តំណាង​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​ក្រចេះ​ដាក់​លិខិត​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច

ពលរដ្ឋ ៩​នាក់ ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ ៤១៩​គ្រួសារ រស់​នៅ​ភូមិ​ប៉ោ ដើម​ស្វាយ និង​ភូមិ​ប៉ោដើមចេក ក្នុង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដាក់​លិខិត​ស្នើ​សុំ​មួយ​ទៅ​ខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគេ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៩​នាក់ ដែល​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​លិខិត​ស្នើសុំ​ទៅ​នាយករដ្ឋមន្ត្រី គឺ​លោក ហេង គង់ ឲ្យ​ដឹង​ថា ពលរដ្ឋ ៤១៩​គ្រួសារ ភាគ​ច្រើន​ជា​អ្នក​ចំណូល​ថ្មី​មក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​ស្វាយរៀង ហើយ​ភាគ​ច្រើន​គ្មាន​ផ្ទះ និង​ដី​ចម្ការ​បង្កបង្កើន​ផល បាន​នាំ​គ្នា​មក​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ និង​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​ប៉ោដើមស្វាយ និង​ភូមិ​ប៉ោដើមចេក។ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ស្នួល ដាក់​កម្លាំង​ចម្រុះ​ទៅ​ដុត​ខ្ទម​ស្នាក់​របស់​ពួកគាត់​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ។

លោក​បន្ត​ថា សព្វថ្ងៃ​ពលរដ្ឋ​ជាង ៤០០​គ្រួសារ​ទាំង​នោះ បាន​បោះតង់​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​តាម​ផ្ទះ​អ្នក​ភូមិ និង​លើ​ដី​ក្រុមហ៊ុន​ឯកជន​ខ្លះ​នៅ​ក្បែរ​ទីតាំង​ចាស់ ដើម្បី​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគេ តែ​មិន​ឃើញ​មាន​ដំណោះស្រាយ ទើប​ឡើង​មក​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍។

​លោក ហេង គង់៖ «រាល់​ថ្ងៃ​ហ្នឹង​គេ​ដេញ​អត់​ឲ្យ​យើង​នៅ​លើ​ដី​កន្លែង​ហ្នឹង គេ​ដាក់​កម្លាំង​យាម​អត់​ឲ្យ​យើង​ចូល​ទៅ​នៅ​និង​បង្កបង្កើនផល​ហើយ​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ទៅ​នៅ​តាម​ដី​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ជិតៗ ដី​ហ្នឹង​ដដែល ហើយ​បោះតង់​នៅ​អ៊ីចឹង​ទៅ។ ស៊ី​ឈ្នួល​ក្រុមហ៊ុន​បាន​គេ​ឲ្យ​នៅ ហើយ​អ្នក​ខ្លះ​ទៀត ក៏​ទៅ​ស៊ី​ឈ្នួល​ផ្ទះ​ឯកជន​គេ​ក៏​សុំ​បោះតង់​នៅ​ទៅ»

​តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន ចេញ​មក​ទទួល​យក​លិខិត​ស្នើ​សុំ​ពី​ពលរដ្ឋ។ ប៉ុន្តែ​មិន​បាន​សន្យា ឬ​មាន​ដំណោះស្រាយ​ភ្លាមៗ ជូន​ពួកគាត់​នៅ​ឡើយ។

​តំណាង​ពលរដ្ឋ​លោក ហេង គង់ បញ្ជាក់​ថា ពលរដ្ឋ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដី​ទំហំ​ជាង ១​ពាន់​ហិកតារ (១.២៨៥,៣៤) ដែល​ខំ​ឆ្ការ​ព្រៃ​ធ្វើ​ចំការ​នោះ ជា​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគាត់​សម្រាប់​បង្កបង្កើនផល​និង​អាច​សង់​លំនៅឋាន​រស់​នៅ​បាន។

​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ ប្រាប់​ថា ពលរដ្ឋ​ជាង ៤០០​គ្រួសារ​នោះ ពី​មុន​ធ្លាប់​សង់​តង់​ស្នាក់​នៅ​មុំ​គីឡូ​១០៥ ក្នុង​ឃុំ​ឃ្សឹម តែ​ក្រោយពី​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​កុំ​ឲ្យ​សង់​សំណង់​មិន​រៀបរយ​នៅ​តំបន់​នោះ ពួកគាត់​ក៏​ផ្លាស់​ទៅ​រស់​នៅ​ភូមិ​ប៉ោដើមស្វាយ និង​ភូមិប៉ោដើមចេក វិញ។

ស្មៀន​ឃុំ​ឃ្សឹម លោក ស្រស់ ណារិន ប្រាប់​ថា ពលរដ្ឋ​ទាំង​នោះ​ជា​អ្នក​មក​ចំណូល​ថ្មី មក​ចាប់​ដី​រដ្ឋ​រស់​នៅ​ខុស​ច្បាប់ ដោយ​មិន​បាន​ជូន​ដំណឹង ឬ​រាយការណ៍​ពី​ការ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ដល់​អាជ្ញាធរ​ឲ្យ​ដឹង​ជា​មុន​ទេ។ លោក​បន្ត​ថា កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ អាជ្ញាធរ​ស្រុក​បាន​ចុះ​អនុវត្ត​វិធានការ​ក្តៅ ដោយ​ដុត​ផ្ទះ​របស់​ពួកគាត់​ចំនួន ២​លើក​រួច​មក​ហើយ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​រាងចាល និង​នៅ​តែ​បន្ត​រស់​នៅ​ខុស​ច្បាប់​នៅ​ជិត​ទីតាំង​ចាស់​ដែល​បាន​ដុត​នោះ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឃុំ​និង​ស្រុក​នៅ​មិន​ទាន់​មាន​វិធានការ​ច្បាស់លាស់​ដោះស្រាយ​ជូន​ពលរដ្ឋ​ជាង ៤០០​គ្រួសារ​នោះ​នៅ​ឡើយ​ទេ ដោយ​ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។