រដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាងពីជោគជ័យលើការងាររបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំទាក់ទងបញ្ហាដីធ្លីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៦ ខែមករា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៣ ត្រូវបានក្រសួងដកហូតដីមានទំហំផ្ទៃដីសរុប ៩០.៦៨២ហិកតារ។ សង្គមស៊ីវិលថ្លែងគាំទ្រចំណាត់ការនេះ និងស្នើឲ្យក្រសួងប្រើប្រាស់ដីនោះឲ្យត្រូវតាមតម្រូវការជាក់ស្ដែងដែលកំពុងកើតឡើង។
ក្រៅពីការដកហូតដីពីក្រុមហ៊ុនចំនួន ២៣ នេះ ក្រសួងបរិស្ថានបានកាត់បន្ថយទំហំដីក្រុមហ៊ុនចំនួន ២។ ក្រុមហ៊ុន ៣ ផ្សេងទៀតស្ម័គ្រចិត្តផ្ទេរដីមកឲ្យក្រសួងវិញ និងក្រុមហ៊ុនចំនួន ៤ ត្រូវបានក្រសួងទុកឱកាសដើម្បីឃ្លាំមើលការអនុវត្តការងារក្នុងរយៈពេលពី ៦ខែ និងមួយឆ្នាំ។
ចំណាត់ការនានាលើក្រុមហ៊ុនសម្បទានដីនេះ ត្រូវបានលោករដ្ឋមន្ត្រី សាយ សំអាល់ ថា ដើម្បីកាត់បន្ថយជម្លោះដីធ្លីរវាងពលរដ្ឋនិងអ្នកវិនិយោគ។ លោកថា ការសម្រេចចិត្តដកហូតដីពីក្រុមហ៊ុន ក្រសួងពិនិត្យទិដ្ឋភាពច្បាប់ កត្តាសេដ្ឋកិច្ច ការអនុវត្តការងាររបស់ក្រុមហ៊ុន៖ «ខ្ញុំយល់ឃើញថា ការសំអាតដីសម្បទានសេដ្ឋកិច្ចគឺធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្តថា មិនជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ»។
របាយការណ៍ក្រសួងបរិស្ថានបង្ហាញថា ការអនុវត្តការងាររយៈពេលមួយឆ្នាំនេះ ផ្តោតលើគោលដៅសំខាន់ៗចំនួនបី គឺកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចិរភាព។ ប្រភពដដែលបង្ហាញថា ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួនសរុប ១១៣ ក្នុងនេះគម្រោងចំនួន ៣២ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេច។
ចំណែកលោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ថ្លែងគាំទ្រចំណាត់ការរបស់ក្រសួងបរិស្ថាន លើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ប៉ុន្តែលោកស្នើឲ្យក្រសួងបរិស្ថាន យកដីទាំងនោះធ្វើជាដីសម្បទានសង្គមកិច្ចដើម្បីផ្តល់ជូនពលរដ្ឋគ្មានដីរស់នៅ។ ជាងនេះទៅទៀត លោកស្នើឲ្យរដ្ឋាភិបាលដាក់ទណ្ឌកម្មទៅក្រុមហ៊ុនទាំងនោះ៖ «ខ្ញុំយល់ឃើញថា ក្រសួងបរិស្ថានគួរតែផ្ដល់ដីដល់ប្រជាពលរដ្ឋក្រីក្រឲ្យគាត់ដាំដំណាំមានប្រយោជន៍ជាង»។
លោក សាយ សំអាល់ ចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថានមក បានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដោយបានរកឃើញថា ក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពក្រោយពីកាប់ឈើអស់ ឬក្រុមហ៊ុនទាំងនោះមានជម្លោះដីធ្លីជាមួយពលរដ្ឋ។ ប៉ុន្តែគេមិនឃើញក្រសួងបង្ហាញចំណាត់ការលើក្រុមហ៊ុនទាំងនោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
