ប្រជាពលរដ្ឋ ២៤១គ្រួសារ រស់នៅភូមិពាមប៉ោ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin Phoeuk2) ថាបានប្រើកម្មករជនជាតិវៀតណាម និងកងប្រដាប់អាវុធការពារក្រុមហ៊ុនឲ្យទៅដកបំផ្លាញផលដំណាំអ្នកភូមិដើម្បីយកដី។
អ្នកភូមិអះអាងថា សកម្មភាពរំលោភសិទ្ធិប្រជាពលរដ្ឋនេះ ធ្វើឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន បើទោះបីដីប្រជាពលរដ្ឋនៅតំបន់នោះ កំពុងឋិតក្រោមការចុះវាស់ចេញ សលាកបត្រដោយក្រុមការងារវាស់វែង និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលក៏ដោយ៖ «ព្រឹមមិញមានយួនចំនួនបីនាក់ យួនតំណាងក្រុមហ៊ុន ហើយនិងប៉េអឹម ២នាក់ ប៉ូលិសម្នាក់ សរុបកាំភ្លើង ៣ដើម ដើរដកដំឡូងប្រជាជននៅភូមិពាមប៉ោ។ … អាជ្ញាធរថា ដោះស្រាយថា រង់ចាំៗ ដោះស្រាយឲ្យប្រជាពលរដ្ឋ។ គាត់ចុះទៅប្រជុំថា រង់ចាំការដោះស្រាយៗ ឥឡូវដោះស្រាយដល់ដំណាក់កាលឈូសឆាយ ហើយដុតខោអាវដុតស្អីប្រជាពលរដ្ឋចោលអស់...។ សូម្បីតែចុះមកទិញម្ហូប ក៏យួនវាមិនឲ្យចេញមកទិញដែរ គេសាកសួរចិត្ត គេឲ្យចូលៗ គេមិនឲ្យចូលយើងត្រូវការបកមកវិញ ហើយអ្នកនៅចម្ការត្រូវការអត់អង្ករអត់ម្ហូបហើយ»។
អ្នកភូមិបញ្ជាក់ថា សេរីភាពធ្វើដំណើរចេញចូលភូមិរបស់ប្រជាពលរដ្ឋប្រមាណ ៥គីឡូម៉ែត្រ ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យតឹងរ៉ឹងរបស់ក្រុមហ៊ុនចំនួនបីកន្លែង។ អ្នកភូមិអំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ពីព្រោះអ្នកភូមិបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានច្រើនលើកហើយ ប៉ុន្តែមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរណាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
