អាជ្ញាធរខេត្តក្រចេះ ដែលដឹកនាំលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តនេះ បាននាំក្រុមពលរដ្ឋ ៧២គ្រួសារទៅឲ្យស្គាល់ទីតាំងដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ក្នុងពេលដែលដីនោះកំពុងតែមានក្រុមពលរដ្ឋ ៣១គ្រួសាររស់នៅ។ ការចុះបង្ហាញទីតាំងដីកាលថ្ងៃទី៦ មេសា ធ្វើឲ្យពលរដ្ឋទាំងពីរក្រុមមើលមុខគ្នាមិនចំ និយាយសំឡេងខ្លាំងៗរៀងៗខ្លួននៅមុខអាជ្ញាធរខេត្ត។
ការចុះអន្តរាគមន៍របស់អាជ្ញាធរខេត្តនេះ អមដោយកម្លាំងចម្រុះរាប់សិបនាក់ ប្រដាប់ដោយអាវុធក្នុងដៃ និងបានដកហូតកាំបិត ពូថៅ ចេញពីផ្ទះរបស់ពលរដ្ឋ និងប្រាប់ឲ្យរើឥវ៉ាន់ចេញពីផ្ទះជាបន្ទាន់។ មន្ត្រីសិទ្ធិមនុស្សយល់ថា ទង្វើរបស់សមត្ថកិច្ច គឺបំពានច្បាប់ភូមិបាល និងអនុសាសន៍របស់នាយករដ្ឋមន្ត្រីដែលនិយាយថា មិនបណ្ដេញពលរដ្ឋចេញពីដីបង្កបង្កើនផល។
ប្រជាពលរដ្ឋម្នាក់លោក ឆោម ឆយ ដែលកំពុងរស់នៅលើដីដែលអាជ្ញាធរគ្រោងផ្ដល់ឱ្យពលរដ្ឋ ៧២គ្រួសារនោះ ឲ្យដឹងថា នៅពេលក្រុមសមត្ថកិច្ចប្រាប់ឲ្យលោកចាកចេញពីផ្ទះ គឺពួកគេឡើងលើផ្ទះយកកាំបិតពូថៅរបស់លោកចេញពីផ្ទះទុកក្នុងឡានគេអស់។ លោកឲ្យដឹងទៀតថា នេះជាលើកទី៣ហើយ ដែលក្រុមសមត្ថកិច្ចបណ្ដេញលោកចេញពីផ្ទះ ហើយកាលពីលើកមុនៗ នៅពេលលោកមិនព្រមចេញគឺកងកម្លាំងទាំងនោះដុតផ្លាញផ្ទះលោកចោល៖ «ឲ្យតែមកម្តងៗគេសម្លុត គេដុតផ្ទះ ពេលនេះគំរាមទៀតហើយ»។
តាមឯកសាររបស់ក្រុមពលរដ្ឋចំនួន ៣១គ្រួសារនោះ គឺពួកគេចូលមករស់នៅលើដីទំហំ ១៦៨ហិកតារ នៅចំណុចអូរសំពុង ក្នុងភូមិប្រឡាយទ្រៀល ឃុំដំរីផុង ស្រុកឆ្លូង មុនក្រុមពលរដ្ឋ ៧២គ្រួសារ។ តាមគម្រោងអាជ្ញាធរខេត្តគឺត្រូវផ្ដល់ដីទាំងនោះជូនពលរដ្ឋ ៧២គ្រួសារ ដែលមកពីខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៤។ ប៉ុន្តែក្រុមពលរដ្ឋ ៣១គ្រួសារអះអាងថា ពួកគេរស់នៅលើដីនោះតាំងពីឆ្នាំ២០១២ មកម្ល៉េះ គឺមុនពេលដែលអាជ្ញាធរគ្រោងផ្តល់ដីនោះឲ្យពលរដ្ឋ ៧២គ្រួសារមក។
អភិបាលរងខេត្តក្រចេះ លោក ខ័ណ្ឌ ចំណាន ដែលដឹកនាំក្រុមសមត្ថកិច្ច និងក្រុមពលរដ្ឋ ៧២គ្រួសារមកដល់ទីតាំងដី បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
ករណីទំនាស់ដីធ្លីនេះគឺប្ដឹងផ្ដល់សុំអន្តរាគមន៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ ទោះបែបនេះក្តី ទីបំផុតអភិបាលខេត្តក្រចេះ លោក សរ ចំរុង បានសម្រេចផ្ដល់ដីនោះឲ្យក្រុមពលរដ្ឋ ៧២គ្រួសារ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។
លោកអភិបាលខេត្តប្រាប់ឲ្យសមត្ថកិច្ចការពារសុវត្ថិភាពអ្នកដែលខេត្តទទួលស្គាល់ ដោយមិនអនុញ្ញាតឲ្យមានការរារាំង រំខាន និងទន្ទ្រានពីជនដទៃ។
តំណាងពលរដ្ឋ ៧២គ្រួសារ លោក ផាត់ សុភាព ឲ្យដឹងថា លោកត្រូវទទួលបានដី២ហិកតារដែលអាជ្ញាធរខេត្តចែកឲ្យ។ ទោះយ៉ាងណាក្តី ពលរដ្ឋរូបនេះនិយាយថា ប្រសិនបើដីនេះនៅតែមានការខ្វែងគំនិតគ្នាជាមួយក្រុមពលរដ្ឋ ៣១គ្រួសារ លោកមិនហ៊ានរស់នៅលើដីនេះទេ៖ «បើសុវត្ថិភាពស្រួលខ្ញុំនៅ ប៉ុន្តែបើគ្មានសុវត្ថិភាព ខ្ញុំមិនហ៊ាននៅទេ»។
សព្វថ្ងៃក្រុមពលរដ្ឋ ៣១គ្រួសារ កំពុងរស់នៅលើដីនោះជាប្រចាំ មានផ្ទះសំបែង ដំណាំពេញដី ប៉ុន្តែក្រុមពលរដ្ឋ ៧២គ្រួសារពុំសូវឃើញមានវត្តមានលើដីនោះទេ។ ស្របពេលដែលសមត្ថកិច្ចគ្រោងបណ្តេញពលរដ្ឋចេញពីលំនៅឋាន អាជ្ញាធរខេត្តមិនទាន់បង្ហាញឲ្យដឹងថា នឹងផ្តល់តំបន់ណាឲ្យពលរដ្ឋក្រុម ៣១គ្រួសារនៅឡើយទេ។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ យល់ថា សកម្មភាពអនុវត្តការងាររបស់អាជ្ញាធរខេត្តក្រចេះ គឺខុសទៅនឹងច្បាប់ភូមិបាល និងរំលោភអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំធ្វើការងារទាក់ទងរឿងដីធ្លីជាង ១០ឆ្នាំ ហើយមិនដែលឃើញអាជ្ញាធរធ្វើដូចនេះទេ គឺអាជ្ញាធរបណ្ដេញពលរដ្ឋចេញពីដីដែលពួកគាត់កំពុងអាស្រ័យផល»។
ក្រុមពលរដ្ឋ ៣១គ្រួសារអះអាងថា ស៊ូស្លាប់នៅលើដីដែលពួកគេកំពុងកាន់កាប់រស់នៅនេះ។ ដូចគ្នានេះដែរ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា នឹងកើតមានអំពើហិង្សានៅពេលអាជ្ញាធរប្រើវិធានការបណ្តេញអ្នកទាំងនោះចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
