ប្រធានក្រុមគណបក្សប្រជាជនកម្ពុជា និងជាសមាជិកសហភាពសម្ព័ន្ធកម្ពុជា រស់នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ លោក សួន វិច្ឆិកា បានមានប្រសាសន៍ឱ្យដឹងថា គម្រោងរបស់ពួកលោកដែលនឹងត្រូវធ្វើបាតុកម្មដោយបិទសាលាឃុំនោះ ត្រូវបានបង្វែរទៅជាការចរចាទៅវិញ។ លោកថា ការបង្វែរពីការធ្វើបាតុកម្មមកចរចានេះ ដោយសារព័ត៌មាននេះត្រូវបានដឹងឮដល់មន្ត្រីរដ្ឋាភិបាល ទើបឃើញមានតំណាងអភិបាលខេត្ត ស្រុក និងមន្ត្រីសុរិយោដីខេត្ត មកសម្របសម្រួល ដោយសន្យាថា នឹងធ្វើការដោះស្រាយជូនពួកគាត់ ដោយថែមកំណត់រយៈពេលយ៉ាងយូរមិនលើសពីមួយខែ នឹងត្រូវចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ទើបធ្វើឱ្យប្រជាពលរដ្ឋជាង ១៥០នាក់ស្ងប់ចិត្ត។
ប្រធានមន្ទីរនគរូបនីយកម្មនិងសំណង់ ប្រចាំខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន បានមានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូ ថា មិនមានការធ្វើបាតុកម្មដោយបិទសាលាឃុំនោះទេ គឺខាងអាជ្ញាធរបានរៀបចំឱ្យមានកិច្ចពិភាក្សារវាងប្រជាពលរដ្ឋទាំងនោះ និងមន្ត្រីដែលពាក់ព័ន្ធ។ លោកបន្តថា ខាងលោកបានដាក់ថ្ងៃកំណត់ក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់យ៉ាងយូរ ៣០ថ្ងៃ។
លោក កៅ ម៉ាឌីឡែន៖ «បាទ! ឥឡូវហ្នឹងយើងបានកំណត់ពេលវេលាអស់ហើយ យើងបានពិភាក្សាទាំងពីជំហានយើងត្រូវធ្វើអីៗ ទាំងពីការធ្វើអនុប្រយោគ យើងធ្វើវិធានកម្មទាំងអស់ហ្នឹង យើងបានកំណត់ពេលវេលាមួយ គឺចាប់ពី ២០ថ្ងៃ ទៅ ៣០ថ្ងៃ យើងនឹងរៀបចំដើម្បីចេញប័ណ្ណជូនពួកគាត់។យើងនឹងខំប្រឹងធ្វើឥឡូវហ្នឹង គឺថា អត់មានពេលសម្រាកទៀត។ យើងនឹងខំប្រឹងធ្វើទាំងយប់ទាំងថ្ងៃទៀតហើយ ដើម្បីធ្វើម៉េចឱ្យទាន់ពេលនូវអ្វីដែលយើងបានកំណត់ជាមួយពួកគាត់»។
តំណាងប្រជាពលរដ្ឋបានបញ្ជក់ថា ពួកគាត់នឹងរង់ចាំមើលការសន្យារបស់មន្ត្រីដែលពាក់ព័ន្ធជុំវិញការដោះស្រាយនេះ ហើយប្រសិនបើលើសពីការកំណត់ ពួកគាត់នឹងបន្តធ្វើការតវ៉ាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
