កន្លងទៅនេះក្រុមអ្នកភូមិបានដាក់លិខិតមួយច្បាប់ជូនទៅអាជ្ញាធរខេត្ត ដើម្បីសុំឲ្យអភិបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ទប់ស្កាត់ការឈូសឆាយរំលោភលើដីកសិកម្មរបស់ពួកគាត់។ អ្នកភូមិទាំងនោះបានសុំឲ្យមានវិធានការចុះទៅវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់តាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលដែលចេញកាលពីឆ្នាំ២០១២។
អនុក្រឹត្យរបស់រដ្ឋាភិបាលចុះកាលបរិច្ឆេទកាលពីឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យកាត់ដីទំហំជាង ១ម៉ឺនហិកតារ (១១.៥១៥) ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនចំនួនពីរដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២.៦៥២គ្រួសារ ដែលបានកាន់កាប់ប្រើប្រាស់ដាំដុះជាក់ស្ដែងនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រុមហ៊ុនទាំងពីរនោះមានឈ្មោះក្រុមហ៊ុន ឈុន លីម គ្រុប និងក្រុមហ៊ុនសំណង់ លាង ប៊ូ។ កាលពី ២ឆ្នាំមុន ក្រុមហ៊ុនទាំងពីរនេះទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចជាច្រើនពាន់ហិកតារ ឋិតនៅលើគម្របព្រៃឈើឆ្នាំ២០០២ និងជាតំបន់ការពារទេសភាពបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យនោះ គឺស្របតាមឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ដើម្បីឲ្យក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនអ្នកភូមិស្របច្បាប់ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងអាចបានប្រយោជន៍សំខាន់មួយទៀត គឺគាំទ្រពីម្ចាស់ឆ្នោត។ ប៉ុន្តែរហូតមកឆ្នាំ២០១៤នេះ ការដាក់ចេញនូវបញ្ជារបស់ រដ្ឋាភិបាលនោះ ពុំមានប្រសិទ្ធភាពនោះឡើយ។ អ្នកភូមិជាច្រើនរយគ្រួសារនៅតែទទួលរងគ្រោះបាត់បង់ដីស្រែចម្ការ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បញ្ជាក់ថា កាលពីឆ្នាំ២០១៣ ដីស្រែចម្ការដែលអ្នកភូមិបានកាន់កាប់បង្កបង្កើនផលនោះ មិនត្រូវបានក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឡើយ។ នៅគ្រានោះភាគីខាងក្រុមហ៊ុនបានឃុបឃិតគ្នាជាមួយរដ្ឋអំណាចមូលដ្ឋាន ដោយមូលបង្កាច់ថា ដីស្រែចម្ការរបស់អ្នកភូមិនៅមានគ្រាប់មីន ហើយមិនអាចអនុញ្ញាតឲ្យក្រុមហ៊ុននិស្សិតចូលទៅវាស់វែងជូនអ្នកភូមិបានឡើយ។
ក្រោយមកទៀត ក្រុមហ៊ុន ឈុន លីម គ្រុប និងក្រុមហ៊ុន សំណង់ លាង ប៊ូ ដែលជាប់កាតព្វកិច្ចក្នុងអនុវត្តតាមអនុក្រឹត្យរបស់រដ្ឋាភិបាលនៅគ្រានោះ ត្រូវគេមើលឃើញថា បាននៅស្ងៀមមួយរយៈ។ តែក្រោយមក ដើម្បីដោះខ្លួនឲ្យរួចផុតពីអនុក្រឹត្យរបស់រដ្ឋាភិបាលនោះ ក្រុមហ៊ុនទាំងពីរនេះ ក៏បានផ្ទេរសិទ្ធិស្ងាត់ៗទៅឲ្យក្រុមហ៊ុនថ្មីមួយទៀត ដែលគ្រប់គ្រងដោយមន្ត្រីយោធា។ មន្ត្រីយោធារូបនោះត្រូវគេស្គាល់ឈ្មោះថា តូ ធានទឺ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលគ្រប់គ្រងដោយមន្ត្រីយោធាមួយនេះ គេនៅមិនបានស្គាល់ឈ្មោះនោះឡើយ។ នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ក្រុមហ៊ុននេះគិតថា ខ្លួនពុំមានឈ្មោះជាប់នៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាល ក៏ចាប់ផ្ដើមបញ្ជូនគ្រឿងចក្រទៅឈូសឆាយរំលោភបំផ្លាញលើផលដំណាំស្រូវរបស់អ្នកភូមិជាបន្តបន្ទាប់។
ក្រុមអ្នកភូមិថ្លែងថា ក្រុមហ៊ុនប្រើកងទាហានដាក់គ្រឿងចក្រទៅឈូសឆាយរំលោភលើដីកសិកម្មទំហំជាង ១ពាន់ហិកតារ លើដីរបស់អ្នកភូមិជាង ៤០០គ្រួសារ ឋិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៖ «គិតពិចារណាមើលដីស្រែ ប្រជាពលរដ្ឋធ្វើចង់ស្រឡះអស់ហើយ ទៅធ្វើលើដីប្រជាពលរដ្ឋ។ រឿងនេះប្រជាពលរដ្ឋគ្នាភ័យបានសុំឲ្យធ្វើតាមចំណាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥឡូវគេកំពុងតែឈូសឆាយហ្នឹងឯង»។
ដោយសាររងគ្រោះបាត់បង់ដីស្រែចម្ការ និងភ័យខ្លាចពីការគំរាមកំហែងផងនោះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ អ្នកភូមិចំនួន ៤២៨គ្រួសារ រស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានដាក់លិខិតមួយទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយអន្តរាគមន៍លើករណីដីធ្លីនេះ។
ដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុននោះ គឺក្រុមអ្នកភូមិអះអាងថា បានកាន់កាប់អាស្រ័យផលជាក់ស្ដែងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ប៉ុន្តែក្រោយមកនៅឆ្នាំ២០០៨ ខាងក្រុមហ៊ុនសំណង់ លាង ប៊ូ បានចូលទៅឈូសឆាយនៅលើដីនោះ៖ «គោលបំណងសុំឲ្យធ្វើទៅតាមចំណារសម្ដេចនាយក រដ្ឋមន្ត្រីគាត់ដាក់ថា ឲ្យក្រុមហ៊ុនពីរនេះដកចេញ ប្រគល់ដីឲ្យរដ្ឋ រដ្ឋនឹងសម្បទានជូនប្រជាពលរដ្ឋដែលបានដាំដុះជាក់ស្ដែងហើយ។ ដីនេះនិស្សិតមិនទាន់បានវាស់វែងធ្វើប្លង់ នៅចំហនៅឡើយ ដល់ក្រុមចុះមកគេថា ដីព្រៃត្រូវបានគេ ដីស្រែត្រូវបានប្រជាពលរដ្ឋ»។
វិទ្យុអាស៊ីសេរីកាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ មិនអាចសុំការបញ្ជាក់ពីអភិបាលបន្ទាយមានជ័យ បានឡើយ ប៉ុន្តែកន្លងទៅថ្មីនេះ លោក គោ ស៊ុំសារឿត ជាអភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរខេត្តទទួលបានលិខិតពីក្រុមហ៊ុនទើបបង្កើតថ្មីមួយដែលទទួលបានការផ្ទេរសិទ្ធិពីក្រុមហ៊ុនសំណង់ លាង ប៊ូ។ ក្រុមហ៊ុននេះបានសំអាងលើលិខិតរបស់ក្រសួងបរិស្ថាន និងសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយបានពួកគេសុំឲ្យអាជ្ញាធរខេត្តអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការឈូសឆាយដីនៅតំបន់នោះ។
