គ្រឿងចក្រប្រភេទឈូសឆាយដីហៅជាភាសាបរទេសថា ប៊ុលឌូហ្សែ (Bulldozer) របស់ក្រុមហ៊ុន ឆាយណា ឌីណាមិច (China Dynamic) បានសម្រេចដកចេញពីការដ្ឋានឈូសដីពីរកន្លែងនៅក្នុងភូមិរលួស បន្ទាប់ពីអ្នកភូមិជាង ១០០នាក់ បានលើកគ្នាទៅបណ្ដេញអ្នកបើកបរគ្រឿងចក្រមិនឲ្យឈូសឆាយដីនៅតំបន់នោះ។
មិនមានអំពើហិង្សាអ្វីកើតមានក្នុងហេតុការណ៍នេះទេ ហើយក៏មិនមានសមត្ថកិច្ចណាធ្វើអន្តរាគមន៍ក្នុងបញ្ហានេះដែរ នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែធ្នូ។
អ្នកតវ៉ាម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះមានប្រសាសន៍បញ្ជាក់ថា ពីរលើករួចមកហើយដែលអ្នកភូមិបានសុំឲ្យក្រុមអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាដីធ្លីជូនអ្នកភូមិ ប៉ុន្តែមិនបានលទ្ធផល ចំណែកគ្រឿងចក្រនៅតែបន្តឈូសឆាយ។
លោកបន្តថា អ្នកភូមិទាមទារឲ្យអាជ្ញាធរ និងក្រុមហ៊ុនរក្សាទុកដីសម្រាប់ប្រជាពលរដ្ឋចិញ្ចឹមសត្វពាហនៈ និងដីត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋចុះបញ្ជីដីសមូហភាពសហគមន៍៖ «បីភូមិហ្នឹង គឺចូលរួមមួយកន្លែងហ្នឹង ប្រជាពលរដ្ឋចង់ឲ្យវាដកគ្រឿងចក្រតាមសំណូមពរ គោលបំណងប្រជាពលរដ្ឋចង់បានប៉ុន្មានហ្នឹង»។
ដូចគ្នានេះដែរ អ្នកតវ៉ាម្នាក់ទៀត គឺលោក ស៊ូ មឺ អះអាងថា បានបណ្ដេញគ្រឿងចក្រ ១១គ្រឿង មិនឲ្យឈូសឆាយដី។ លោកបន្តថា អ្នកភូមិនឹងបន្តរារាំងគ្រឿងចក្រមិនឲ្យឈូសឆាយ លុះត្រាមានដំណោះស្រាយសមស្រប៖ «ជុំគ្នាអស់ហើយ នេះកំពុងជួបជុំគ្នានៅកន្លែងអាត្រាក់ៗ កំពុងបញ្ឆេះឲ្យវាទៅកន្លែងវាវិញ ដកចេញឲ្យអស់ ឲ្យវាដកចេញទៅជួបមេដោះស្រាយគ្នា។ ដេញឲ្យចេញផុតពីកន្លែងប្រជាពលរដ្ឋត្រូវការ»។
តំណាងសហគមន៍ជនជាតិដើមភាគតិច មិលព្នង និង ធ្មូន នៅឃុំរលួស ស្រុកសំបូរ កាលពីដើមសប្ដាហ៍មុននេះ អះអាងថា ពួកគេកំពុងប្រមូលស្នាមមេដៃអ្នកភូមិដើម្បីតវ៉ាទៅអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយកាត់ចេញផលប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយសារការឈូសឆាយយកដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់ចិន។
មេឃុំរលួស លោក អ៊ូ គឹមអៀ មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កន្លងទៅ លោកបានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋប្រមាណ ១០ ដើម្បីសម្របសម្រួលឲ្យប្រជាពលរដ្ឋអត់ធ្មត់ រង់ចាំការដោះស្រាយរបស់អាជ្ញាធរថ្នាក់ស្រុកខេត្ត ក៏ប៉ុន្តែប្រជាពលរដ្ឋមិនឯកភាព។
លោកបញ្ជាក់ថា ការទាមទាររបស់ពលរដ្ឋហួសលទ្ធភាពដោះស្រាយរបស់អាជ្ញាធរឃុំ៖ «ពីម្សិលខ្ញុំបានប្រជុំប្រជាពលរដ្ឋមួយចំនួន ហើយខ្ញុំថា ចាំថ្ងៃ៣០ ខ្ញុំទៅប្រជុំជាមួយស្រុក»។
ទាក់ទិនករណីនេះដែរ អភិបាលស្រុកសំបូរ លោក ហេង សុខា អះអាងក្រុមការងារថ្នាក់ស្រុកបានប្រជុំពិភាក្សាករណីនេះនៅថ្ងៃទី៣០ ខែធ្នូ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។ លោកសន្យាថា នឹងចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលឆាប់ៗនេះ៖ «នឹងរៀបចំកម្មវិធីមួយ នឹងចុះទៅជួបពួកគាត់ឆាប់ៗហ្នឹង ដើម្បីជម្រាបជូនគាត់ហើយនិងពន្យល់អំពីវិធីផ្លូវច្បាប់មួយចំនួនជូនគាត់ឲ្យបានយល់ ឲ្យបានដឹងពីបញ្ហានេះ»។
មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តក្រចេះ លោក ហេង ភារៈសម្ដែងការបារម្ភខ្លាចមានអំពើហិង្សា ប្រសិនក្រុមអាជ្ញាធរពាក់ព័ន្ធមិនប្រញាប់ដោះស្រាយបញ្ហាជូនពលរដ្ឋ។ លោកកត់សម្គាល់ថា គោលការណ៍ស្ដីពីសម្បទានដីសេដ្ឋកិច្ចតម្រូវឲ្យកាត់ចេញផលប៉ះពាល់ និងដីត្រៀមបម្រុងសម្រាប់ពលរដ្ឋ ជាពិសេសក្រុមសហគមន៍ជនជាតិដើមភាគតិច៖ «ការតវ៉ារបស់ប្រជាពលរដ្ឋវាអាចមកពីការដោះស្រាយយឺតយ៉ាវរបស់អាជ្ញាធរ ធ្វើឲ្យពួកគាត់អស់ជំនឿ។ អ៊ីចឹងពួកគាត់អាចរកជម្រើសទប់ស្កាត់ដោយខ្លួនឯង»។
រហូតមកទល់នឹងរសៀលថ្ងៃដដែល តំណាងសហគមន៍ឲ្យដឹងថា គ្រឿងចក្រក្រុមហ៊ុនបានដកទៅទីតាំងក្រុមហ៊ុនអស់ហើយ។ ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនគ្រឿងចក្រនៅតែបន្តឈូសឆាយ អ្នកភូមិនឹងលើកគ្នាទៅរឹបអូសគ្រឿងចក្រទុកជាបណ្ដោះអាសន្ន ដើម្បីបញ្ឈប់ការឈូសឆាយលើដីសហគមន៍តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
