ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តក្រចេះ រិះគន់អាជ្ញាធរខេត្តនេះថា បានគេចវេះមិនព្រមដោះស្រាយបញ្ហាដីធ្លីពួកគាត់។ ការចោទប្រកាន់នេះ គឺបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធមិនបានទទួលយកពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋមួយចំនួនក្រោមហេតុផលផ្សេងៗ។ ប៉ុន្តែមន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តក្រចេះ បញ្ជាក់ថា គ្មានហេតុផលណាមួយដែលអាជ្ញាធរគេចវេះពីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ។
យុទ្ធនាការដាក់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមានបញ្ហាដីធ្លីរ៉ាំរ៉ៃដែលរៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ត្រូវបានបញ្ចប់កាលពី១៩ មីនា។ ក្នុងយុទ្ធនាការនោះ ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានលើកឡើងថា អាជ្ញាធរមិនបានទទួលពាក្យបណ្ដឹងរបស់ពួកគាត់នោះទេ ក្រោមលេសផ្សេងៗ។ លេសទាំងនោះរួមមាន ខ្វះឯកសារដើម មិនទាន់បានឆ្លងកាត់អាជ្ញាធរស្រុកជាដើម។
តំណាងប្រជាពលរដ្ឋដែលមានបញ្ហាជាមួយក្រុមហ៊ុន ហាយយ៉ុង រស់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ខាត់ វង្ស បានឱ្យដឹងថា កាលពីថ្ងៃទី១៩ មីនា ពួកគាត់បាននាំគ្នាយកពាក្យបណ្តឹងរបស់ខ្លួនទៅដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងនៅសាលាខេត្តក្រចេះ ប៉ុន្តែត្រូវបានអ្នកទទួលបា្រប់ថា ពាក្យបណ្ដឹងនោះមិនមែនជាច្បាប់ដើម ដូចនេះអាជ្ញាធរមិនអាចទទួលទុកនោះទេ៖ «ជារឿងដែលមិនត្រឹមត្រូវ គេមិនចង់ដោះស្រាយជូនប្រជាពលរដ្ឋមែន»។
លោកបន្តថា ដីដែលពួកគាត់តវ៉ានោះ គឺចាប់ផ្ដើមមានបញ្ហាតាំងពីឆ្នាំ២០០៨ មក មានប្រជាជន ៩០គ្រួសារ ហើយពួកគាត់បានរស់នៅតាំងពីសង្គមចាស់មកម្ល៉េះ។ លោកបញ្ជាក់ថា តាំងពីពេលដីរបស់ខ្លួនមានបញ្ហាមក ប្រុសៗនៅក្នុងភូមិបានចំណាកស្រុកស្ទើរតែអស់ទៅហើយ ពីព្រោះគ្មានដីសម្រាប់ដីដំណាំ។
តំណាងប្រជាពលរដ្ឋម្នាក់ទៀត ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនតំណាងអង្គរ នៅឃុំ២ធ្នូ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅពេលដែលពួកគាត់នាំគ្នាយកពាក្យបណ្តឹងទៅដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តក្រចេះ ក៏ត្រូវបានអ្នកធ្វើការនៅទីនោះប្រាប់ថា គេមិនអាចទទួលពាក្យបណ្ដឹងនោះបានទេ ពីព្រោះមិនទាន់បានឆ្លងកាត់អាជ្ញាធរស្រុកជាមុននោះ។
អ្នកស្រីបន្តថា ពួកគាត់បានដាក់សំណុំរឿងនេះនៅស្រុកអស់ជាច្រើនខែមកហើយ ប៉ុន្តែនៅតែមិនមានការដោះស្រាយ ហើយហេតុផលដែលខាងមន្ទីរប្រាប់នោះ អ្នកស្រីយល់ថា គឺជាលេសមិនចង់ដោះស្រាយជូនពួកគាត់តែប៉ុណ្ណោះ៖ «ឱ្យមកធ្វើ ឱ្យមកស៊ីញ៉េស្រុកវិញ ហើយបានទៅម្ដងទៀត ហើយបើធ្វើអ៊ីចឹងអីហ្នុងក៏ដូចអីហ្នឹងៗ ក៏ដូចអីហ្នុង ខ្ញុំក៏មិនដឹងជាទៅពឹងអីណាទៀត។ ម៉ែ!ធ្វើម៉ែធ្វើឪគេហើយបើកូនរត់ទៅរកហើយមិនដោះស្រាយឱ្យកូនផង»។
អ្នកស្រីបន្ថែមទៀតថា តាំងពីបញ្ហានេះមិនទាន់ដោះស្រាយឱ្យអ្នកស្រីអាចទទួលយកបានមក ក្រុមគ្រួសារគាត់ត្រូវសុំដីគេរស់នៅ និងដើរស៊ីឈ្នួលគេ ពីព្រោះមិនមានដីសម្រាប់រស់នៅ និងសម្រាប់ដាំដំណាំដូចគេឯង។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីទាំងនោះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន មានប្រសាសន៍នៅថ្ងៃទី២២ មីនា ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ពីព្រោះលោកទើបតែត្រឡប់មកពីបំពេញបេសកម្មខេត្តផ្សេង។
លោកបន្តថា អាជ្ញាធរគ្មានចេតនាណាមួយចង់គេចវេះក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នោះទេ ហើយលោកនឹងឱ្យក្រុមការងារលោកពិនិត្យជុំវិញបញ្ហាមួយនេះ៖ «ហ្នឹងហើយ ចាំខ្ញុំឆែកមើលសិន ព្រោះខ្ញុំអត់ដឹងដែរ ខ្ញុំអត់ទាន់ទទួលបានព័ត៌មានដែរ។ ចាំខ្ញុំសួររដ្ឋបាលសិន ថាតើមានគេមកដាក់អ៊ីចឹងអត់?ហើយចាំសិក្សាតាមក្រោយទៀត»។
ទោះយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ចំពោះនីតិវិធី ប្រសិនបើមានករណីដាក់ពាក្យបណ្ដឹងពីសំណាក់ប្រជាពលរដ្ឋដែលមានបញ្ហា នោះមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលយកពាក្យបណ្តឹងទាំងនោះមករក្សាទុកជាមុនសិន ហើយក្រោយមកគេនឹងធ្វើការប្រជុំពិភាក្សាគ្នា ថាតើបណ្ដឹងមួយណាគប្បីត្រូវដោះស្រាយ និងបណ្ដឹងណាមួយត្រូវច្រានចោល។
រីឯតំណាងប្រជាពលរដ្ឋទាំងនោះក៏តាំងចិត្តថា នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបន្តទៀត រហូតដល់មានដំណោះស្រាយ។
តាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ បានឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃដែលមិនទាន់ធ្វើការដោះស្រាយបាននោះ គឺនៅមានចំនួន ៩ករណី ដែលកើតឡើងចាប់តាំងពីឆ្នាំ២០០៧ ហើយភាគច្រើននៃទំនាស់ដីធ្លីទាំងនោះ គឺមានបញ្ហារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចម្ការកៅស៊ូក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