តែបញ្ហានេះ លោកអភិបាលខេត្តបដិសេធថា អាជ្ញាធរខេត្តមិនអាចអនុញ្ញាតបាននោះឡើយ។ ទន្ទឹមគ្នានេះ លោកអះអាងថា អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការរួចរាល់ហើយ ដើម្បីចុះទៅសិក្សា ដោះស្រាយដីមានជម្លោះជូនប្រជាពលរដ្ឋ៖ «ហើយចុះទៅមើលទាំងអស់គ្នាទៅ ហើយចុច GPS នៅត្រង់ណាអីត្រង់ណា គេឲ្យត្រង់ណា ដើម្បីឲ្យដឹងថា វាប៉ះជាមួយប្រជាពលរដ្ឋប៉ុណ្ណា»។
កាលពីសម័យអភិបាលចាស់គ្រប់គ្រងដោយអតីតអភិបាលខេត្ត លោក អ៊ុង អឿន ក្រុមអ្នកភូមិធ្លាប់បានដាក់ពាក្យបណ្ដឹងចូលទៅសាលាខេត្តជាច្រើនដង ក៏ប៉ុន្តែពួកគាត់ពុំទទួលបានការដោះស្រាយនោះឡើយ។ ពួកគាត់បន្តថា ឈរលើគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីនោះ កាលពីឆ្នាំ២០១២ មានក្រុមនិស្សិតបានចុះទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែរ ប៉ុន្តែដីរបស់អ្នកភូមិដែលកំពុងកាន់កាប់អាស្រ័យផលដាំដុះជាក់ស្ដែងនោះ មិនត្រូវបានក្រុមនិស្សិតវាស់វែងឲ្យនោះទេ ដោយចាត់ ទុកថា ដីនោះសង្ស័យមានគ្រាប់មីនកប់ក្នុងដី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ខែមករា ឆ្នាំ២០១៤ ដីធ្លីរបស់អ្នកភូមិត្រូវបានក្រុមហ៊ុនប្រើប្រាស់កងទាហាននៃកងពលលេខ៥១ ដឹកនាំដោយឈ្មោះ តូ ធានទឺ ឈ្មោះ សៅ ចន្ថា និងឈ្មោះ នុត ចំណាន យកគ្រឿងចក្រចូលទៅឈូសឆាយនៅលើដីរបស់អ្នកភូមិ។
ទន្ទឹមគ្នានេះ លោកជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿនការដោះស្រាយជម្លោះដីធ្លីនេះជូនប្រជាពលរដ្ឋឲ្យឆាប់។ លោកថា ក្រុមអ្នកភូមិសព្វថ្ងៃ កំពុងមានការព្រួយបារម្ភពីការបាត់បង់ដីស្រែចម្ការរបស់ពួកគាត់។ ក្រុមអ្នកភូមិបានពឹងផ្អែកទាំងស្រុកទៅដីកសិកម្ម ហើយបើសិនក្រុមហ៊ុន និងទាហានទៅរំលោភបំពានយកនោះ ពួកគាត់មិនមានដីធ្វើស្រែចម្ការនោះឡើយ។ បញ្ហានេះអាចធ្វើឲ្យជីវភាពរបស់អ្នកភូមិជួបការលំបាកធ្ងន់ធ្ងរថែមទៀត។
នៅក្នុងអនុក្រឹត្យកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ក្រៅពីការតម្រូវឲ្យមានការកាត់ដីទំហំជាង ១ម៉ឺនហិកតារ ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ឈុន លីម គ្រុប និងក្រុមហ៊ុនសំណង់ លាង ប៊ូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវធ្វើប្រទានកម្មជាកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលបានកាន់កាប់និងដាំដុះជាក់ស្ដែងចំនួន ២.៦៥២គ្រួសារ។ ក្នុងនោះនៅភូមិប្រាសាទត្បែង ៦៨១គ្រួសារ និង ១.៩៧១គ្រួសារទៀតនៅភូមិក្បាលទន្សោង ភូមិបន្ទាយឆ្មារលិច ភូមិត្រពាំងធ្លក និងភូមិស្រះជ្រៃ ឋិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បទប្បញ្ញត្តិណាដែលផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងស្ថាប័នពាក់ព័ន្ធនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមអនុក្រឹត្យឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
