មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ថ្មីរបស់អង្គការលីកាដូ ដែលរកឃើញថា រដ្ឋាភិបាលកម្ពុជា បរាជ័យក្នុងការដោះស្រាយវិបត្តិដីធ្លី និងចាត់ទុករបាយការណ៍នោះថា ធ្វើឡើងដោយសិក្សាមិនបានគ្រប់ជ្រុងជ្រោយ។
មិនខុសពីលើកមុនទេ រដ្ឋាភិបាលតែងចេញមកបដិសេធនូវរបាយការណ៍រកឃើញរបស់អង្គការសង្គមស៊ីវិល ដែលសិក្សាឃើញពីការច្បាមយកដីកាន់កាប់ដ៏លើសលប់ពីក្រុមហ៊ុនឯកជន ក្រោមរូបភាពអភិវឌ្ឍន៍ ដែលជាដើមចមមួយនៃទំនាស់ដីធ្លីនៅកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ មេសា លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តបទបញ្ជា ០១ ដោយនៅដើមឆ្នាំ២០១៤ នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា ដែលមានហិង្សាធ្ងន់ធ្ងរ និងធ្វើឲ្យពលរដ្ឋជាង ២ពាន់គ្រួសារនៅស្ទើរគ្រប់ខេត្ត កំពុងរងផលប៉ះពាល់ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច។
អង្គការលីកាដូ ក៏រកឃើញថា រយៈពេលជាង ១៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០០ ការបរាជ័យដ៏អាម៉ាស់របស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិដីធ្លីនៅកម្ពុជា មិនបានថមថយឡើយ និងធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។
លោក សរ សុវណ្ណ បញ្ជាក់ថា ក្រសួងមិនទទួលស្គាល់ចំនួនតួលេខដែលអង្គការលីកាដូបានរកឃើញទេ ដោយចាត់ទុករបាយការណ៍ដែលរកឃើញនោះ សិក្សាមិនបានគ្រប់ជ្រុងជ្រោយ ហើយមិនបានបញ្ជូនឲ្យក្រសួងពិនិត្យ៖ «អ៊ីចឹងគេនិយាយថាម៉េចក៏បានដែរ តែចំណុចការពិត គឺមិនអាចយកបាតដៃទៅបាំងព្រះអាទិត្យបានទេ។ ទី១ គឺដោះទំនាស់តំបន់ដែលស្រពេចស្រពិលពីមុនមក តំបន់សម្បទានសេដ្ឋកិច្ចដែលប្រជាពលរដ្ឋនៅកណ្ដាលតំបន់ហ្នឹង មានបញ្ហាចម្រូងចម្រាស ដល់ទៅដល់សម្ដេចបានអនុវត្តទៅ តាមសេចក្តីណែនាំលេខ០១៨ យើងចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ ផ្តល់សិទ្ធិទៅដល់អ្នកដែលកាន់កាប់ប្រើប្រាស់ជាក់ស្តែងនៅតំបន់នោះ មានន័យថា ដោះស្រាយទំនាស់ផ្តល់ដីដល់គាត់ ធានាផ្តល់ប្លង់កម្មសិទ្ធិប៉ុណ្ណឹងហើយម៉េចទៀត?»។
លោកបន្តថា តាមការសិក្សារកឃើញរបស់ក្រសួងបង្ហាញថា ការចុះបញ្ជីបទបញ្ជា ០១ ក្នុង១ពាន់ក្បាលដី មានតែ ៣ ទៅ ៤ទំនាស់ប៉ុណ្ណោះ ដែលតួលេខនេះ គឺបញ្ជាក់ថា ទំនាស់ដីធ្លីនៅកម្ពុជា មានតិចតួចបំផុត។
ទំនាស់ក្នុងតំបន់អនុវត្តបទបញ្ជាលេខ ០១ មានចំនួនជិត ៦ពាន់ក្បាលដី (៥.៩៤១) ដែលស្មើនឹង ០,៨ភាគរយ នៃក្បាលដីដែលបានបិទផ្សាយសរុបជាង ៧សែនក្បាលដី (៧០៧.១៥៦)។
របាយការណ៍ដដែលបង្ហាញថា ចាប់តាំងពីដំណើរការបទបញ្ជា ០១ រហូតមកដល់ដំណាច់ខែមីនា ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីគ្រប់ថ្នាក់ បានទទួលបណ្ដឹងសរុបជាង ៦ពាន់ករណី (៦.១៩៣) ហើយបានដោះស្រាយបញ្ចប់នីតិវិធីសរុបបានជាង ៥ពាន់ករណី (៥.៣៣៥) ហើយកំពុងដោះស្រាយចំនួនជិត ៩០០ករណី (៨៦០)។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ថា របាយការណ៍ដែលអង្គការលីកាដូ ចេញមកនេះ គឺធ្វើឡើងដើម្បីដាស់តឿនរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ និងរកយន្តការបន្ថែមដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ។ លោកបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តចុះអនុវត្តបទបញ្ជា ០១ របស់រដ្ឋាភិបាលវាស់ដីសម្បទានសេដ្ឋកិច្ចដីរដ្ឋនិងដីព្រៃរបស់រដ្ឋ ប៉ុន្តែមិនបានឆ្លើយតបទៅលើដីមានទំនាស់ដែលធ្វើឲ្យមានជម្លោះដីធ្លីនៅតែបន្តកើតមាន៖ «កាលណាប៉ះពាល់ដីធ្លី គឺប៉ះពាល់ទៅដល់មុខរបរ ប៉ះពាល់ទៅដល់បញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋ។ អ៊ីចឹងហើយបានជាយើងសម្រេចចេញរបាយការណ៍នេះ។ របាយការណ៍នេះយើងបានបញ្ជាក់យ៉ាងច្បាស់ យើងមានទាំងផែនទីចង្អុលបង្ហាញនូវទីកន្លែងដែលកើតនូវអំពើរំលោភដីធ្លី»។
លោក អំ សំអាត យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលចង់បញ្ចប់ភាពឈឺចាប់នៃបញ្ហាដីធ្លី គប្បីអនុវត្តកម្មវិធីនយោបាយ បញ្ឈប់ការបណ្ដេញចេញ ហើយផ្ដល់សំណងឲ្យបានគ្រប់គ្រាន់។ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ឡើងវិញចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានដទៃទៀត ពិសេសត្រូវបញ្ចប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីរហូតដល់ការត្រួតពិនិត្យបានបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។