ប្រជាពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងព្រួយបារម្ភពីសុវត្ថិភាពតំណាងរបស់ពួកគាត់ ឈ្មោះ សឿន ផល ដែលត្រូវនគរបាលខេត្តក្រចេះ ចាប់ខ្លួននៅថ្ងៃច័ន្ទ ទី៤ ខែមីនា មិនដឹងឃុំខ្លួននៅទីកន្លែងណា។ នៅល្ងាចថ្ងៃច័ន្ទ ប្រជាពលរដ្ឋបានលើកគ្នាទៅសួរនាំដល់ស្នងការនគរបាលខេត្តក្រចេះ និងដល់សាលាដំបូងខេត្តក្រចេះ ដើម្បីស្នើដោះលែងតំណាងពួកគេ។
ពលរដ្ឋអះអាងថា រហូតមកដល់ល្ងាចថ្ងៃច័ន្ទ ទី៤ ខែមីនា មន្ត្រីតុលាការ និងប៉ូលិសខេត្តក្រចេះ មិនបានប្រាប់ពីទីកន្លែងឃុំខ្លួនតំណាងពួកគេទេ ហើយថា ការចោទប្រកាន់តំណាងពួកគាត់ហាក់មានភាពអាថ៌កំបាំង ព្រោះតំណាងពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។
ពលរដ្ឋ៖ «គេចុះឈ្មោះធ្វើជាសមាជិកគាត់ និងគាំទ្រគាត់ ឲ្យគាត់ជួយដោះស្រាយពីបញ្ហាទំនាស់ដីធ្លី ឬរត់ការទំនាស់ដីធ្លី ហើយពលរដ្ឋក៏រៃលុយគ្នាក្នុងមួយគ្រួសារពី ៣ ឬ ៤ ទៅ ៦ម៉ឺន តាមបងប្អូនមានលទ្ធភាព។ ហេតុដូច្នេះលុយហ្នឹងគាត់យកទៅប្រើប្រាស់អស់ ហើយអ្នកខ្លះមិនឃើញដោះស្រាយដីទំនាស់ជាមួយក្រុមហ៊ុនបានឆាប់ ហើយមានពលរដ្ឋខ្លះចោទគាត់ថា បោកលុយកាក់គេ។ គេដាក់ពាក្យប្ដឹងទៅតុលាការ ហើយពួកខ្ញុំលើកគ្នាទៅតុលាការដើម្បីជួយបំភ្លឺគាត់»។
អភិបាលស្រុកស្នួល លោក គង់ គឹមនី ទទួលស្គាល់ថា ក្នុងមូលដ្ឋានលោកពិតជាមានករណីចាប់ខ្លួនបុរសម្នាក់ពិតមែន គឺទាក់ទងបណ្ដឹងឆបោកលុយ៖ «បណ្ដឹងព្រហ្មទណ្ឌ គឺមានបងប្អូនប្រជាពលរដ្ឋប្ដឹងថា ឈ្មោះហ្នឹងប្រមូលលុយកាក់ឲ្យគេដើម្បីចែកដី។ ដីកានេះគឺគេឲ្យចូលខ្លួនដើម្បីបំភ្លឺបញ្ហានេះ»។
អ្នកស្រី ចាតសូរ រស្មី ព្រះរាជអាជ្ញាអមតុលាការខេត្តក្រចេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទទេ ជុំវិញការចាប់ខ្លួននេះ។ ប៉ុន្តែលោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ មានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែមីនា ថា បុរសឈ្មោះ សឿន ផល ត្រូវប៉ូលិសបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសរួចហើយ។
លោកថ្លែងថា ការចាប់ខ្លួននេះមិនជាប់ពាក់ព័ន្ធទំនាស់ដីធ្លីនោះទេ៖ «ធាតុពិត សឿន ផល ហ្នឹងមានពីរករណី គឺទី១ គេតាំងខ្លួនគេជាអ្នកមេចលនាដើរដោះស្រាយដីធ្លីឲ្យប្រជាពលរដ្ឋ។ ទី២ បណ្ដឹងពីប្រជាពលរដ្ឋទាក់ទងបទឆបោកលុយកាក់គេ ដោយសន្យាថា គេទៅរត់ការជួបអាជ្ញាធរថ្នាក់ស្រុក ខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយដីឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែដល់ពេលដោះមិនបានបងប្អូនចាំយូរទៅៗ បងប្អូនអស់សង្ឃឹម ប្រជាពលរដ្ឋប្ដឹងមកយើងតែម្ដង ហើយយើងចាត់ការទៅតាមនីតិវិធីធ្វើសំណុំរឿងនេះដាក់ទៅតុលាការត្រឹមត្រូវ ហើយតុលាការគេចេញដីកាបង្គាប់មកឲ្យនាំខ្លួន»។
អ្នកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តក្រចេះ មានប្រសាសន៍ថា នឹងអង្កេតលើករណីចាប់ខ្លួនតំណាងពលរដ្ឋនៅឃុំឃ្សឹម ឲ្យដឹងការពិត។ ចំណែកប្រជាពលរដ្ឋឃុំឃ្សឹម បានឲ្យដឹងថា ពួកគាត់នឹងបន្តលើកគ្នាមកតវ៉ាដល់សាលាដំបូងខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ឲ្យដោះលែងតំណាងពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
