អាជ្ញាធរ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​ក្រចេះ​ហែ​ញត្តិ​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ ជាង ៣០០​គ្រួសារ បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​រៀបចំ​ក្បួន​ហែ​ញត្តិ​ទៅ​កាន់​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឡើយ។ សាលា​រាជធានី​ភ្នំពេញ ចាត់​តាំង​អភិបាល​រង​ខណ្ឌ​មានជ័យ លោក ហៀក ចាន់លាង ជា​អ្នក​មក​ទទួល​ញត្តិ ហើយ​សន្យា​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ដល់​ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តំណាង​ប្រជាពលរដ្ឋ លោក ងួន វិបុល មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ទាំង​អស់​នឹង​មិន​ព្រម​ត្រលប់​ទៅ​ខេត្ត​ក្រចេះ​វិញ​ឡើយ បើ​សិន​ណា​ជា​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ។ មួយ​វិញ​ទៀត បើ​ពលរដ្ឋ​ទាំង​នោះ​ត្រលប់​ទៅ​រស់​នៅ​ទីតាំង​ចាស់​ក៏​មិន​អាច​រស់​នៅ​បាន​ដែរ ព្រោះ​ថា ទីតាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​វៀតណាម កាន់​កាប់​បាត់​ទៅ​ហើយ។

​លោក ងួន វិបុល៖ «ខ្ញុំ​មាន​ឆន្ទៈ ខ្ញុំ​ឈឺ​ចាប់ ព្រោះ​តែ​រដ្ឋ​អំណាច​ពុករលួយ​មួយ​ចំនួន​បាន​ឲ្យ​ដៃ​ទៅ​ជនបរទេស ជន​ឆ្លៀត​ឱកាស ក្នុង​នាម​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ដែរ​នោះ ខ្ញុំ​ត្រូវតែ​តស៊ូ ដើម្បី​តវ៉ា​យក​ដី​ដែល​យើង​មាន​បន្តិចបន្តួច​ទៅ​តាម​ជីវភាព​របស់​យើង»

​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ ទាំង​នោះ ទាំង​ក្មេង​ទាំង​ចាស់ ហើយ​ក៏​មាន​ស្ត្រី​ពោះ​ធំ​ផង​នោះ សម្រាក​នៅ​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ព្រះសង្ឃ​នៅ​ក្នុង​វត្ត និង​មន្ត្រី​គណបក្ស​ប្រឆាំង។ ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួកគាត់​ធ្លាប់​សុំ​វត្ត​ផ្សេងៗ​ទៀត​នៅ​ម្តុំ​ជិត​ផ្ទះ​លោក ហ៊ុន សែន ដើម្បី​ស្នាក់​អាស្រ័យ​បណ្ដោះអាសន្ន​តែ​វត្ត​ទាំង​នោះ​មិន​អនុញ្ញាត។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​ចូល​រស់​នៅ និង​កាន់កាប់​ដី​ព្រៃ​នៅ​ភូមិសាស្ត្រ ឃុំ​ឃ្សឹម ស្រុក​ស្នូល ខេត្ត​ក្រចេះ កាល​ពី​ឆ្នាំ​២០០៨។ អ្នក​ទាំង​នោះ​ជា​ជន​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​ក្រចេះ។ ពួកគាត់​បាន​កាប់​ឆ្ការ​ព្រៃ​ដាំ​ដំណាំ​លើ​ដី​ចំនួន​ជាង ២​ពាន់​ហិកតារ ហើយ​ដីធ្លី​នៅ​ទី​នោះ​រាប់​រយ​ហិកតារ បាន​ត្រូវ​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក ហ៊ុន សែន វាស់វែង​និង​ចេញ​សលាកបត្រ​សំគាល់​កម្មសិទ្ធិ​រួច​ដែរ ហើយ​យុវជន​វាស់ដី​ប្រាប់​ថា អ្នក​ដែល​នៅសល់​នឹង​វាស់​ឲ្យ​ពេល​បោះឆ្នោត​រួច ។ ប៉ុន្តែ​ក្រោយ​បោះឆ្នោត គឺ​មិន​មាន​យុវជន​ចុះ​ទៅ​វាស់ដី​នៅ​ទី​នោះ​បន្ត​ទេ ហើយ​នៅ​ដើម​ខែ​ឧសភា​នេះ ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិញ ភឿក ២ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្រចេះ ចុះ​ដុត​ផ្ទះ​ពលរដ្ឋ​យក​ដី​ឲ្យ​ក្រុមហ៊ុន​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។