អាជ្ញាធរ​ខេត្ត​ក្រចេះ​រង​ការ​ចោទ​ថា​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ឡើយ។ ឥឡូវ​នេះ អ្នក​ភូមិ​ប្រមា ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ភូមិ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ៣០​នាក់​ប្រដាប់​ដោយ​អាវុធ និង​នគរបាល ចុះ​ឃាត់​ខ្លួន​អ្នក​ភូមិ​ប្រមា នៅ​ពេល​កំពុង​ធ្វើ​កសិកម្ម​ដាំ​ដុះ​មួយ​រយៈ ហើយ​ក៏​ដោះ​លែង​វិញ​បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់ បាន​ដួល​សន្លប់។ ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ទង្វើ​សមត្ថកិច្ច​ទាំង​នោះ​ថា រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អ្នក​ភូមិ​ប្រមា រហូត​ដល់​កើត​មាន​ជា​អំពើ​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា។ ការ​កើត​មាន​អំពើ​ហិង្សា​នេះ ធ្វើ​ឡើង​ទំនង​អាជ្ញាធរ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ធ្វើ​កសិកម្ម​លើ​ដី​កំពុង​មាន​ជម្លោះ។ តែ​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ប្រមា អះអាង​ថា ពួក​គាត់​មក​ធ្វើ​ស្រែ​លើ​ដី​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​កន្លង​មក ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​មន្ត្រី​អាវុធហត្ថ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ហើយ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដួល​សន្លប់ គឺ​អ្នកស្រី ស្រេង ភោ។ អ្នកស្រី​និយាយ​ថា ដី​ស្រែ​អ្នកស្រី​មាន ៣​ហិកតារ ដែល​គ្រប់គ្រង​ជិត ១០​ឆ្នាំ​មក​ហើយ និង​គ្រោង​ដាំ​ស្រូវ​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុង​ខ្វះខាត ទោះ​បី​ដី​ទំនាស់​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​ក្តី៖ «ឈូស​ឆាយ​ដំឡូង​ខ្ញុំ​អស់​ហើយ ខ្ញុំ​ដាំ​ស្រូវ ចឹង​លោកគ្រូ ដល់​ទៅ​ចាប់ៗ​ចាប់​យាយ​នោះ​ចង​ស្លាប​សេក​ឡើង​ឈាម​ផង គាត់​ចាប់​បោក​យាយ​ហ្នឹង​ទៅ​ដី​ដួល​ទៅ»

បុរស​ដែល​ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ​ដែល​សន្លប់​នៅ​ពេល​ដែល​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា លោក សាយ យឹម និយាយ​ថា អាជ្ញាធរ​បាន​ឈូស​ឆាយ​ផល​ដំណាំ​របស់​គាត់​រាប់​ពាន់​ដើម និង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​លោក ដោយ​បោក​ផ្ទប់​ទៅ​នឹង​ដី​រហូត​ដល់​សន្លប់ និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ទើប​ដឹង​ខ្លួន តែ​នៅ​មិន​អាច​ដើរ​បាន៖ «ពួក​វា​មាន​សមត្ថកិច្ច​សុទ្ធ​កាំភ្លើង វា​ថា​ម៉េច​អា​វែង​តា​អី​ណា​នែ៎ ដី​ដែល​យើង​មក​ធ្វើ​ប្រពន្ធ​អ៊ំ​ប្រហែល​ជា​សន្លប់​ហើយ ទន់​អស់​ហើយ​ខ្លួន​ហ្នឹង​លើក​អត់​រួច​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន ដែល​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ កក្កដា។

ចំណែក​អភិបាល​ស្រុក​ឆ្លូង លោក គុំ មុនី មិន​ផ្តល់​អធិប្បាយ ដោយ​បញ្ជាក់​ថា ករណី​នេះ​ហួស​ដែន​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក។

ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​មិន​បាន​ឈូស​ឆាយ​លើ​ដី​ពលរដ្ឋ​ណា​ស្រប​ច្បាប់​ឡើយ មាន​តែ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ទេ​ដែល​ចូល​មក​រស់នៅ​យ៉ាង​អនាធិបតេយ្យ​លើ​ដី​រដ្ឋ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ក្រចេះ លោក ឌិន ខន្នី រក​ឃើញ​ថា ការ​យក​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ខេត្ត​គំរាម​ពលរដ្ឋ កើត​ឡើង​ស្ទើរ​ជា​ទម្លាប់​ទៅ​ហើយ។ លោក​បញ្ជាក់​ថា ការ​គំរាម​កំហែង និង​ការ​ចាប់​ខ្លួន​មិន​មែន​ជា​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ឡើយ ថែម​ទាំង​ជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ​ថែម​ទៀត។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត គួរ​តែ​រង់ចាំ​ការ​ស៊ើប​អង្កេត​ពី​ស្ថាប័ន​ថ្នាក់​ជាតិ និង​ស្ថាប័ន​រដ្ឋសភា​ជា​មុន​សិន មុន​នឹង​សម្រេច​លើ​បញ្ហា​សំខាន់ៗ​ទាក់ទិន​ជម្លោះ​ដីធ្លី​នេះ៖ «រក​ដំណោះស្រាយ​អត់​ឃើញ​ដោយសារ​តែ​ខាង​នេះ​ជា​ប្រជាពលរដ្ឋ ខាង​នោះ​ក៏​ជា​ប្រជាពលរដ្ឋ យើង​យក​កម្លាំង​ទាហាន​ការពារ​ប្រជាពលរដ្ឋ​ម្ខាង​ឈូស​ឆាយ​ដី​បងប្អូន​ម្ខាង​ទៀត​ជា​ប្រជាពលរដ្ឋ​ដែរ ចឹង​មាន​ន័យ​ថា បេះ​ពី​ម្ខាង​ដំបៅ​ម្ខាង ដាក់​ម្ខាង​ដដែល​ហ្នឹង»

លោក ឌិន ខន្នី សង្កត់​ធ្ងន់​ថា ពលរដ្ឋ ៦៨​គ្រួសារ បាន​ធ្វើ​កសិកម្ម​លើ​ដី​កំពុង​មាន​ជម្លោះ ថា​ជា​ករណី​ខុស​នីតិវិធី​ក៏ដោយ តែ​ពួក​គាត់​ពុំ​មាន​ជម្រើស​ដោយសារ​តែ​ជីវភាព​ខ្វះខាត។ ដោយឡែក​អាជ្ញាធរ​ខេត្ត​ទៅ​វិញ​ទេ បាន​ឈូស​ឆាយ​ផល​ដំណាំ​អ្នក​ភូមិ និង​យក​គ្រឿងចក្រ​ជីក​កំណត់​ទីតាំង​ព្រំ​ដី ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ ៩៩៨​ផ្សេង​ទៀត​អស់​ប្រហែល ៣០​ហិកតារ ស្រប​ពេល​ដែល​ដី​នៅ​តំបន់​នោះ​ពុំ​ទាន់​ដោះស្រាយ។ លោក​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​មួយ​ក្រុម​មក​រស់នៅ ហើយ​មាន​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​ត្រូវ​បណ្ដេញ​ចេញ ថា​មិន​មែន​ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ឡើយ និង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ទៀត​ផង។

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លេខ​៥៤ ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១២ សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣.៦៧១​ហិកតារ ឲ្យ​ទៅ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ដែល​អាជ្ញាធរ​ខេត្ត​ធ្លាប់​បណ្ដេញ​ពលរដ្ឋ​នៅ​ភូមិ​ប្រមា ទាំង ៦៨​គ្រួសារ​នេះ​ចេញ និង​ផ្តល់​ដី​ដែល​បណ្ដេញ​ចេញ​នេះ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។