នាយ​សេនាធិការ​រង​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​ប្រើ​អាវុធ​គំរាម​ពលរដ្ឋ​រឿង​ទំនាស់​ដី

0:00 / 0:00

នាយ​សេនាធិការ​រង​វីរសេនា​ធំ​លេង​៤២ ខេត្ត​ស្ទឹងត្រែង រង​ការ​ចោទ​ថា បាន​ប្រើ​អំណាច​និង​យក​អាវុធ​គំរាម​ពលរដ្ឋ​រឿង​ទំនាស់​ដីធ្លី​ចំនួន ៦​គ្រួសារ រស់​នៅ​ឃុំ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។ ពលរដ្ឋ​ចោទ​ថា នាយ​ទាហាន​រូប​នេះ​បាន​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគេ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១០ មក។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ការ​គំរាមកំហែង​របស់​មន្ត្រី​យោធា​នោះ គឺ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ពលរដ្ឋ ៦​គ្រួសារ បាន​មក​ដាក់​ពាក្យ​ប្ដឹង​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​៣ ខែ​សីហា ដើម្បី​សុំ​អន្តរាគមន៍​ទាក់ទិន​ការ​គំរាមកំហែង​ដោយ​មន្ត្រី​យោធា​ម្នាក់ គឺ​នាយ​សេនាធិការ​រង​វីរសេនា​ធំ​លេខ​៤២ លោក គង់ ប៊ុនយ៉ន ព្រោះ​តែ​ទំនាស់​ដីធ្លី។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​ចោទ​ប្រកាន់​ថា ការ​គំរាម​នេះ កើត​ឡើង​ដោយសារ​តែ​មន្ត្រី​យោធា​ទាំង​នោះ ព្យាយាម​យក​ដី​​ឋិត​នៅ​ភូមិ​អូរកណ្តៀរ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ​​ជិត ២០​ហិកតារ ធ្វើ​​​ជា​ទីតាំង​បាញ់​ស៊ីប​សម្រាប់​សមយុទ្ធ។ ​កាល​ពី​ជិត ១០​ឆ្នាំ​មុន ដី​នៅ​តំបន់​នោះ​ឋិត​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង។

តំណាង​ពលរដ្ឋ អ្នកស្រី ផាន់ ស៊ីណា ចោទ​ប្រកាន់​ថា នាយ​សេនាធិការ​រង​វីរសេនា​ធំ​លេខ​៤២ លោក គង់ ប៊ុនយ៉ុន មាន​ចេតនា​គំរាម​កំហែង​គ្រួសារ​អ្នកស្រី បន្ទាប់​ពី​ការ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំងៗ​ទាក់ទិន​ទំនាស់​ដីធ្លី។ អ្នកស្រី​បន្ត​ថា យោធា​ទាំង​នោះ​បាន​កាប់​បំផ្លាញ​ផលដំណាំ​អ្នក​ភូមិ​នៅ​ពេល​យប់​ជា​បន្តបន្ទាប់ ដូចជា ស្វាយចន្ទី​ជិត ១០០​ដើម និង​ដើម​ចេក​ជិត ១០០​ដើម និង​ដំណាំ​ផ្សេង​ទៀត។

អ្នកស្រី​ថា កាល​ពី​ឆ្នាំ​២០១០ មន្ត្រី​យោធា​ទាំង​នោះ​បាន​ខ្ចី​ដី​អ្នក​ភូមិ ​៦​គ្រួសារ ដោយ​មាន​ទាំង​អ្នកស្រី​ផង សរុប​ទាំង​អស់​ចំនួន​ជិត ២០​ហិកតារ ដើម្បី​យក​ទីតាំង​តំបន់​នោះ​ជា​កន្លែង​បង្ហាត់​យោធា​បាញ់​ស៊ីប ហើយ​ពលរដ្ឋ​ក៏​សម្រេច​ឲ្យ​ខ្ចី​តាម​សំណើ។ បន្ថែម​ពី​លើ​នេះ​ទៀត យោធា​ទាំង​នោះ បន្ទាប់​ពី​ខ្ចី​ដី​អ្នក​ភូមិ​បាន ក៏​មិន​ព្រម​ចាក​ចេញ បន្ទាប់​មក​ក៏​សម្រេច​យក​ដី​នៅ​តំបន់​នោះ​ថា ជា​ដី​ទីតាំង​បាញ់​ស៊ីប​សម្រាប់​យោធា​តែម្ដង។

អ្នកស្រី ផាន់ ស៊ីណា៖ «ធ្វើ​បាប​ក្រុម​ខ្ញុំ​ប្រជាពលរដ្ឋ ដាំ​អី​កាប់​ចោលៗ ហើយ​ទី​ធ្វើ​ហ្នឹង​អត់​មាន​ធ្វើ​ពេល​ថ្ងៃ​ទេ ធ្វើ​តែ​ពេល​យប់។ អត់​មាន​បាញ់​ទេ គាត់​មាន​កាំភ្លើង មក​អា​មេ មាន​កាំបិត​មាន​អី ហើយ​មេ យ៉ុន ហ្នឹង​វិញ​ទេ គាត់​ទៅ​ទិញ​កាំភ្លើង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​សេនាធិការ​រង​វីរសេនា​ធំ​លេខ​៤២ លោក គង់ ប៊ុនយ៉ុន មិន​ផ្ដល់​អធិប្បាយ​ដល់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​បាន​ទេ លោក​និយាយ​ថា ច្រឡំ​លេខ។

