អ្នកភូមិជាច្រើនគ្រួសារកំពុងនាំគ្នាចូលទៅកាន់កាប់នៅដីមានទំនាស់មិនទាន់ដោះស្រាយចប់នៅតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីអង្គការសិទ្ធិមនុស្សថ្លែងថា បញ្ហានេះកំពុងបង្កឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗរវាងភាគីពាក់ព័ន្ធ ដោយសារក្រុមអ្នកភូមិទាំងនោះបានដាក់ពាក្យបណ្ដឹងលើករណីទំនាស់ដីធ្លីទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ យូរឆ្នាំមកហើយ ប៉ុន្តែពុំមានដំណោះស្រាយ។
ករណីទំនាស់ដីធ្លីជាច្រើនកន្លែងនៅតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ កំពុងក្លាយជា បញ្ហាចំពោះមុខមួយដែលប្រជាពលរដ្ឋ និងមន្ត្រីអង្គការសិទ្ធិមនុស្ស ទាមទារអោយអាជ្ញាធរខេត្តបន្ទាយមានជ័យមានជ័យពន្លឿនការដោះស្រាយឲ្យបានឆាប់។
រយៈពេលចុងក្រោយនេះ មានក្រុមអ្នកភូមិជាច្រើននាក់បានសម្រេចចិត្តចូលទៅកាន់កាប់នៅលើដីមានទំនាស់ចំនួន ៤កន្លែងផ្សេងគ្នា ក្រោយពីពួកគេបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោក ស៊ុំ ចន្ទគា ថ្លែងថា ទីតាំងដីមានទំនាស់នោះ មាននៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានក្រុមយោធិនកាត់រំសាយចំនួន ៧១គ្រួសារ និងក្រុម អ្នកភូមិចំនួន ១២០គ្រួសារ លើផ្ទៃដីទំហំ ១.២០០ហិកតារ។ ដីនៅភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ដែលមានប្រជាពលរដ្ឋ ៦៨គ្រួសារ និងករណីដីនៅភូមិរុនឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកភូមិជាង ៣០០គ្រួសារ។
លោក ស៊ុំ ចន្ទគា៖ «៤កន្លែងដែលប្រជាពលរដ្ឋបានចូលទៅកាន់កាប់ដោយសារតែបណ្ដឹងអស់រយៈពេលខ្លះជិត ១០ឆ្នាំហើយ ៩ឆ្នាំ ៨ឆ្នាំ និង ៥ឆ្នាំ មិនមានការដោះស្រាយជូនពួកគាត់សោះ»។
ក្នុងចំណោមដីទាំងនោះ ទីតាំងដីខ្លះកើតមានទំនាស់ជាមួយក្រុមហ៊ុនឯកជនខ្លះកើតមានទំនាស់ជាមួយក្រុមអាជ្ញាធរ និងខ្លះទៀតកើតមានទំនាស់បណ្ដាលមកពីការទិញលក់របស់មេបញ្ជាការយោធា ហើយអ្នករងគ្រោះគឺអ្នកទិញ និងក្រុមអ្នកភូមិដែលអះអាងថា ខ្លួនជាម្ចាស់ដី។ បញ្ហានេះកំពុងបង្កឲ្យមានផលប៉ះពាល់ និងបង្កើតឲ្យមានភាពស្មុគស្មាញពិបាកដោះស្រាយកាន់តែខ្លាំងឡើង។
តំណាងអ្នកភូមិ ១៤គ្រួសារ គឺលោកស្រី សួន សុផល រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ កំពុងមានបញ្ហាទំនាស់ដីធ្លីនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកស្រីថា ដីទំហំ ៦៩ហិកតារនោះ អ្នកភូមិទាំង ១៤គ្រួសារបានទិញបន្តពីគេ ប៉ុន្តែបច្ចុប្បន្នដីដែលគាត់បានទិញនោះត្រូវបានក្រុមអ្នកភូមិនាំគ្នាចូល កាន់កាប់ពុះជាដីឡូត៍ចែកគ្នា។
