ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត ថា​បាន​ប្រើ​អំណាច និង​កង​ប្រដាប់​អាវុធ បង្ខំ​បោះ​បង្គោល​កាត់​យក​ដី​ប្រជាពលរដ្ឋ ដើម្បី​សាងសង់​សាកល​វិទ្យាល័យ ដោយ​សំអាង​ថា ដី​នោះ​ជា​អតីត​ដី​ព្រលានយន្តហោះ​ខេត្ត ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។ អ្នក​ភូមិ​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែស្តៅ សង្កាត់​រកាកណ្ដាល ក្រុង​ក្រចេះ ២៣​គ្រួសារ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ខេត្ត។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា កន្លង​ទៅ បាន​ដឹកនាំ​កង​នគរបាល និង​កង​រាជ​អាវុធហត្ថ ចុះ​បោះ​បង្គោល​កាត់​យក​ដី​ជាង ៩៩​ហិកតារ ក្នុង​នោះ​ដី​ជាង ៤០​ហិកតារ ជា​ដី​ស្រែ និង​ដី​លំនៅឋាន​ប្រជាពលរដ្ឋ ២៣​គ្រួសារ បាន​គ្រប់គ្រង​ដាំដុះ​ជាក់ស្ដែង​ប្រមាណ ២០​ឆ្នាំ​កន្លង​ទៅ​នេះ។

ប្រជាពលរដ្ឋ​ភូមិ​រកាកណ្ដាល លោក សោម សុវណ្ណី មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា អ្នក​ភូមិ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​កាត់​ដី​ស្រែ និង​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ចេញ​ពី​គម្រោង​យក​ដី​សាងសង់​សាកល​វិទ្យាល័យ​វិញ៖ «បង​ប្អូន ២៣​គ្រួសារ​ហ្នឹង មិន​ព្រម​ដោះដូរ​ទេ ហើយ​មិន​ព្រម​ចាក​ចេញ​ទេ គឺ​សុំ​សិទ្ធិ​កាន់​កាប់ និង​អាស្រ័យ​ផល ហើយ​រស់​នៅ​លើ​ដី​ហ្នឹង​តែម្ដង»

សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ ២៣​គ្រួសារ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​១៩៩៨ អតីត​ដី​ព្រលានយន្តហោះ​ខេត្ត​មាន​ទំហំ​ជាង ៥៩​ហិកតារ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​បោះ​បង្គោល​ពង្រីក​ដី​ដល់​ជាង ១៥០​ហិកតារ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​អូរឫស្សី និង​សង្កាត់​រកាកណ្ដាល។

ចៅ​សង្កាត់​រកាកណ្ដាល លោក ស្រី កុសល មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ពិត​ជា​បាន​មក​គ្រប់គ្រង​ដី​ធ្វើ​ស្រែ​ចម្ការ​យូរ​ឆ្នាំ​មក​ហើយ។ ចំណែក​អាជ្ញាធរ​ខេត្ត​សំអាង​ថា ដី​នោះ​ជា​ដី​អតីត​ព្រលានយន្តហោះ​ខេត្ត ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ច្បាស់​ថា ដី​ព្រលានយន្តហោះ​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​មួយ​ផ្នែក​នៅ​តំបន់​នោះ​សុខ​ចិត្ត​ចាក​ចេញ​ជាមួយ​គោលនយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច និង​ប្រាក់​ឧបត្ថម្ភ​រុះរើ​សាងសង់​លំនៅឋាន ហើយ​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ទៀត​មិន​យល់​ព្រម​ចាកចេញ​ពី​ទីតាំង​ដី​របស់​ពួក​គាត់​រស់​នៅ​ធ្វើ​ស្រែ​ចម្ការ​នោះ​ឡើយ៖ «យើង​ឮ​តែ​រដ្ឋ​និយាយ ដល់​លិខិត​ស្នាម​ធ្វើ​ការ​បង្ហាញ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ទៅ​លើ​ដី​រដ្ឋ​មិន​ជា​ចំហ។ ដល់​អ៊ីចឹង​ប្រជាជន​គាត់​ប្រើ​ប្រាស់​ដីធ្លី​ហ្នឹង​យូរ​ហើយ ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ខាង​ក្រោម​ហ្នឹង។ ប្រជាជន​គាត់​មិន​ព្រម​ថា ដី​គាត់ៗ គាស់​រើ​រាន​ចេញ​ជា​ភ្លឺ​ស្រែ ហើយ​ដល់​គាត់​ទៅ​មើល​ដី​ដែល​រដ្ឋ​ប្រគល់​ឲ្យ​សុទ្ធ​តែ​ដី​ព្រៃ»