មេ​ឃុំ​អូរគ្រៀង លោក កែវ បុប្ផា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ស្ដីពី​ការ​ចោទ​ប្រកាន់​នោះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​លោក​ថា ដី​នៅ​តំបន់​នេះ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​នាយសេនាធិការ​វីរសេនា​ធំ​លេខ​៤២ ដើម្បី​ជា​ទី​តាំង​បាញ់​ស៊ីប ព្រោះ​ជា​ដី​នៅ​តំបន់​ភ្នំ។

លោក​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា អាជ្ញាធរ រួម​ទាំង​អាវុធហត្ថ និង​យោធា​បាន​ចុះ​ដាក់​ស្លាក​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំការ​នៅ​ទីតាំង​នោះ ព្រោះ​អាជ្ញាធរ​ខេត្ត​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​យោធា​ខេត្ត​ស្ទឹងត្រែង កាល​ពី​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន ជា​អភិបាល​ខេត្ត៖ «កន្លែង​បាញ់​ស៊ីប គឺ​ទីតាំង​ហ្នឹង គឺ​ភ្នំ​ភូមិភាគ​១ គាត់​បាញ់​ស៊ីប​ជា​រៀង​រាល់​ឆ្នាំ គាត់​ធ្វើ​ការ​ជូន​ដំណឹង​ជិត​ទីតាំង ជិត​កន្លែង​បាញ់​ស៊ីប​ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​យើង​មាន​ការ​ដោះស្រាយ​មួយ គឺ​កុំ​ឲ្យ​ទាក់ទាម​ថា ដី​ហ្នឹង​ជា​ដី​រាស្ត្រ ឬ​ក៏​ដី​របស់​យោធា»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល និយាយ​ថា ការ​យក​អាវុធ​ដើម្បី​គំរាមកំហែង​ដើម្បី​ដោះស្រាយ​បញ្ហា មិន​មែន​ជា​ដំណោះស្រាយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​មូលដ្ឋាន​សិទ្ធិមនុស្ស​នោះ​ទេ ថែមទាំង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

លោក​យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ សម្រេច​កាត់​ដី​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ ដើម្បី​ប្រគល់​ឲ្យ​យោធា​ខេត្ត​ស្ទឹងត្រែង ដោយ​មិន​បាន​ផ្ដល់​សំណង​ដល់​ពលរដ្ឋ និង​មិន​ប្រគល់​ដី​នៅ​ទីតាំង​ផ្សេង​ជា​ការ​ដោះ​ដូរ គឺ​ជា​ការ​អនុវត្ត​ការងារ​ខុស​នីតិវិធី ថែម​ទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ពលរដ្ឋ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​សុទ្ធ​តែ​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន៖ «ធម្មតា​បើ​ទៅ​លួច​កាប់​របស់​គាត់ គាត់​មាន​ការ​តវ៉ា​ហើយ អ៊ីចឹង​បើ​កើត​ចេញ​ពី​ការ​តវ៉ា​ណា​មួយ អ្នកឯង​ប្ដឹងផ្ដល់​ប្រជាពលរដ្ឋ​ទៅ មិន​មែន​មាន​សិទ្ធិ​យក​កាំភ្លើង​ទៅ​គំរាម​កំហែង​ទេ ព្រោះ​ទាហាន​សម្រាប់​ការពារ​ពលរដ្ឋ និង​ការពារ​ជាតិ»

លោក ហូ សំអុល បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ត្រូវ​ការ​ដី​នៅ​ទីតាំង​នោះ ដើម្បី​ជាទី​តាំង​បង្ហាត់​កងទ័ព ឬ​បាញ់​ស៊ីប គួរ​តែ​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ផ្សេង​ទៀត​ជូន​ប្រជាពលរដ្ឋ​វិញ ដើម្បី​ជា​ការ​ដោះដូរ ដោយ​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ​ដែល​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៩៦។

ពលរដ្ឋ​ជាង ៣០​នាក់ រស់​នៅ​ឃុំ​អូរគ្រៀង បាន​ផ្ដិត​មេដៃ​ធ្វើ​ជា​សាក្សី​ដឹង​ឮ ថា​ដី​នោះ​ឋិត​នៅ​ភូមិ​អូរកណ្តៀរ ឃុំ​អូរគ្រៀង ជាប់​ផ្លូវ​ជាតិ​លេខ ៧​អា ពិត​ជា​ដី​កម្មសិទ្ធិ​គ្រប់គ្រង​របស់​ពលរដ្ឋ​ចំនួន ៦​គ្រួសារ ពិត​មែន។ ចំណែក​ពលរដ្ឋ​ទាំង ៦​គ្រួសារ​គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ នៅ​តែ​ពន្យារ​ពេល​មិន​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។