កម្លាំងអាជ្ញាធរចម្រុះជាច្រើនអ្នកបានចុះទៅរុះរើលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងឋិតភូមិរុនឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទអ្នកភូមិទាំងនោះថា បានរំលោភចូលទៅកាន់កាប់ និងសាងសង់ទីជម្រកនៅលើដីគម្របព្រៃឈើរបស់រដ្ឋ។
រីឯក្រុមអ្នកភូមិវិញអះអាងថា ដីនោះគឺពួកគាត់ចូលទៅកាន់កាប់តាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលបានសម្រេចឲ្យ១ហិកតារក្នុងមួយគ្រួសារ។
កងកម្លាំងចម្រុះក្នុងឯកសណ្ឋានប៉ូលិស ប៉េអឹម ទាហានប្រមាណ ៤០នាក់ ប្រដាប់ដោយអាវុធក្នុងដៃបានយក គ្រឿងចក្រចំនួនពីរគ្រឿង ឈូសឆាយបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ចំនួន ១៤ខ្នង ឋិតនៅភូមិរុន ឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំណែកឯអ្នកភូមិជាម្ចាស់ផ្ទះប្រមាណ ៥០នាក់ បានត្រឹមតែឈរឱបដៃមើលតែប៉ុណ្ណោះ កាលពីព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០១៤។ តំណាងអ្នកភូមិឈ្មោះ ម្លិះ ប៊ុនថន ថ្លែងថា កងកម្លាំងអាជ្ញាធរចម្រុះនោះដឹកនាំមន្ត្រីតុលាការ និងមន្ត្រីរដ្ឋបាលព្រៃឈើ។
ក្នុងសកម្មភាពរុះរើបំផ្លាញលំនៅឋាននោះ ពួកគេប្រកាសថា ដីដែលអ្នកភូមិសាងសង់លំនៅឋានរស់នោះជាដីឋិតក្នុងគម្របព្រៃរបស់រដ្ឋ៖ «សកម្មភាពគេយកត្រាក់ទ័រពីរគ្រឿងមកឈូសលើដីរបស់ពលរដ្ឋ ខ្ញុំមិនសុខចិត្តទេ មានទាំងប៉េអឹម ប៉ូលិស ទាហាន មានកាំភ្លើងគ្រប់ដៃ ប៉ូលិសមានពីរឃុំ គឺឃុំសឹង ឃុំសុភី ចុះទៅរុះរើផ្ទះប្រជាពលរដ្ឋដែលកំពុងសាងសង់ គេថាសាងសង់លើដីគម្របព្រៃឈើ ផ្ទះយើងសាងសង់ទៅតាមអនុសាសន៍របស់ឯកឧត្ដម យឹម ឆៃលី ដែលថា ឲ្យ១ហិកតារក្នុងមួយគ្រួសារ។ ឥឡូវគាត់ធ្វើនៅលើដីហ្នឹងខ្ញុំសួរថា តើអភិបាលខេត្ត ឬក៏មេព្រៃអស់ហ្នឹងអ្នកណាធំជាងអ្នកណាឥឡូវ?»។
នៅមុនសកម្មភាពឈូសឆាយនោះកើតឡើង ក្រុមអ្នកភូមិបាននាំគ្នាកាន់កាំបិតពូថៅ ត្រៀមតទល់នឹងកម្លាំងអាជ្ញាធរចម្រុះដើម្បីការពារលំនៅឋានរបស់ខ្លួន ប៉ុន្តែកាំបិតពូថៅនោះ ត្រូវបានកងកម្លាំងប្រដាប់អាវុធចូលទៅដកហូត។ ទោះយ៉ាងណាក្រុមអ្នកភូមិបានត្រឹមតែឈរឱបដៃមើលសកម្មភាពគ្រឿងចក្រដែលបានឈូសឆាយលំនៅឋានរបស់ខ្លួនតែប៉ុណ្ណោះ។
ក្រុមអ្នកភូមិបញ្ជាក់ថា រហូតមកល្ងាចថ្ងៃទី១៣ មីនា មានលំនៅឋាន ១៤ខ្នង ត្រូវបានឈូសបំផ្លាញ។ ក្នុងនោះមានលំនៅឋានសាងសង់រួចចំនួន ៤ខ្នង និងលំនៅឋានកំពុងសាងសង់ ១០ទៀត។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា សកម្មភាពរុះរើ លំនៅឋាននោះ គឺកងកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត។
