តំណាងសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចោទមន្ត្រីទាហានក្នុងខេត្តម្នាក់ ថាបានឈូសបំផ្លាញព្រៃឈើអស់ប្រមាណ ១០០ហិកតារ។ ប៉ុន្តែមន្ត្រីទាហានរូបនោះ បានច្រានចោលការចោទប្រកាន់របស់តំណាងសហគមន៍ ដោយបញ្ជាក់ថា លោកជាម្ចាស់គ្រឿងចក្រ គឺស៊ីឈ្នួលឈូសឆាយដីចម្ការទៅតាមបញ្ជារបស់ពលរដ្ឋម្ចាស់ដីប៉ុណ្ណោះ។
ភាពមិនច្បាស់លាស់លើការបែងចែកដីព្រៃសហគមន៍ និងដីកម្មសិទ្ធិឯកជននៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ បានក្លាយជាបញ្ហាចម្រូងចម្រាស និងបទល្មើសទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិឯកជន។
ប្រធានសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស លោកស្រី ប៉ិញ អាត មានប្រសាសន៍នៅថ្ងៃទី២១ ខែកក្កដា ថា ដ្បិតផ្ទៃដីព្រៃសហគមន៍ ១.៤៥៩,៥៧ហិកតារ មិនទាន់ទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម ប៉ុន្តែអាជ្ញាធរភូមិ ឃុំ ស្រុក និងជំនាញរដ្ឋបាលព្រៃឈើ បានទទួលស្គាល់សហគមន៍នេះរួចហើយ។ សព្វថ្ងៃ ផ្ទៃដីព្រៃសហគមន៍នេះលំបាកគ្រប់គ្រង ដោយមានជនខិលខូចរំលោភយក។
លោកស្រី ប៉ិញ អាត បន្ថែមថា ដីព្រៃសហគមន៍ប្រហែល ១០០ហិកតារនៅចំណុចខ្លុងរលើង នៃភូមិអញ្ចាញរូង ត្រូវឈ្មួញលួចឈូស។ ប៉ុន្តែចាប់ពីថ្ងៃទី១៨ ខែកក្កដា មក មន្ត្រីទាហានម្នាក់ឈ្មោះ មាស សារ៉េត បានប្រើគ្រឿងចក្រឈូសឆាយព្រៃនោះបន្ថែមទៀត ដោយប៉ះពាល់ទាំងកូនឈើធ្នង់ បេង និងកូនដើមគគីរ ដែលប្រជាសហគមន៍ខំនាំគ្នាដាំជួសកាលពីឆ្នាំ២០១៣ នោះទៀតផង៖ « ឥឡូវកម្លាំងខ្ញុំទៅឃ្លាំមើលហ្នឹងថា គេកំពុងឈូស ! សំណូមពរឲ្យអភិបាលខេត្ត និងមន្ទីរអធិការកិច្ច ចុះជួយអន្តរាគមន៍នៅកន្លែងហ្នឹងផង ព្រោះអីកន្លែងហ្នឹងមិនជាដីចម្ការអីទេ ជាដីព្រៃសុទ្ធ។ ឈ្មោះ មាស ឌី ធ្លាប់ឆ្លើយបង្វែរថា ប្រជាពលរដ្ឋជួលឈូស ហើយពួកគាត់ច្រឡំ តែតាមពិតដីព្រៃហ្នឹងជាដីសហគមន៍ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីយោធា និងជាមេការគ្រឿងចក្រឈូសឆាយដីព្រៃនៅតំបន់ខ្លុងរលើង លោក មាស សារ៉េត ហៅ ឌី ថាពលរដ្ឋដែលមានដីនោះបានជួលឲ្យលោកឈូសឆាយ គឺមានបង្កាន់ដៃកាន់កាប់ខ្លះតាំងពីឆ្នាំ១៩៩៩ និងខ្លះនៅឆ្នាំ២០០៨ ហើយលោកធ្វើទៅតាមផ្ទៃដី និងការចង្អុលបង្ហាញរបស់ម្ចាស់ដីប៉ុណ្ណោះ។ លោកថា បច្ចុប្បន្នលោកកំពុងឈូសឆាយឲ្យពលរដ្ឋចំនួន ១៦គ្រួសារ ដែលមានផ្ទៃដីប្រមាណ ៣០ហិកតារនៅចំណុចខ្លុងរលើង៖ « បងអ្ហែងស្មានថាទម្លាក់គ្រឿងចក្រទៅឈូសបាន គេចាប់ និងមានរឿងឥឡូវ ! តែបើម្ចាស់គេពិតប្រាកដ ម្ចាស់គេត្រឹមត្រូវ មេឃុំគេមាននិយាយអីមួយម៉ាត់ ចៅហ្វាយស្រុកចុះទៅមើលទៀត ព្រោះដីគេមានពាក្យកាន់កាប់ត្រឹមត្រូវ។ ឥឡូវសួរសហគមន៍ហ្នឹងមើល មានពាក្យកាន់កាប់អត់ ? ដែលហាមាត់ថារបស់សហគមន៍នេះ »។
មេឃុំអញ្ចាញរូង លោក ប្លង់ វ៉ាត បញ្ជាក់ថា កន្លងទៅ អាជ្ញាធរ និងតំណាងសហគមន៍បានចុះទប់ស្កាត់សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋដែលនៅសេសសល់ពីការវាស់វែងជូនពលរដ្ឋជាង ១.៤០០ហិកតារ តាមបទបញ្ជាលេខ០១ របស់ប្រមុខរាជរដ្ឋាភិបាល។ លោកទទួលស្គាល់ថា ដីដែលបានឈូសឆាយនោះ ជាកម្មសិទ្ធិរបស់ឯកជនដែលមានលិខិតកាន់កាប់ទទួលស្គាល់ដោយមេឃុំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
