ពលរដ្ឋរស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ១៦០គ្រួសារ អំពាវនាវឲ្យអាជ្ញាធរស្រុកនេះ ពន្លឿនវាស់វែងដីមួយកន្លែងសម្រាប់អ្នកភូមិកសាងសាលារៀន ខណៈតំបន់ដែលពួកគាត់រស់នៅបច្ចុប្បន្នពុំទាន់មានដីសម្រាប់សាងសង់សាលារៀននៅឡើយទេ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមន្ត្រីសុរិយោដីស្រុក ៣នាក់ បានរារាំងអ្នកភូមិច្រើនលើកមិនឲ្យសម្អាតដីសម្រាប់សាងសង់សាលារៀន ដោយលើកហេតុផលថា ជាដីតំបន់ព្រៃ។
ពលរដ្ឋ ៨០នាក់ ក្នុងចំណោមអ្នកភូមិ ១៦០គ្រួសារ រស់នៅចំណុចគីឡូលេខ ២៥ រហូតដល់គីឡូម៉ែត្រលេខ ៣៦ នៃភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ បានមកសុំកិច្ចអន្តរាគមន៍ផ្នែកច្បាប់នៅសមាគមអាដហុក (Adhoc) កាលពីព្រឹកថ្ងៃទី១ ធ្នូ ករណីមន្ត្រីសុរិយោដីស្រុកព្រែកប្រសប់ ៣នាក់ បានរារាំងអ្នកភូមិមិនឲ្យសម្អាតដីមួយកន្លែងទំហំជិត ២ហិកតារ ដើម្បីសាងសង់សាលារៀន។
តំណាងពលរដ្ឋថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១ ធ្នូ ថា ពួកគាត់បានផ្ដិតមេដៃស្នើសុំម្ចាស់កម្មសិទ្ធិដីឈ្មោះ រឿង សៀន ក្នុងបំណងប្រើប្រាស់ដីទំហំជិត ២ហិកតារ ដើម្បីសាងសង់សាលារៀន ហើយម្ចាស់កម្មសិទ្ធិដីនោះបានឯកភាពរួចហើយ ព្រមទាំងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានផង។
ក៏ប៉ុន្តែមន្ត្រីសុរិយោដីស្រុកព្រែកប្រសប់ ឈ្មោះ ញឹម សុខា បានមករារាំងមិនឲ្យពួកគាត់ប្រើប្រាស់ដីនោះទេ ដោយអះអាងថា ជាតំបន់ព្រៃមិនអាចវាស់វែងផ្ដល់ប្លង់សម្រាប់សហគមន៍បាន។ បុរសដដែលបន្តថា អ្នកភូមិនឹងបន្តក្រាញននៀលទាមទារដីនោះសាងសង់សាលារៀន ព្រោះតំបន់ពួកគាត់រស់នៅគ្មានសាលា ហើយកុមារមួយចំនួនធំបោះបង់ការសិក្សា ព្រោះសាលារៀននៅឆ្ងាយ។ លោកអំពាវនាវឲ្យរដ្ឋាភិបាល អន្តរាគមន៍ផ្ដល់ដីនៅតំបន់នោះជូនពលរដ្ឋប្រើប្រាស់ជាសមូហភាព៖ «ពលរដ្ឋគាត់ឆ្ងល់ថា ហេតុអីបានដីព្រៃវាស់ចេញប្លង់ឲ្យ ចុះពលរដ្ឋដែលមានដំណាំដាំដុះ គេថាដីហ្នឹងព្រៃមិនអាចវាស់បានទេ។ គេគំរាមដោយប្រយោល ចំណុចខ្លះទៅបន្លាចគាត់ គាត់ថា ឲ្យតែហ៊ានធ្វើទៀតគេដាក់ខ្នោះហើយ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តក្រចេះ លោក ប៊ី វ៉ាន់នី ដែលចុះអង្កេតរឿងនេះរកឃើញថា មន្ត្រីជំនាញសុរិយោដីបានប្រើតួនាទីហួសព្រំដែន ខណៈសមត្ថកិច្ចដោះស្រាយវិវាទដីធ្លីនេះ ជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។ លោកថា ពលរដ្ឋ ៨០នាក់ ដែលបានផ្តិតមេដៃទាមទារដីនោះ រងការគំរាមកំហែងដោយប្រយោល តាមរយៈប្រជាជនក្នុងភូមិដូចគ្នា ដែលពួកគេសង្ស័យថា មានមន្ត្រីសុរិយោដីនៅពីក្រោយខ្នង ក្នុងបំណងបំភិតបំភ័យមិនឲ្យពលរដ្ឋទាមទារដីនោះ សម្រាប់សាងសង់សាលារៀន។ លោកសង្កត់ធ្ងន់ថា ការគំរាមកំហែងនោះ ទំនងជាគេបង្វែររឿងពលរដ្ឋ ៨០នាក់ផ្តិតមេដៃរឿងដីធ្លីឲ្យទៅជារឿងបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៖ «គាត់មិនបានចោទប្រកាន់ទេ តែជាលក្ខណៈគំរាមកំហែងហាមមិនឲ្យពលរដ្ឋសំអាតព្រៃលើដីហ្នឹង។ គេថា បើគេចង់ធ្វើប្រជាពលរដ្ឋ គឺគេអាចចាប់ដាក់គុកទាំង ៨០នាក់ហ្នឹង។ អ្នកណាដែលមានស្នាមមេដៃដែលស្នើសុំផ្ដិតធ្វើសាលាហ្នឹង គឺគេយកស្នាមមេដៃហ្នឹងយកទៅក្លែងក្បាលដាក់ថា ស្នាមមេដៃគាំទ្រផ្ដួលរំលំរដ្ឋាភិបាលវិញ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានការិយាល័យសុរិយោដីស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១ ធ្នូ។
កាលពីថ្ងៃទី១៧ វិច្ឆិកា បុរសឈ្មោះ រឿន សៀន អតីតជាយោធាបានផ្តិតមេដៃប្រគល់ដីដែលមានទំហំ ៧០ម៉ែត្រ គុណបណ្ដោយ ១៨០ម៉ែត្រ ប្រគល់ឲ្យអ្នកភូមិ ១៦០គ្រួសារ សម្រាប់សាងសង់សាលារៀនប្រើប្រាស់ជាសមូហភាពដែលមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន។ ទោះជាយ៉ាងណា លោក ប៊ី វ៉ាន់នី សង្ស័យថា គោលបំណងដែលមន្ត្រីសុរិយោដីរារាំងអ្នកភូមិមិនឲ្យសម្អាតដីដើម្បីសាងសង់សាលារៀន ទំនងជាទទួលផលប្រយោជន៍ ឬលាភសក្ការៈផ្សេងច្រើនជាងការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។