមខេត្ត តាមទីក្រុង គេមានដីចម្រុះ គេចូលមកគេមានលុយ ១០០-២០០អា ខ្លះអស់ប្រាំទៅប្រាំមួយរយអីចឹងទៅ ១ពាន់ក៏មានដែរ»។
ប្រជាពលរដ្ឋម្នាក់ទៀតស្នើសុំមិនបញ្ចេញឈ្មោះ អះអាងថា មន្ត្រីជំនាញសុរិយោដីខេត្ត និងស្រុកព្យាយាមលាក់បាំងទំហំដី និងព័ត៌មានពិតដល់ក្រុមនិស្សិត ហើយបានផ្អឹបទុកមិនព្រមវាស់វែងដីធ្លីឲ្យពួកគាត់ ព្រោះតែអំពើពុករលួយ និងចង់បានប្រយោជន៍ផ្ទាល់ខ្លួន៖ «គេនិយាយថា យើងកាប់ព្រៃកាប់អីណា ប៉ុន្តែព្រៃនេះវាយូរហើយណាប្អូន ពួកអ្នកភូមិមិននៅស្រុកហ្នឹងផង គេអាចវាស់បានកាប់បានណាប្អូនខ្ញុំឈឺចាប់ណាស់ណា ប្រជាជនសឹងដាច់ហើយនេះ!»។
លោកបញ្ជាក់ថា ក្រុមនិស្សិត និងមន្ត្រីជំនាញសុរិយោដីចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ស្រុក បានចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិស្ពានក្ដារ និងភូមិកណ្ដាល នៃឃុំតាទៃលើ នៅចុងខែធ្នូ ឆ្នាំ២០១២ ហើយបានបញ្ចប់ទៅវិញភ្លាមៗទាំងមិនទាន់វាស់ដីឲ្យពលរដ្ឋហើយនៅឡើយ។
ភ្ជាប់នឹងបញ្ហានេះ មេឃុំតាទៃលើ លោក មាស ចាន់ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានភាពមិនប្រក្រតីកើតមានដូចដែលប្រជាពលរដ្ឋអះអាងមែន។ លោកបន្តថា ផ្ទៃដីរបស់ប្រជាពលរដ្ឋទាំង ៦២គ្រួសារនោះ នៅមិនទាន់វាស់ សរុបចំនួន ៣៨ហិកតារ។ ក្រុមប្រជាពលរដ្ឋបានងើបឡើងតវ៉ាបន្ទាប់ពីមានការបិទផ្សាយសលាកបត្រព័ត៌មានកម្មសិទ្ធិដីបានក្បាលដីរបស់ពួកគាត់ជាច្រើន៖ «ពាក់ព័ន្ធនឹងការបិទផ្សាយហ្នឹង គេជាមួយអាជ្ញាធរភូមិឃុំហ្នឹង គេមិនបានមកពិភាក្សាប្រជុំរកដំណោះស្រាយពិភាក្សារកអាអ្នកដែលខ្វះខាតដីហ្នឹង គេអត់មានប្រជុំផង គេមកដល់គេបិទផ្សាយតែម្ដង»។
លោកបន្តថា លោក និងសមាជិកក្រុមប្រឹក្សាឃុំ បានរៀបចំឯកសារពាក់ព័ន្ធដាក់ទៅមន្ត្រីជំនាញសុរិយោដីស្រុក និងបន្តរហូតដល់ថ្នាក់ខេត្ត ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋជាងមួយខែមកហើយ ប៉ុន្តែពុំមានការឆ្លើយតបពីថ្នាក់លើមកឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានការិយាល័យសុរិយោដីស្រុកថ្មបាំង លោក នួន ពន្លឺ ដើម្បីបកស្រាយចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី២៧ មិថុនា។
អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដីធ្លី លោក ផៃ ធួនផ្លាមកេសន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅឃុំតាទៃលើ ភាគច្រើនគឺជាប្រជាពលរដ្ឋទើបចំណូលថ្មី ហើយពួកគាត់មានសកម្មភាពកាប់ឆ្ការ និងដុតព្រៃអភិរក្ស ដែលសកម្មភាពទាំងនេះវាផ្ទុយទៅនឹងគោលការណ៍ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខេត្តជូនពួកគាត់៖ «សុរិយោដីគាត់បានត្រួតពិនិត្យឡើងវិញ ដើម្បីអនុវត្ដគោលការណ៍ថ្នាក់ខេត្តដែលឯកឧត្ដមអភិបាលខេត្ត បានកំណត់ថាអ្នកដែលអត់មានដីធ្លី អាហ្នឹងទើបយើងសម្រួលជូន តែដល់ពេលត្រួតពិនិត្យទៅអ្នកដែលបានសំណើទាំង ៥៤គ្រួសារហ្នឹង គាត់មានដីធ្លីរួចអស់ទៅហើយ អីចឹងអត់បានដោះស្រាយទេ»។
ទោះជាយ៉ាងណា លោកបានបដិសេធក្នុងការអធិប្បាយទាក់ទងទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋពីភាពមិនប្រក្រតី និងអំពើពុករលួយរបស់មន្ត្រីជំនាញសុរិយោដីនោះទេ។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ក្នុងនាមលោកជាសង្គមស៊ីវិល ស្នើសុំឲ្យមន្ត្រីមានសមត្ថកិច្ចថ្នាក់ខេត្តចុះស៊ើបអង្កេតភាពមិនប្រក្រតីរបស់មន្ត្រីសុរិយោដីថ្នាក់ក្រោម ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋនេះឲ្យបានច្បាស់លាស់ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់។
អភិបាលរងខេត្តកោះកុង លោក ផៃ ធួនផ្លាមកេសន បញ្ជាក់ថា ក្រុមការងារខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធនឹងចុះស្រាវជ្រាវជាថ្មីម្ដងទៀតទៅលើស្ថានភាព និងចំនួនគ្រួសារដែលអត់មានដីដើម្បីបង្កបង្កើនផល ក៏ប៉ុន្តែនៅមិនអាចដោះស្រាយបានភ្លាមៗនោះទេ ដោយសារថាក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកចេញវិញអស់ហើយ ដូច្នេះត្រូវរង់ចាំចម្លើយពីរដ្ឋាភិបាលជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
