ពលរដ្ឋ​៥​គ្រួសារ​ចោទ​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ​ថា​បំផ្លាញ​ផលដំណាំ​ពួកគេ

0:00 / 0:00

ពលរដ្ឋ ៥​គ្រួសារ រស់​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ចោទ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ​ថា កាប់​បំផ្លាញ​ផលដំណាំ និង​ដុត​ផ្ទះ​ពួកគាត់ ២​ខ្នង។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ ៥​នាក់ ប្រដាប់​ដោយ​អាវុធ បាន​កាប់​ដំណាំ​ស្វាយចន្ទី​ពួកគាត់​អស់​ជាង ១​ពាន់​ដើម។ ចំណែក​មេ​ឃុំ​កំពង់ចាម ចាត់​ទុក​ពលរដ្ឋ​នៅ​តំបន់​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាកស្រុក​បាន​មក​កាប់​រាន​ដី​ព្រៃ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ចម្ការ។

​ពលរដ្ឋ​ចំណាក​ស្រុក​ភាគ​ច្រើន​មក​ពី​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​មក​តាំងទី​លំនៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កំពុង​ស្វែង​ការ​អន្តរាគមន៍​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អាជ្ញាធរ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​មន្ត្រី​បរិស្ថាន ៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង និង​កាំបិត​បំផ្លាញ​ផលដំណាំ​ពួកគាត់។

តំណាង​ពលរដ្ឋ ៥​គ្រួសារ រស់​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ លោក មាស ធឿន រៀបរាប់​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា មន្ត្រី​បរិស្ថាន​មាន​គ្នា ៥​នាក់ ប្រដាប់​ដោយ​អាវុធ និង​កាំបិត មក​បំផ្លាញ​ដំណាំ​ពលរដ្ឋ ៥​គ្រួសារ និង​ដុត​ផ្ទះ​ពលរដ្ឋ ២​ខ្នង កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​២០ ខែ​មករា ក្រោម​ហេតុផល​ពលរដ្ឋ​ធ្វើ​កសិកម្ម​លើ​ដី​របស់​រដ្ឋ​បំពាន​ច្បាប់។ លោក​បន្ថែម​ថា គ្រួសារ​លោក​មាន​ដី ២​ហិកតារ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០១៤ និង​បាន​ដាំ​ដំណាំ​នៅ​ឆ្នាំ​២០១៥។ លោក​ថា ផ្ទះ​ដែល​គេ​ដុត​គឺ​ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ ៥​ម៉ែត្រ ទទឹង ៤​ម៉ែត្រ កម្ពស់​ជាង ៤​ម៉ែត្រ។

លោក​ត្អូញ​ថា ការ​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះសម្បែង​របស់​ពួកគាត់​បង្ក​ប៉ះពាល់​ជីវភាព​ពួកគាត់​ធ្ងន់ធ្ងរ៖ «ខ្ញុំ​កំពុង​តែ​ឆ្ងល់​មិន​ដឹង​ថា​ច្បាប់​របស់​គេ​មក​ពី​ខាង​ណា​ទេ គេ​ឲ្យ​ដើរ​កាប់​ដំណាំ​ហ្នឹង។ បើ​និយាយ​ទៅ​ដង្កូវ​មូល​ស្លឹក មិន​ឲ្យ​ឡើង​បាន​ដល់​ពេល​គាត់​ទៅ​កាប់។ លុយ​ទិញ​ម្ហូប​ស៊ី​មិន​ហ៊ាន​ទិញ​ទេ​ម្ហូប ទុក​ទិញ​ថ្នាំ​បាញ់​ស្មៅ។ ខ្ញុំ​តូច​ចិត្ត​មែន​ទែន»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ លោក ដួង ឆាយសាវុត ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។

​ចំណែក​មេ​ឃុំ​កំពង់ចាម លោក ឈិត លាង ចាត់​ទុក​ថា ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ថា ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក បាន​មក​តាំង​ទី​លំនៅ​ជា​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ​២០១៤ ចំនួន ១៧០​គ្រួសារ។ លោក​ថា ពលរដ្ឋ​ទាំង​នោះ​មក​កាប់​រាន​ដី​ព្រៃ និង​តាំង​ទី​លំនៅ​លើ​នៅ​តំបន់​ព្រៃ​អភិរក្ស ដែល​ត្រូវ​បាន​ការពារ​ដោយ​អនុក្រឹត្យ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​លើ​រួច​ហើយ។ តែ​ទោះជា​យ៉ាង​ណា លោក​ក៏​មិន​គាំទ្រ​រាល់​ការ​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ដែរ។

លោក​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ផ្លូវ​ច្បាប់​ជា​មូលដ្ឋាន។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បាន​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​ទាំង​នោះ ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ​បន្ត​ទៀត ហើយ​ដី​ដែល​ពួកគេ​បាន​កាប់​ទន្ទ្រាន​នោះ រង់ចាំ​ក្រុម​ការងារ​ថ្នាក់​ស្រុក​ចុះ​ពិនិត្យ និង​ដោះស្រាយ៖ «ខ្ញុំ​មិន​បដិសេធ​ដែល​ឲ្យ​គាត់​រស់​នៅ តែ​គាត់​មក​រស់នៅ​លើ​ដី​របស់​រដ្ឋ​ខុស​ច្បាប់ យើង​មិន​ហ៊ាន​អះអាង​ថា ឲ្យ​គាត់​នៅ ឬ​ដេញ​គាត់​យ៉ាង​ម៉េច​ទេ។ តែ​គ្រាន់​តែ​ណែនាំ​គាត់​មិន​ឲ្យ​កាប់​រើ​ត​ទៅ​ទៀត គាត់​កាប់​បាន​ប៉ុន្មាន​ធ្វើ​ប៉ុណ្ណឹង​សិន​ចុះ»

ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​ទី​រួម​ខេត្ត​ក្រចេះ ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រហែល​ជាង ៥០​គីឡូម៉ែត្រ ដោយ​ឆ្លង​ទន្លេ​មេគង្គ។ ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ភាគ​ច្រើន​រស់​ពឹង​អាស្រ័យ​ធនធាន​ធម្មជាតិ​លក្ខណៈ​គ្រួសារ គឺ​ដង​ជ័រទឹក​រក​ឃ្មុំ បោច​វល្លិ និង​ផ្សំ​ថ្នាំ​បូរាណ​លក់​ជាដើម។

​ប្រធាន​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ថៃ ប៊ុនលៀង បង្ហើប​ថា ពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​កំពង់ចាម ត្បូង​ឃ្មុំ និង​មួយ​ចំនួន​តូច​មក​ពី​ខេត្ត​ក្រចេះ បាន​មក​ដណ្ដើម​ដី​គ្នា​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​អស់​រាប់​សិប​ហិកតារ ហើយ​មន្ត្រី​បរិស្ថាន​ក៏​កំពុង​រក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ លោក​បារម្ភ​ថា វត្តមាន​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បង្ក​ហានិភ័យ​ខ្ពស់​ដល់​ធនធាន​ធម្មជាតិ​នៅ​តំបន់​អភិរក្ស ខណៈ​ពួកគេ​ច្រើន​លួច​កាប់​រាន​ដី​ព្រៃឡង់ ទន្ទ្រាន​យក​ជា​សម្បត្តិ​ឯកជន​បំពាន​ច្បាប់ នៅ​គ្រា​ដែល​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ធ្វេសប្រហែស៖ «ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​រីក ពុំ​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់ ពួកគាត់​ចេះ​តែ​នាំ​គ្នា​ទន្ទ្រាន មុន​និង​ក្រោយ​វា​នឹង​បាត់បង់​ព្រៃ​ហ្នឹង​តែម្ដង។ អ្នក​ការពារ​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង តែ​អ្នក​ចង់​បាន​ដី​គេ​សប្បាយ​ចិត្ត​ក្នុង​ការ​កាប់​យក»

​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​បំផ្លាញ​ផល​ដំណាំ និង​ដុត​ផ្ទះ​សម្បែង​នេះ ជា​ករណី​ខុស​ច្បាប់។ លោក​ថា មន្ត្រី​នគរបាល​យុត្តិធម៌​មាន​កាតព្វកិច្ច​បញ្ជូន​សំណុំ​រឿង​ទៅ​តំណាង​អយ្យការ​អនុវត្ត​ច្បាប់ ដោយ​មិន​ត្រូវ​បំផ្លាញ​ដំណាំ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ។

លោក​ប្រតិកម្ម​ថា ពលរដ្ឋ​ក្រីក្រ​នៅតែ​រង​គ្រោះ​ដោយសារ​តែ​ខ្វះ​ដីធ្លី​ធ្វើ​កសិកម្ម​ដដែលៗ ហើយ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ប្រថុយប្រថាន​កាប់​រាន​ដី​ព្រៃ​ល្មើសច្បាប់ ដោយសារ​រដ្ឋាភិបាល​ហាក់​ខ្វះ​សមត្ថភាព ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ពលរដ្ឋ​ដោយ​យុត្តិធម៌៖ «ការ​អនុវត្ត​ច្បាប់​មានន័យ​ថា ច្បាប់​មួយ​ស្តង់ដារ​ពីរ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់ ចំពោះ​ឧកញ៉ា ដែល​មាន​ឥទ្ធិពល​ការ​ចូល​កាន់កាប់​ដី​ព្រៃ​តាំង​ពី​ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៣ រហូត​ដល់​សព្វថ្ងៃ​ហ្នឹង​អត់​មាន​អាជ្ញាធរ​អត់​មាន​សមត្ថកិច្ច អត់​មាន​តុលាការ​ណា​មួយ​ចាត់​វិធានការ​ទៅ​លើ​ឧកញ៉ា​ទាំង​អស់​នោះ​ទេ»

ទីតាំង​ដី​មាន​ជម្លោះ​នោះ​ឋិត​នៅ​ចំណុច​ស្ទឹង​ឆ្លាំង ខាង​លិច​ភូមិ​យាវ ឆ្ងាយ​ពី​សាលាឃុំ​កំពង់ចាម ប្រហែល ១៥​គីឡូម៉ែត្រ ហើយ​តំបន់​នោះ​គឺ​ជា​គម្រប​ព្រៃឡង់ ខេត្ត​ក្រចេះ និង​ជា​ដែន​ជម្រក​សត្វព្រៃ។ អ្នក​ភូមិ​ថា ដី​ព្រៃ​ដែល​ពួកគេ​កាប់​ទន្ទ្រាន​នោះ​ក្នុង​មួយ​គ្រួសារ​មាន​ចាប់ពី ២​ហិកតារ ដល់ ៥​ហិកតារ អស់​ប្រហែល​ជាង ៥០០​ហិកតារ ហើយ​មូលហេតុ​ដែល​អាជ្ញាធរ​មិន​បាន​ទៅ​ទប់ស្កាត់​អំឡុង​ពេល​ដែល​ពួកគេ​កាប់​ទន្ទ្រាន​ដំបូង​ដោយសារ​តែ​ទីតាំង​នោះ​នៅ​ឆ្ងាយ​ឋិត​នៅ​ឆ្ងាយ​ពី​ភូមិ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។