ការដុតអគារដែលជានិមិត្តរូបនៃក្រសួងយុត្តិធម៌ ដោយក្រុមអ្នកតវ៉ាអំពីបញ្ហាដីធ្លីនេះ គឺធ្វើឡើងនៅខាងមុខក្រសួងយុត្តិធម៌ តែម្ដង បន្ទាប់ពីពួកគាត់បានចូលយកញត្តិទាមទាររបស់ពួកគាត់ទៅដាក់ជូនក្រសួងនេះ ។
មុននឹងក្រុមអ្នកតវ៉ាដុតអគារក្រសួងយុត្តិធម៌ ដែលធ្វើពីក្រដាស រួមនឹងប្រដាប់ប្រដារមួយចំនួនទៀត ដូចជា រូបសំណាកជញ្ជីងដែលម្ខាងតំណាងឲ្យប្រជាពលរដ្ឋក្រីក្រ ហើយម្ខាងទៀតជាក្រដាសប្រាក់ដុល្លារសំណែនមានទម្ងន់ជាង និងបានបាចលាជ បោកឆ្នាំងដី ព្រមទាំងគ្រឿងសំណែនទាំងអស់ចូលទៅក្នុងភ្លើង អ្នកបឹងកក់ដោយមានការចូលរួមពីសហគមន៍ដែលមានវិបត្តិដីធ្លីនៅភ្នំពេញ មួយចំនួនទៀតផង សរុបប្រមាណ ១០០នាក់ បានអុជធូបបន់ស្រន់ និងលែងចាប។
បំណងរបស់ពួកគាត់គឺសូមឲ្យមានការដោះលែង លោកស្រី យ៉ោម បុប្ផា និងសូមឲ្យមានយុត្តិធម៌សម្រាប់អ្នកដែលរងគ្រោះដោយការបណ្ដេញចេញដោយបង្ខំទាំងអស់។
តំណាងសហគមន៍បឹងកក់ និងជាជ័យលាភីពានរង្វាន់ស្ត្រីភាពជាមេដឹកនាំពិភពលោក របស់អង្គការវ៉ាយថល វ៉យស៍ (Vital Voices) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) អ្នកស្រី ទេព វន្នី បញ្ជាក់ពីអត្ថន័យនៃការដុតរូបតំណាងក្រសួងយុត្តិធម៌៖ «ពួកខ្ញុំបូជាស្ថាប័នក្រសួងយុត្តិធម៌ ដែលមិនយុត្តិធម៌ ហើយនិងបូជាស្ថាប័នតុលាការដែលមិនឯករាជ្យ និងយុត្តិធម៌ជូនប្រជាពលរដ្ឋហ្នឹង ហើយនិងមន្ត្រីដែលពុករលួយ ក៏ដូចជាមន្ត្រីដែលមិនបានបំពេញនូវកាតព្វកិច្ចការងារតួនាទីរបស់គាត់បម្រើប្រជាពលរដ្ឋ ជាពិសេសមន្ត្រីនៅក្នុងស្ថាប័នក្រសួងយុត្តិធម៌ផងដែរ ដែលគាត់មិនបានបំពេញទៅតាមការងាររបស់គាត់ធ្វើការផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋហ្នឹង សូមឲ្យវារលាយទៅតាមការបូជាហ្នឹងទៅទាំងអស់ ហើយត្រឡប់មកវិញនូវស្ថាប័នក្រសួងយុត្តិធម៌ ដែលមានយុត្តិធម៌ពិតប្រាកដ និងត្រឡប់មកវិញនូវតុលាការដែលមានឯករាជ្យ និងយុត្តិធម៌ពិតប្រាកដ និងមន្ត្រីដែលល្អធ្វើការបម្រើរាស្ត្រ និងមានឆន្ទៈគោរពទៅតាមកាតព្វកិច្ចនិងតួនាទីរបស់ខ្លួន ធ្វើការបម្រើឲ្យសមជាមន្ត្រីដែលល្អសម្រាប់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ...»។
លោកស្រី យ៉ោម បុប្ផា ជាតំណាងសហគមន៍បឹងកក់មួយរូប។ លោកស្រីបានដឹកនាំការតវ៉ាយ៉ាងសកម្មទាមទារឲ្យដោះលែងតំណាងអ្នកបឹងកក់ ១៥នាក់ ពីពន្ធនាគារព្រៃស កាលពីពេលកន្លងទៅ ហើយលោកស្រីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅពន្ធធនាគារព្រៃស (ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២) ក្រោមការចោទប្រកាន់ពីបទបង្ករបួសស្នាម។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនលោកស្រី យ៉ោម បុប្ផា គឺជាការរៀបចំទុកជាមុន៖ «ដោយមិនមានភស្តុតាងណាបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់របស់តុលាការនេះទេ»។
អនុប្រធានផ្នែកស៊ើបអង្កេតនិងជំនួយការច្បាប់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ក៏អះអាងថា មិនមានភស្តុតាងណាមួយសម្រាប់ដាក់បន្ទុកលើលោកស្រី យ៉ោម បុប្ផា ដែរ៖ «ហើយបើសិនជាមានមែន រដ្ឋាភិបាលគួរតែបង្ហាញឲ្យច្បាស់លាស់នៅក្នុងសវនាការទាំងប៉ុន្មានលើកហ្នឹង បាទ!»។
បច្ចុប្បន្ន សំណុំរឿងលោកស្រី យ៉ោម បុប្ផា កំពុងស្ថិតនៅសាលាឧទ្ធរណ៍។ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ គឺលោក សំ ប្រជាមានិត ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៦ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
