ពលរដ្ឋមានទំនាស់ដីធ្លីចំនួន ១៩គ្រួសារ រស់នៅភូមិគ្រញូងសែនជ័យខាងជើង ឃុំឃ្សឹម ស្រុកស្នូល កាលពីថ្ងៃទី៥ ខែកញ្ញា ចោទក្រុមហ៊ុនវៀតណាមថា បានឈូសឆាយផលដំណាំកសិកម្មពួកគាត់កាន់តែច្រើនឡើងៗ។ ចំណែកតំណាងក្រុមហ៊ុនវៀតណាម បដិសេធ ការចោទប្រកាន់នេះ ដោយលើកហេតុផលថា ក្រុមហ៊ុនឈួសឆាយ តែដីដែលរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណប៉ុណ្ណោះ។
ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកស្នួល ខែត្រក្រចេះ អះអាងថា ត្រាក់ទ័រឈូសឆាយដីចំនួនពីរគ្រឿង បានឈូសឆាយផលដំណាំ ដូចជា ដំឡូងមី ចេក និងស្វាយចន្ទី ជាដើម អស់ចំនួនជាង ១០ហិកតារ ក្នុងរយៈពេល ២ថ្ងៃមកនេះ។ អ្នកភូមិអះអាងថា ក្នុងពេលឈូសឆាយនោះមានកងកម្លាំងប្រដាប់អាវុធចម្រុះជាអ្នកការងារគ្រឿងចក្រក្រុមហ៊ុន។
តំណាងពលរដ្ឋ លោក ស៊ូ ផល្លា ចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធចម្រុះជិត ៣០នាក់ បានយាមការពារគ្រឿងចក្ររបស់ក្រុមហ៊ុន សាយ ដុង កៅស៊ូ ឌុក ដុង (Say dong Kawsaou Douk Dong) ដែលកំពុងឈូសឆាយលើដីចំនួន ៤៩ហិកតារ ដែលជាដីកំពុងមានជម្លោះ និងមិនទាន់ដោះស្រាយរួចរាល់។ លោកបន្តថា ក្រុមហ៊ុនមានចេតនាយកគ្រឿងចក្រឈូសឆាយដីកសិកម្មពលរដ្ឋ ដើម្បីបំបិទភស្តុតាង និងព្យាយាមបណ្ដេញពលរដ្ឋនៅតំបន់នោះចេញ ដោយចោទពលរដ្ឋថា មករស់នៅ និងកាប់ឆ្ការដីរបស់ក្រុមហ៊ុនទៅវិញ។
លោកថា ក្រុមពលរដ្ឋចំនួន ២៨គ្រួសារបានមកតាំងទីលំនៅមុនពេលដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល៖ «ហើយកម្លាំងសមត្ថកិច្ចចម្រុះ ២៨នាក់ ចូលមកព្យួរដីទំនាស់បងប្អូនប្រជាពលរដ្ឋ ខ្ញុំចង់អំពាវនាវឲ្យសម្ដេចនាយករដ្ឋមន្ត្រីជួយអំពាវនាវមើលបងប្អូនប្រជាពលរដ្ឋ ដែលគាត់មានដីមានដីធ្លីតាំងពីមុនមក ឥឡូវក្រុមហ៊ុនហ្នឹងវាបំពាន»។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់វៀតណាម លោក ឆេន បដិសេធថា ពលរដ្ឋចំនួន ២៨គ្រួសារព្យាយាមកាន់កាប់ដីដែលក្រុមហ៊ុនត្រូវការថែទាំកៅស៊ូ និងហាមឃាត់មិនឲ្យកម្មករក្រុមហ៊ុនថែទាំដំណាំកៅស៊ូរបស់ក្រុមហ៊ុន។ លោកថា ក្រុមហ៊ុនបានស្នើឲ្យអាជ្ញាធរយកកងកម្លាំងប្រដាប់អាវុធ ការងារពីសុវត្ថិភាព នៅពេលដែលក្រុមហ៊ុនកំពុងថែទាំដំណាំកៅស៊ូ។
លោកថា ក្រុមពលរដ្ឋទាំងនោះជាជនចំណាកស្រុកមករស់នៅក្រោយក្រុមហ៊ុនឈូសឆាយវិនិយោគដាំកៅស៊ូនៅតំបន់នោះ៖ «ហើយនៅពេលដែលខ្ញុំមកថែទាំ គាត់មកហាមឃាត់ ដូច្នេះបានជាខ្ញុំស្នើសុំកម្លាំងមកដើម្បីជួយអន្តរាគមន៍»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សាយ ដុង កៅស៊ូ ឌុក ដុង របស់វៀតណាម វិនិយោគដំណាំឧស្សាហកម្មកៅស៊ូលើផ្ទៃដីចំនួន ១.៨៥២ហិកតារកាលពីឆ្នាំ២០១០។
