ប្រជាពលរដ្ឋ អះអាងថា ជាងកន្លះឆ្នាំទៅហើយ មន្ត្រីពាក់ព័ន្ធមិនទាន់ផ្តល់ជូនប័ណ្ណកម្មសិទ្ធិទេ។ បញ្ហានេះ មន្ត្រីមន្ទីរសុរិយោដី ខេត្តក្រចេះ អះអាងថា ការយឺតយ៉ាវដោយសារបញ្ហាបច្ចេកទេស និងក្បាលដីមានច្រើនម៉ឺនកម្មសិទ្ធិ។
ប្រជាពលរដ្ឋពីរភូមិមានគ្នាជាង ១០០នាក់ មកពីឃុំស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា បានប្រមូលផ្តុំគ្នានៅមុខសាលាស្រុកស្នួល ដើម្បីសួរនាំ និងទាមទារឲ្យអាជ្ញាធរចែក ឬផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដែលបានវាស់ត្រឹមត្រូវរួចអស់ហើយ ជូនពួកគាត់ឲ្យបានឆាប់៖ «ជួយអន្តរាគមន៍ផ្ដល់ឲ្យបិទប្រកាស ឬមួយចេញប្លង់។ មិនចេញប្រាប់ថាមិនចេញ តែបើចេញប្រាប់ថាចេញទៅ កុំឲ្យប្រជាពលរដ្ឋជាង ៥០០គ្រួសារសង្ស័យ។ ស្នើបិទប្រកាសផ្សាយ ព្រោះដីវាស់រួចយូរហើយ អត់ប្រកាសផ្សាយ ហើយឥឡូវដល់រដូវដាំដុះ។ ហើយម្យ៉ាង ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភថាប្លង់មិនធ្លាក់ឲ្យ»។
ពលរដ្ឋឃុំស្នួល បានស្នើឲ្យអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំជួយពន្លឿនការចែកប័ណ្ណ ឬផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឃុំស្នួល ឲ្យបានមុនការបោះឆ្នោតជាតិអាណត្តិទី៥ ព្រោះពលរដ្ឋព្រួយបារម្ភខ្លាចមានក្រុមហ៊ុនវិនិយោគរំលោភយក។
អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍នៅថ្ងៃទី១៦ ខែឧសភា ថា ការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋនៅមុខសាលាស្រុកស្នួល គឺគាត់ចង់ដឹងព័ត៌មានជុំវិញការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលក្រុមនិស្សិតបានចុះវាស់ ប៉ុន្តែពលរដ្ឋមិនទាន់ទទួលបានប័ណ្ណទេ។ លោកបន្តថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាសមត្ថកិច្ចរបស់មន្ទីរ ឬក្រសួងសុរិយោដី នគរូបនីយកម្ម និងសំណង់ជាអ្នករៀបចំ។ ប៉ុន្តែ លោកថាបញ្ហាបិទបញ្ជីក្បាលដី ឬការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំស្នួល មន្ត្រីសុរិយោដីខេត្តក្រចេះ ឲ្យដឹងថា នឹងផ្តល់ជូនមុនដាច់ខែឧសភា នេះ។
លោក គង់ គឹមនី៖ «ដោយសារមានពាក្យចចាមអារ៉ាមថាអ៊ីចេះអ៊ីចុះអ៊ីចឹងទៅ គាត់ផ្អើលគាត់ក៏មកសួរអ៊ីចឹងទៅ។ យើងក៏ពន្យល់ប្រាប់គាត់ឲ្យគាត់យល់អំពីបញ្ហាច្បាប់ អំពីបញ្ហាការលំបាក ព្រោះយើងមិនធ្វើតែកន្លែងគាត់មួយទេ។ សម្រាប់អ្នកបញ្ចូលទិន្នន័យដីធ្លីនោះ។ វាជាបច្ចេកទេស វាមានការយឺតយូរអ៊ីចឹងហើយ គ្រាន់តែវាស់ហ្នឹងអស់ពេល ៣ខែទៅហើយ នៅកន្លែងហ្នឹង ដោយសារនៅឆ្ងាយៗ និងមានទំនាស់អ៊ីចឹងទៅ។ យើងមានការយឺតយូរក្នុងការវាស់វែង»។
អភិបាលស្រុកស្នួល ស្នើឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ និងរង់ចាំការដោះស្រាយរបស់មន្ត្រីស្ថាប័នជំនាញសុរិយោដី ដោយសន្តិវិធី។
ទាក់ទិនបញ្ហានេះ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីរសុរិយោដី ខេត្តក្រចេះ មានប្រសាសន៍ថា មន្ត្រីជំនាញកំពុងជំរុញការផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅទូទាំងខេត្តមានចំនួនរាប់ម៉ឺនក្បាលដី មិនឲ្យលើសពីខែឧសភា នេះទេ។ លោកថា មន្ត្រីជំនាញកំពុងមមាញឹកធ្វើឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឃុំស្នួល ជិតរួចហើយៗទំនងជានឹងត្រូវផ្តល់ជូនពលរដ្ឋនៅចន្លោះពីរសប្ដាហ៍ខាងមុខ។
លោក កៅ ម៉ាឌីឡែន៖ «ព្រោះឥឡូវហ្នឹង គោលការណ៍របស់រាជរដ្ឋាភិបាលបានប្រកាសឲ្យគ្រប់ឡូដែលយើងបានវាស់វែង ត្រូវបិទផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឲ្យចប់សព្វគ្រប់។ អ៊ីចឹង សម្រាប់ការធ្វើនៅចំពោះមុខ គឺនៅក្រចេះ យើងនេះ គឺមាន ១៨ឡូ ដែលយើងត្រូវធ្វើក្នុងរយៈតែក្នុង ១ខែ។ អ៊ីចឹង មិនមែនមានតែ ១ឡូ ដែលយើងត្រូវធ្វើទេ។ អ៊ីចឹង ១៨ឡូ វានៅជាង ១ម៉ឺនក្បាលដីទៀត ដែលយើងត្រូវធ្វើ។ អ៊ីចឹង ចំពោះមុខអ្វីដែលគាត់ទាមទារហ្នឹង គឺយើងកំពុងតែធ្វើ។ ខ្ញុំក៏បានជម្រាបលោកអភិបាលស្រុកស្នួល ដែរ ដើម្បីឲ្យគាត់អស់អារម្មណ៍»។
អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិរបស់សមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលមិនបានផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ជាដើមហេតុនាំឲ្យមានទំនាស់ដីធ្លីកើតមាននៅទូទាំងប្រទេស។ ហើយជានិច្ចជាកាល ដីធ្លីកសិកម្ម ឬលំនៅឋានរបស់ប្រជាពលរដ្ឋ ត្រូវមន្ត្រីមានអំណាច ឬក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរំលោភយក។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើឲ្យរដ្ឋាភិបាលជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឲ្យបានច្រើននៅទូទាំងប្រទេស ដើម្បីបញ្ចប់ជម្លោះដីធ្លីនៅកម្ពុជា។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋឃុំស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ការអូសបន្លាយ ឬមិនបានផ្តល់ព័ត៌មានជុំវិញការផ្តល់ប័ណ្ណ ឬកម្មសិទ្ធិដីធ្លីឲ្យពួកគាត់បានដឹង ជាដើមហេតុនាំឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅមុខសាលាស្រុកស្នួល ពីព្រោះពួកគាត់សង្ស័យថា មានភាពមិនប្រក្រតីអាចកើតមានឡើង ឬខ្លាចក្រុមហ៊ុនយកដីពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
