ប្រជាពលរដ្ឋ ៥ភូមិ ដែលរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា ដោះស្រាយសំណងផលប៉ះពាល់លើដីលំនៅឋានរបស់ពួកគាត់តាមតម្លៃទីផ្សារ ហើយខ្លះស្នើសុំឲ្យការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បញ្ចៀសរាល់ការប៉ះពាល់លំនៅរបស់ពួកគាត់ ខណៈដែលខាងអាកាសចរស៊ីវិលកម្ពុជា កំពុងចុះអនុវត្តការងារបោះបង្គោលព្រំខណ្ឌដី ដើម្បីកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅជុំវិញបរិវេណអាកាសយានដ្ឋាន។
ពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជំហរផ្សេងគ្នាក្នុងការស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា ដោះស្រាយជម្លោះរឿងការកំណត់ព្រំដីអាកាសយានដ្ឋាន។
ពលរដ្ឋដែលរងផលប៉ះពាល់នៃការកំណត់ព្រំដីទាំងនោះ រួមមានពលរដ្ឋមកពីភូមិថ្មគោល ភូមិគោកចំបក់ ភូមិតាងួន ភូមិត្រពាំងល្វា និងភូមិជ្រៃជីសាក់។
ប្រធានសហគមន៍ត្រពាំងល្វា លោក កៅ សុវណ្ណ ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៥ ខែឧសភា ថ្លែងដោយទទូចស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា អភិវឌ្ឍបញ្ចៀសលំនៅឋានរបស់ពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបដិសេធថា ក្រុមសហគមន៍លោកមិនត្រូវការសំណង ឬការទិញលក់ក្នុងតម្លៃទីផ្សារសេរីនោះទេ ដោយសំអាងថា ទីតាំងដែលពួកគេរស់នៅសព្វថ្ងៃនេះ គឺអាចប្រកបអាជីវកម្មបាននៅជិតសាលារៀន មានវត្តអារាម មន្ទីរពេទ្យ ជិតផ្សារ និងមានថ្នល់ចេញចូលល្អ។ ម្យ៉ាងពួកគាត់រស់នៅនិងកាន់កាប់ដីនិងផ្ទះនៅតំបន់នោះតាំងពីឆ្នាំ១៩៧៩។
«សំឡេង»
ស្រដៀងគ្នានេះដែរ អ្នកស្រី ច្រាយ នីម តំណាងអ្នកភូមិថ្មគោល ឲ្យដឹងថា ពលរដ្ឋចំនួន ១៨២គ្រួសារ រស់នៅក្នុងសហគមន៍ថ្មគោល ភាគច្រើនមានដីទំហំទទឹង ៥ម៉ែត្រ និងបណ្ដោយ ១២ម៉ែត្រ ហើយខាងអាកាសចរណ៍ស៊ីវិលតម្រូវឲ្យពួកគាត់រុះរើចេញពីរបងអាកាសយានដ្ឋាន ៥ម៉ែត្រ ដូច្នោះដីដែលនៅសេសសល់មិនអាចរស់នៅបាន។ អ្នកស្រីបន្តថា ខាងសហគមន៍ថ្មគោលទាំងអស់ស្នើសុំឲ្យអាជ្ញាធរដោះដូរដីថ្មីនៅក្បែរទីតាំងចាស់ចម្ងាយ ២គីឡូម៉ែត្រ។
តំណាងសហគមន៍ជ្រៃជីសាក់ លោក ខឹម ណាំ បញ្ជាក់ថា ពលរដ្ឋជាង ១០០គ្រួសារ ដែលរងផលប៉ះពាល់ពីការកំណត់ព្រំដីរបស់អាកាសចរណ៍ស៊ីវិល ស្នើសុំដោះដូរជាប្រាក់កាស ដោយស្នើសុំឲ្យខាងក្រុមហ៊ុនទិញក្នុងតម្លៃមួយព្រមព្រៀងគ្នា។
«សំឡេង»