ទាក់ទងករណីនេះ អភិបាលបាលរងស្រុកស្នួល ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក សាន ណាស់ ឲ្យដឹងនៅថ្ងៃទី០៥ ខែសីហា ថា ក្រុមហ៊ុនមិនបានឈូសឆាយផលដំណាំកសិកម្មរបស់ពលរដ្ឋនោះទេ។ លោកថា ក្រុមហ៊ុនបានសម្អាតក្នុងដីរបស់ក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ ចំណែកកងកម្លាំងប្រដាប់អាវុធគ្រាន់តែការពារសុវត្ថិភាពដំណើរការសម្អាតដើម្បីថែទាំកៅស៊ូរបស់ក្រុមហ៊ុន។
លោក សាន ណាស់៖ «គោលនយោបាយគាត់អត់យកទេ ឲ្យគាត់សុំដីសម្បទានសង្គមកិច្ចគាត់អត់យកទេ ដល់អ៊ីចឹងមានតែទុកឲ្យគាត់នៅហ្នឹង ចាំក្រុមការងារខែត្រដោះស្រាយដល់ពេលគាត់អត់ឲ្យគេថែកៅស៊ូអ៊ីចឹងវាអត់ត្រូវទេ គាត់ទៅការដីទុក អាហ្នឹងអត់បានទេ»។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក ខេត្តក្រចេះ លោក ឌិន ខន្នី លើកឡើងថា អាជ្ញាធរ និងក្រុមហ៊ុនយកគ្រឿងចក្រឈូសឆាយផលដំណាំកសិកម្មអ្នកភូមិ ស្របពេលដែលដីមិនទាន់ដោះស្រាយ ថាជាករណីខុសនីតិវិធី។ លោកថា អាជ្ញាធរត្រូវដោះស្រាយជម្លោះជាមុនសិន ទើបសម្រេចឲ្យមានការអាស្រ័យផលលើដីនៅតំបន់នោះ។
លោករកឃើញថា ក្រុមពលរដ្ឋទាំងនោះមានចំនួន ៣គ្រួសារ មករស់នៅតាំងពីឆ្នាំជាង ១៩៩០ ប្រកបរបរដងជ័រទឹក ចំណែកពលរដ្ឋផ្សេងទៀត បានមកតាំងទីលំនៅជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៧ មុនពេលក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ ដូច្នេះ អាជ្ញាធរពាក់ព័ន្ធគួរយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះជូនពលរដ្ឋដោយគោលនយោបាយដែលតម្រូវឲ្យកាត់ផលប៉ះពាល់ចេញ៖ «មើលឃើញថា កាលណាដែលអាជ្ញាធរគាត់យកកម្លាំងប៉ូលិស ប៉េអឹមទៅការពារក្រុមហ៊ុន ចូលឈូសឆាយដីដែលកំពុងមានជម្លោះ ដូច្នេះ ខ្ញុំគិតថា ជាការបំភិតបំភ័យគំរាមកំហែងប្រជាពលរដ្ឋ»។
អ្នកភូមិឲ្យដឹងថា កាលពីខែសីហា ពលរដ្ឋមានជម្លោះដីធ្លីចំនួន ២៨គ្រួសារ ក្នុងនោះមានពលរដ្ឋចំនួន ៩គ្រួសារបានចាកចេញពីតំបន់នោះ ដើម្បីស្វែងរកដីសម្បទានសង្គមកិច្ចដែលអាជ្ញាធរផ្ដល់ឲ្យ ក៏ប៉ុន្តែការស្វែងរកដីសម្បទានសេដ្ឋកិច្ចសង្គមកិច្ចត្រូវបរាជ័យ ដូច្នេះតម្រូវឲ្យពួកគាត់ត្រូវវិលត្រឡប់ទៅរស់នៅកន្លែងដើមវិញ តែមិនត្រូវបានអាជ្ញាធរទទួលស្គាល់ ដើម្បីដាក់បញ្ចូលជាមួយពលរដ្ឋចំនួន ១៩គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
