រយៈពេល ៥ថ្ងៃជាប់គ្នាហើយគិតមកដល់ថ្ងៃទី២១ ខែមីនា ដែលក្រុមហ៊ុន ចន្ទ សុធា អភិវឌ្ឍន៍ បានបិទផ្លូវមិនឲ្យពលរដ្ឋចេញចូលលំនៅឋានដែលមានដីនៅក្នុងបរិវេណក្រុមហ៊ុន។ ក្រុមប្រជាពលរដ្ឋទាមទារឲ្យបើកផ្លូវនោះឡើងវិញ ប៉ុន្តែភាគីក្រុមហ៊ុនចោទថា ក្រុមពលរដ្ឋចូលមករស់ខុសច្បាប់លើដីរបស់ក្រុមហ៊ុន។
ការបិទនេះបានជំរុញប្រជាពលរដ្ឋមានកំហឹងស្ទើរតែកើតហិង្សាជាមួយភាគីក្រុមហ៊ុនទៅហើយ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តអំពាវឲ្យភាគីទាំងពីរស្ងប់ស្ងាត់សិន ក្នុងពេលក្រុមការងារកំពុងចុះទៅអង្កេតរឿងនេះ និងក្នុងពេលដែលអាជ្ញាធរខេត្តក្រចេះ រង់ចាំការសម្រេចពីថ្នាក់ជាតិរឿងកាត់ដីក្រុមហ៊ុនឲ្យពលរដ្ឋ។
តំណាងពលរដ្ឋលោក ហ៊ំ ហឿន ប្រាប់ថា ក្រុមហ៊ុនបិទផ្លូវដោយមិនប្រាប់ហេតុផលអ្វីទាំងអស់ ហើយពេលនេះពលរដ្ឋដែលមានផ្ទះនៅក្នុងកបរិវេណក្រុមហ៊ុនចេញក្រៅបានតែចូលវិញមិនបានទេ។
លោកបន្តថា ទន្ទឹមនឹងការបិទផ្លូវនេះ ក្រុមហ៊ុនបានធ្វើសកម្មភាពឈូសឆាយលើដីរបស់ពលរដ្ឋថែមទៀតផង៖ «ក្រុមហ៊ុនបិទផ្លូវអត់ឲ្យចូលទេ។ ខ្ញុំសំណូមពរឲ្យបើកផ្លូវវិញ»។
ពលរដ្ឋអះអាងថា ក្រុមហ៊ុន ចន្ទ សុធា អភិវឌ្ឍន៍ បានបិទផ្លូវកាលពីថ្ងៃទី១៥ ខែមីនា មានទីតាំងនៅក្នុងភូមិ២៧សែនជ័យ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រុមប្រជាពលរដ្ឋគំរាមធ្វើបាតុកម្មប្រសិនបើក្រុមហ៊ុនមិនបើកផ្លូវឲ្យមានការឆ្លងចេញចូលឡើងវិញ។
ឆ្លើយបំភ្លឺរឿងនេះ នាយកស្តីទីក្រុមហ៊ុន ចន្ទ សុធា អភិវឌ្ឍន៍ លោក ថូ ដា ឲ្យដឹងថា ក្រុមពលរដ្ឋទាំងនោះចូលទន្ទ្រានយកដីក្រុមហ៊ុនដោយគ្មានច្បាប់អនុញ្ញាត។ លោកបន្ថែមថា មូលហេតុដែលក្រុមហ៊ុនបិទផ្លូវ គឺដើម្បីក្រុមពលរដ្ឋចាកចេញទៅវិញ៖ «ក្រុមហ៊ុនមិនបិទផ្លូវទេ គឺឲ្យពួកគាត់ចេញ យើងមិនឲ្យពួកគាត់ចូលទេ»។
ដូចគ្នានេះដែរ អភិបាលស្រុកឆ្លូង លោក ហេង ស៊ីថា និយាយថា ក្រុមពលរដ្ឋចូលទៅរស់នៅទីនោះដោយខុសច្បាប់លើដីក្រុមហ៊ុន និងទាមទារឲ្យពលរដ្ឋរង់ចាំដំណោះស្រាយសិន។ ប៉ុន្តែ លោកអភិបាលស្រុកមិនអាចបញ្ជាក់ពីដំណោះស្រាយរបស់អាជ្ញាធរចំពោះពលរដ្ឋថា ផ្ដល់ទីកន្លែងផ្សេងឲ្យពលរដ្ឋ ឬក៏កាត់ដីក្រុមហ៊ុនឲ្យពលរដ្ឋ៖ «អត់អាចជម្រាបថា ដីកន្លែងណាកាត់ឲ្យពលរដ្ឋ ព្រោះជាចំណាត់ការរបស់ថ្នាក់ជាតិ»។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ ស្នើឲ្យអាជ្ញាធរខេត្តផ្ដល់ដំណោះស្រាយដោយផ្ដល់ដីនៅនឹងកន្លែងដល់ពលរដ្ឋ ព្រោះពលរដ្ឋមានផ្ទះសម្បែង និងផលដំណាំនៅលើដីមានទំនាស់នោះទៅហើយ។
ក្រុមហ៊ុន ចន្ទ សុធា ទទួលបានដីពីរដ្ឋជាង ៥.០០០ហិកតារ កាលពីឆ្នាំ២០១១។ ប៉ុន្តែ អាជ្ញាធរខេត្តបានកាត់ដីពីក្រុមហ៊ុនជូនពលរដ្ឋជាបន្តបន្ទាប់ ដែលសព្វថ្ងៃនេះក្រុមហ៊ុននៅសល់ដីជាងតែ ៥០០ហិកតារទេ។
អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីក្នុងស្រុកឆ្លូង លោក ខ័ណ្ឌ ចំណាន ប្រាប់ឲ្យក្រុមហ៊ុន និងពលរដ្ឋរក្សាភាពស្ងប់ស្ងាត់សិន ព្រោះពេលនេះអាជ្ញាធរខេត្តកំពុងរង់ចាំការសម្រេចថ្នាក់ជាតិ។
លោក ខ័ណ្ឌ ចំណាន ឲ្យដឹងទៀតថា ជាគោលការណ៍អាជ្ញាធរខេត្តបានស្នើកាត់ដីពីក្រុមហ៊ុននេះជូនពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មដូចដើម៖ «ក្នុងពេលដែលថ្នាក់ជាតិកំពុងពិចារណា យើងស្នើពលរដ្ឋ និងក្រុមហ៊ុនស្ងប់ស្ងាត់សិន»។
លោកអភិបាលរងខេត្តថា សព្វថ្ងៃក្រុមហ៊ុន ចន្ទ សុធា បានធ្វើការដាំដុះលើដីជាង ៥០០ហិកតារ ដោយឡែកដីនៅសល់ប៉ុន្មាន អាជ្ញាធរខេត្តនឹងកាត់ដីនោះជូនពលរដ្ឋ។
យ៉ាងណាក៏ដោយចុះ ប្រធានគណៈកម្មការទី១សភា ទទួលបន្ទុកសិទ្ធិមនុស្ស និងពាក្យបណ្ដឹង គឺលោក អេង ឆៃអ៊ាង ទាមទារឲ្យការដោះស្រាយនេះមានតម្លាភាព បើមិនដូច្នោះទេ ទោះរដ្ឋកាត់ដីពីក្រុមហ៊ុន ឬយកដីសម្បទានសង្គមកិច្ចឲ្យពលរដ្ឋច្រើនប៉ុណ្ណា ក៏បញ្ហានៅតែអាចនឹងកើតមានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