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជូនដំណឹងមួយទៅពលរដ្ឋដែលពាក់ព័ន្ធនឹងទំនាស់ដីលំនៅឋានអំពីការចុះអនុវត្តការងារបោះបង្គោលព្រំខណ្ឌដី ដោយចាប់ផ្ដើមពីថ្ងៃទី២១ មេសា ដល់ថ្ងៃទី២៨ ឧសភា ដើម្បីកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ភាគីខាងអាកាសចរណ៍ស៊ីវិលធ្លាប់ចុះទៅជួបជាមួយពលរដ្ឋទាំងនោះ និងធានាថា ការបោះបង្គោលកំណត់ព្រំដែនសន្តិសុខនិងសុវត្ថិភាព ជុំវិញអាកាសយានដ្ឋាននោះ គឺមិនមែនជាការរឹបអូសយកដីធ្លី ផ្ទះសម្បែង ឬជាការបណ្ដេញពលរដ្ឋចេញពីលំនៅឋានទេ។ តែជាការកំណត់សម្គាល់តំបន់សន្តិសុខ និងតំបន់សុវត្ថិភាព ដើម្បីសម្រួលដល់ភ្នាក់ងារឯករាជ្យ ចុះធ្វើសម្រង់ស្ថិតិ ជំរឿនសិក្សាតម្លៃមុននឹងឈានដល់ការដោះស្រាយផលប៉ះពាល់។
អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាប្រធានក្រុមការងារបច្ចេកទេសអនុវត្តការងារចុះវាស់វែងនិងបោះបង្គោលកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព លោក សយ សុខាន់ ឲ្យដឹងថា ពលរដ្ឋទាំងនោះបានឯកភាពជាមួយខាងអាកាសចរណ៍ស៊ីវិល ដើម្បីកំណត់ព្រំខណ្ឌ ប៉ុន្តែពួកគាត់បែរជាក្រឡាស់ និងដាក់សំណើទាមទារខុសពីការជជែកគ្នាពីមុខ។
«សំឡេង»
គម្រោងអភិវឌ្ឍន៍ពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងតម្រូវឲ្យរដ្ឋាភិបាលកាត់ដី ឬផ្ទះទំហំ ៥ម៉ែត្រពីរបងអាកាសយានដ្ឋាន ដើម្បីធ្វើឲ្យអាកាសយានដ្ឋានកម្ពុជា ក្លាយជាអាកាសយានដ្ឋានដែលទទួលស្គាល់ថា គោរពតាមបទដ្ឋានអន្តរជាតិ។ គម្រោងអភិវឌ្ឍន៍នេះ អាចធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង ដីធ្លីពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៥ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ។
ចំណែកអតីតអ្នកភូមិបឹងកក់ដែលបានចាកចេញកន្លងមក គឺក្រុមអ្នកស្រី សយ កូឡាប ធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៥ ឧសភា នេះដែរ
អ្នកស្រី សយ កូឡាប តំណាងអតីតអ្នកភូមិបឹងកក់បញ្ជាក់ថា ការធ្វើសន្និសីទកាសែតនេះ ដើម្បីឆ្លើយតបទៅមន្ត្រីសាលារាជធានីភ្នំពេញ ដែលអ្នកស្រីអះអាងថា មន្ត្រីរាជធានីភ្នំពេញ បានចោទពួកគាត់ថា ការតវ៉ាទាមទាររបស់អតីតអ្នកភូមិបឹងកក់កន្លងមកគឺទាក់ទងរឿងនយោបាយ។
អ្នកស្រីបញ្ជាក់ថា ៖ «ខ្ញុំចង់ឆ្លើយតបថា អ្វីដែលពួកខ្ញុំបានធ្វើកន្លងមកនេះអត់មានអ្នកចាក់ចុចទេ អត់មានលាយឡំរឿងនយោបាយទេ ពួកខ្ញុំតវ៉ាព្រោះជីវិតវេទនាអត់ឃ្លាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។