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១៩៩៨ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល ចុះ​ហត្ថលេខា​រួម​គ្នា​កំណត់​ផ្ទៃ​ដី​ព្រលានយន្តហោះ​មាន​ទំហំ​ជាង ១១២​ហិកតារ មុន​ពេល​ប្រជាពលរដ្ឋ​ចូល​តាំង​ទី​លំនៅ​នៅ​តំបន់​នោះ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ ២៣​គ្រួសារ​គួរ​យោគយល់​ដល់​គម្រោង​សាងសង់​សាកល​វិទ្យាល័យ​ជា​ប្រយោជន៍​សាធារណៈ ហើយ​ទទួល​យក​ដី​សម្បទាន​សង្គមកិច្ច និង​ប្រាក់​ឧបត្ថម្ភ​រុះរើ​លំនៅឋាន៖ «២៣​គ្រួសារ​ហ្នឹង​គាត់​ទាមទារ​សំណង​មួយ​ហិកតារ ១​ម៉ឺន​៥​ពាន់​ដុល្លារ។ រដ្ឋ​មិន​មាន​ទេ ព្រោះ​រដ្ឋ​ចាត់​ទុក​ថា ជា​ដី​របស់​រដ្ឋ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(ADHOC) លោកស្រី ធីម ណារីម មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អង្កេត​ទៅ​លើ​ឯកសារ​របស់​ប្រជាពលរដ្ឋ​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​បាន​បោះ​បង្គោល​កំណត់​ផ្ទៃ​ដី​ព្រលានយន្តហោះ​ច្រើន​លើក ហេតុ​នេះ​ទើប​ផ្ទៃ​ដី​ព្រលានយន្តហោះ​កើន​ឡើង​ដល់​ជាង ១០០​ហិកតារ។

លោកស្រី​បន្ត​ថា អ្នក​ភូមិ​បាន​តវ៉ា​ពី​ករណី​ពង្រីក​ផ្ទៃ​ដី​ព្រលាន ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន៖ «ដោះស្រាយ​អាច​ជា​គោលនយោបាយ​សំណង ឬ​ជា​គោលនយោបាយ​ដីធ្លី​កន្លែង​ថ្មី​គួរ​តែ​ដោះស្រាយ​ជូន​គាត់»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​រដ្ឋ​មាន​ចំនួន ៩៨​គ្រួសារ ក្នុង​នោះ ៤៥​គ្រួសារ បាន​មក​ចាប់​ឆ្នោត​ទទួល​ដី​សម្បទាន​សង្គមកិច្ច។ គោលការណ៍​ផ្ដល់​ដី​សម្បទាន គឺ​មួយ​គ្រួសារ​ទទួល​បាន​ដី​ជាប់​ផ្លូវ​ជាតិ​លេខ​៧ ទំហំ ១.២០០​ម៉ែត្រក្រឡា និង​ប្រាក់​ឧបត្ថម្ភ​រុះរើ​លំនៅឋាន ៣​លាន​រៀល ចំពោះ​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តូច និង ៥​លាន​រៀល​សម្រាប់​អ្នក​មាន​លំនៅឋាន​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។