ក្រុមអ្នកភូមិក្នុងរយៈពេលចុងក្រោយនេះ បាននាំគ្នាចូលទៅរំលោភកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បន្ទាប់មកនាំគ្នាសាងសង់លំនៅឋានតូចតាចនៅលើដីនោះ។
លោកបញ្ជាក់ថា អាជ្ញាធរនឹងរុះរើលំនៅឋានដែលសាងសង់នៅលើដីគម្របព្រៃឈើរបស់រដ្ឋនៅតំបន់នោះចេញឲ្យអស់៖ «អ៊ីចឹងក្រោយបទបញ្ជា ០១ គេអត់ចាត់ទុកថា ត្រូវច្បាប់ទេ គេចាត់ទុកថា ជាអ្នករុនរានថ្មី អ៊ីចឹងទេត្រូវតែបង្ក្រាប ប៉ុន្តែគាត់ខ្វះដី គាត់អាចសុំជាដីសង្គមកិច្ចមកខេត្ត ខេត្តសុំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីធ្វើអនុបយោគកាត់ដីបន្ត គាត់អត់សុំទៅបំពាន់តែម្ដងទៅជាខុសច្បាប់»។
លោកអភិបាលខេត្តបញ្ជាក់ថា ដីឋិតនៅភូមិរុនឃុំសឹង ស្រុកអូរជ្រៅ នោះ ត្រូវដកហូតរក្សាទុកជាដីគម្របព្រៃឈើរបស់រដ្ឋ និងមិនមានការប្រគល់ទៅអោយក្រុមហ៊ុននោះទេ។ មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ស៊ុំ ចន្ទគា បានស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងការគ្រប់គ្រងការពារដីរបស់រដ្ឋ ប៉ុន្តែករណីដីនៅភូមិរុននេះ លោកដាក់ការសង្ស័យថា អាជ្ញាធរទំនងបានឃុបឃិតជាមួយក្រុមហ៊ុនឯកជន។
លោក ស៊ុំ ចន្ទគា៖ «យកដីរដ្ឋលាបពណ៌ហើយបែរទៅជាការពារឲ្យក្រុមហ៊ុនណាមួយអាហ្នឹងទិដ្ឋភាពទី ទិដ្ឋភាព ទី២ ដីហ្នឹងធ្វើជាដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលគាត់ខ្វះខាតអាស្រ័យផលនៅក្រោយពីចំនួនគ្រួសារកើនឡើង ក៏យើងសាទរដែលកុំឲ្យតែមានការដោះដូរដេញ យកប្រជាពលរដ្ឋពីស្នួលទ្រេតមកដាក់នៅកន្លែងហ្នឹងធ្វើឲ្យប្រជាពលរដ្ឋឈ្លោះគ្នាអាជ្ញាធរជាភ្នាក់ងាររបស់រដ្ឋអនុវត្តគោលការណ៍របស់គាត់ ដើម្បីភាពរីកចម្រើន ឬប្រើអំណាចណាគាបសង្កត់លើប្រជាពលរដ្ឋ»។
កន្លងទៅថ្មីៗនេះ អាជ្ញាធរមានគម្រោងរៀបចំដោះដូរដីឲ្យពលរដ្ឋជាង ៧០គ្រួសារនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ទៅទទួលយកដីថ្មីនៅក្នុងឃុំសឹង ស្រុកអូរជ្រៅ នោះ ប៉ុន្តែគម្រោងនេះបានជួបការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារនៅភូមិចំនួនពីរនៅក្នុងឃុំសឹង ដែលអះអាងខ្លួនជាម្ចាស់ដី ក្រោយមកគេសង្កេតឃើញថា អ្នកភូមិទាំងនោះបានចាប់ផ្ដើមសកម្មភាពសាងសង់លំនៅឋានជាបន្តបន្ទាប់នៅលើដីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
