អ្នក​មាន​បញ្ហា​ដី​នៅ​ក្រចេះ​មក​ដាក់​ញត្តិ​ជូន​ក្រសួង​ដែនដី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ១៦​គ្រួសារ រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ដាក់​ជូន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ ដោយ​ពួក​គាត់​ចាត់​ទុក​ថា ការ​ដោះស្រាយ​​នៃ​អាជ្ញាធរ​ខេត្ត​​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​នោះ​ទេ។

0:00 / 0:00

តំណាង​ដែល​មាន​ជម្លោះ​ដីធ្លី ១៨​គ្រួសារ អ្នកនាង សន កញ្ញា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា ពលរដ្ឋ​ទាំង​អស់​មិន​ស្ងប់​អារម្មណ៍ ខណៈ​ពេល​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ដោះស្រាយ​ចំពោះ​ក្បាល​ដី​ចម្ការ និង​ដី​ភូមិ​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​សុវណ្ណវុទ្ធី ជូន​លោក គីន ស៊ីដូ ដែល​ជា​សន្តិសុខ​នៃ​ក្រុមហ៊ុន​សុវណ្ណវុទ្ធី។

អ្នកស្រី សន កញ្ញា ថ្លែង​បន្ត​ថា ពលរដ្ឋ​មក​ដាក់​ញត្តិ​ជូន​ក្រសួង​ដែនដី នគរូបនីយកម្ម នា​រាជធានី​ភ្នំពេញ និង​ដាក់ចូលទីស្ដីការគណរដ្ឋមន្ត្រីរួចរាល់ហើយ​នៅ​ថ្ងៃ​​ទី១០​មិថុនា។ អ្នកស្រី សន កញ្ញា បញ្ជាក់​បន្ថែម​ថា មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង និង​មន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចេញ​មក​ទទួល​សំណើ​ពលរដ្ឋ​ហើយ ហើយ​មន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អះអាង​ថា គេ​ផ្ដល់​ដំណឹង​ជូន​ពលរដ្ឋ​វិញ បើ​សិន​ថ្នាក់​លើ​ប្រាប់​មក​ថា គួរ​ចាត់ចែង​បញ្ហា​នេះ​យ៉ាង​ណា​នោះ។

អ្នកស្រី សន កញ្ញា បញ្ជាក់​បន្ថែម​ថា ការ​ប្រគល់​ដី​របស់​ពលរដ្ឋ​ដែល​ខំ​ប្រឹងប្រែង​កាប់​ឆ្ការ​ព្រៃ​តាំង​ពី​ឆ្នាំ​២០១០ ដើម្បី​កាន់កាប់​ដី​នេះ​ទៅ​ឲ្យ​លោក គីន ស៊ីដូ វាគឺ​ជា​រឿង​អយុត្តិធម៌​ដែល​ពលរដ្ឋ​ពិបាក​ទទួល​នូវ​ដំណោះស្រាយ​នេះ។ បន្ថែម​លើ​នេះ អ្នកស្រី កញ្ញា អះអាង​ទៀត​ថា ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ចំណោម ១៨​គ្រួសារ​នោះ ភាគ​ច្រើន​ប្ដេជ្ញា​ចិត្ត​ថា បើ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​រឿង​រ៉ាវ​នេះ​មិន​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់ ពួកគាត់​នឹង​ស៊ូ​ប្ដឹង​ផ្ដល់​មក​ថ្នាក់​លើ​ទៀត លុះ​អាជ្ញាធរ​ថ្នាក់​លើ​ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន មាន​ប្រសាសន៍​ថា លោក​មិន​អាច​ស្រាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​១០ មិថុនា នេះ ដោយ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នោះ មិន​ដឹង​ជា​ស្ថិត​នៅ​តំបន់​ណា​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លង​មក​លោក​​ដោះស្រាយ​ពី​បញ្ហា​នេះ​ច្រើន​ពេក។

ទាក់​ទង​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ដែរ ពលរដ្ឋ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ជម្លោះ​ដីធ្លី​កើត​ឡើយ​ដោយ​ក្រុមហ៊ុន​សុវណ្ណវុទ្ធី ដែល​ច្បាម​យក​ដី​ពលរដ្ឋ​នៅ​តំបន់​នោះ​ដាំ​ដើម​កៅស៊ូ។

ក្រោយ​មក​កងរាជអាវុធហត្ថ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក កែវ ជា ចុះ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​នាំ​២០១០។ បន្ទាប់​ពី​បញ្ហា​នេះ​កើត​ឡើង ស្រប​ពេល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ។ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នោះ​បាន​សុំ​ឲ្យ​ក្រុម​និស្សិត​នោះ​ជួយ​វាស់វែង​ពួកគេ​ក៏​ជួយ​វាស់វែង​ដីធ្លី​ជូន​ពួកគាត់។ ប៉ុន្តែ​ក្រោយ​ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បញ្ចប់​សកម្មភាព​របស់​គេ ស្រាប់​តែ​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន យក​ដី​មាន​បញ្ហា​នេះ​ជូន​លោក គីន ស៊ីដូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។