តុលាការ​ខេត្ត​ក្រចេះ​ដោះលែង​ពលរដ្ឋ​តវ៉ា​រឿង​ដី​ម្នាក់

សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​មួយ​រូប​កាល​ពី​រសៀល​ថ្ងៃ​២៨ មេសា បន្ទាប់ពី​បាន​រក​ឃើញ​ថា គាត់​មិនបាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​ជា​ពេល​កន្លង​មក​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ដំរីផុង ខេត្ត​ក្រចេះ នោះ។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លោក អ៊ួម ផា បាន​សម្ដែង​អារម្មណ៍​សប្បាយរីករាយ និង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នោះ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥ មេសា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​តវ៉ា​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​ពី​សំណាក់​ក្រុមហ៊ុន ប៉ុន្តែ​លោក​គ្រាន់តែ​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​កើត​ហេតុ​សោះ តែ​បែរ​ជា​ត្រូវ​ចាប់​អាជ្ញាធរ​ចាប់​នឹង​បាន​វាយដំ ដោយ​មិន​មាន​កំហុស​ទៅ​វិញ ហើយ​លោក​ហៅ​ការ​ឃាត់​ខ្លួន​លោក​នោះ​ថា​គឺ​ជា​រឿង​អយុត្តិធម៌។

លោក អ៊ួម ផា៖ «វា​មិន​សម​ទេ​បង! ការ​ចាប់​ខ្លួន​ខ្ញុំ​មិន​មាន​ទោសពៃរ៍​អី​សោះ គ្រាន់តែ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ទិញ​អង្ករ​នៅ​ស្វាយជ្រះ ត្រឡប់​មក​បាន​ជួប​គេ​នៅ​ចំណុច​ថ្មសំលៀង។ គេ​ក៏​បាន​ឃាត់ខ្លួន​ចាប់​ខ្ញុំ​មក​ប៉ុស្តិ៍​ប៉ូលិស​នៅ​ខេត្ត​ក្រចេះ​ហ្នឹង ហើយ​ខ្ញុំ​មិន​សូវ​ដឹង​កន្លុក​កន្លែង​ដែរ ខ្ញុំ​និយាយ​កាត់ៗ។ … ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងៗ​ខ្ញុំ​អត់​បាន​ជួប ហើយក៏​មិន​បាន​ដឹង​ឮ​រឿង​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ក៏​ខ្ញុំ​អត់​បាន​ដឹង​ផង ជា​រឿង​អយុត្តិធម៌​ណាស់​ធ្វើ​ហ្នឹង»

​លោក​បន្ថែម​ទៀត​ថា លោក​មាន​ស្រុក​កំណើត​នៅ​ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ហើយ​បាន​លក់​ដី​នៅ​ឯ​ស្រុក​អស់ ហើយ​ក៏​បាន​មក​ទិញ និង​បាន​កាប់​រុករាន​បន្ថែម​ខ្លះ​គ្រាន់​ធ្វើ​ចម្ការ​ចិញ្ចឹម​ប្រពន្ធ​កូន ហើយ​ដី​ដែល​លោក​កាប់​បន្ថែម​នោះ ខាង​ក្រុមហ៊ុន​វៀតណាម នៅ​ទីនោះ​មិន​ទាន់​ឈូស​ឆាយ​នោះ​ទេ។

​កាលពី​ថ្ងៃ​ទី​២៥ និង ២៦ មេសា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣ នាក់ ដោយ​ចោទ​ប្រកាន់​ថា បាន​បង្ក​រំខាន​ដល់​មន្ត្រី​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា និង​បាន​ប្រើ​អំពើ​ហិង្សា​ចំពោះ​អាជ្ញាធរ​ជាដើម។

​ចំណែក​ឯ​ប្រជាពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត គឺ​លោក ទឹម ផល និង​លោក ហម លី តុលាការ​មិន​ទាន់​ដោះលែង​នោះ​ទេ ពីព្រោះ​តុលាការ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ និង​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ប្រជាពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា ក្រោយ​ពេល​កើតហេតុ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​ផ្តិត​មេដៃ​ដើម្បី​ឱ្យ​ដោះលែង​មនុស្ស​ពីរ​នាក់​ដែល​ចាប់ខ្លួន​ដំបូង ជា​ថ្នូរ​នឹង​ការ​សន្យា​ចំពោះ​មុខ​អាជ្ញាធរ និង​ចំពោះ​មុខ​ច្បាប់ ថា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​សាធារណៈ ហើយ​អាជ្ញាធរ​ក៏​បាន​ទទួល​យក​សំណូមពរ​នោះ​ដោយ​ទុក​ពេល​បី​ថ្ងៃ ដើម្បី​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់​តាម​នីតិវិធី ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​តុលាការ​ដោះលែង​តែ​ម្នាក់​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។