លោកស្រី សួន សុផល៖ «ដីខ្ញុំស្រឡះអស់ហើយ ពីដើមមកសុទ្ធតែព្រៃ ហើយខ្ញុំកាយក្រវាត់ព្រំអីត្រឹមត្រូវរបស់ខ្ញុំ គេមកដល់ គេនាំគ្នាគេមកយកដីហ្នឹង គេនាំគ្នាគេប្រហែលជា ៧០គ្រួសារមកបោះ ជំរំ ហើយគេវាស់ជាដីល្វែងចែកគ្នា។ ខ្ញុំនិយាយថា កុំធ្វើអ៊ីចឹងទៅតាមច្បាប់ ខេត្តស្រុកភូមិឃុំ ដើម្បីយកដំណោះស្រាយគ្នាតាមសន្តិវិធីទៅ គេមិនព្រមទេ គេដឹងថា មកធ្វើនៅលើដីឡូត៍នេះវាស់ចែកគ្នា ២០ម៉ែត្រ»។
ចំណែកឯក្រុមអ្នកភូមិនៅភូមិសិលាខ្មែរ ឃុំអូរជាន់ ស្រុកអូរជ្រៅ ក៏កំពុងនាំគ្នាចូលទៅកាន់កាប់នៅលើដីមានទំនាស់ដូចគ្នាទៅនឹងអ្នកភូមិឃុំទួលពង្រ នៅស្រុកម៉ាឡៃ។ ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិរុន ឃុំសឹង ស្រុកអូរជ្រៅ បាននាំគ្នាសាងសង់ផ្ទះតូចៗជាច្រើនខ្នងនៅលើដី នៅក្នុងភូមិរុន ដើម្បីបញ្ជាក់បង្ហាញថា ដីនោះពួកគាត់បានកាន់កាប់ច្រើនឆ្នាំមកហើយ។
អ្នកភូមិឈ្មោះ ម្លិះ ប៊ុនថន ថ្លែងថា លំនៅឋានខ្លះបានសាងសង់រួច និងខ្លះកំពុងសាងសង់បន្ត ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះចុះទៅរុះរើបំផ្លាញដោយចោទថា ក្រុមអ្នកភូមិរំលោភកាន់កាន់លើដីគម្របព្រៃឈើរបស់រដ្ឋ៖ «ផ្ទះយើងសាងសង់ទៅតាមអនុសាសន៍របស់ឯកឧត្ដម យឹម ឆៃលី ដែលថា ឲ្យមួយហិកតារក្នុងមួយគ្រួសារ ឥឡូវគាត់ធ្វើនៅលើដីហ្នឹង ផ្ទះយើងកំពុងសាងសង់បណ្ដើរៗ យូរក៏មានសាងសង់ដែលគ្រួសាររៀបចំថ្មីក៏មាន ឥឡូវគេអត់មាននិយាយចាស់និយាយថ្មីទេ គេឈូសចោលទាំងអស់។ សុំឲ្យរាជរដ្ឋាភិបាលជួយអាណិតអាសូរដល់ជនក្រីក្រផង បើសិនជាប្រជាពលរដ្ឋមានឡានដូចអស់លោកជិះមិនមកធ្វើផ្ទះនៅកណ្ដាលដុបនោះទេ»។
ការចុះអនុវត្តរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ កើតមានឡើងក្រោយពីក្រុមអ្នកភូមិនៅភូមិរុន បាននាំគ្នាចូលទៅសាងសង់លំនៅឋាននៅដីនៅតំបន់នោះ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា ក្រុមអ្នកភូមិទាំងនោះបាននាំគ្នាចូលទៅកាន់កាប់ដីនៅភូមិរុន ឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្រោយបទបញ្ជា ០១ របស់រដ្ឋាភិបាល ដូច្នេះអាជ្ញាធរមិនទទួលស្គាល់អ្នកភូមិទាំងនោះជាអ្នកកាន់កាប់ដីស្របច្បាប់នោះឡើយ៖ «ដោយសារកិច្ចការហ្នឹងខាងរដ្ឋបាលព្រៃឈើគេស្នើចុះបង្ក្រាបបើមិនបង្ក្រាបទេ វាចេះតែរាលទៅដីគម្របព្រៃឈើហ្នឹងអស់ហើយ។ គេសុំបង្ក្រាបយើងត្រូវឲ្យបង្ក្រាប ហើយបើសិនគាត់ខ្វះដីគេអាចសុំជាដីសង្គមកិច្ចមកខេត្តមក ខេត្តសុំទៅរដ្ឋាភិបាល ដើម្បីធ្វើអនុបយោគកាត់ដីគាត់»។
ទាក់ទិនករណីដីធ្លីដែលកំពុងកើតទំនាស់ជាច្រើនកន្លែងនៅក្នុងខេត្តបន្ទាយមានជ័យនោះ លោកអភិបាលខេត្តធ្លាប់បានបញ្ជាក់ថា អាជ្ញាធរខេត្តមានយន្តការគ្រប់គ្រាន់ និងបានបង្កើតគណៈកម្មការ ជាបន្តបន្ទាប់ដើម្បីចុះទៅពិនិត្យដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោក ស៊ុំ ចន្ទគា ថ្លែងថា សមាគមមានការព្រួយបារម្ភលើករណីទំនាស់ដីធ្លីជាច្រើនកន្លែងនេះ កំពុងរីកធំឡើង ហើយទាមទារឲ្យអាជ្ញាធរខេត្តមានវិធានការដោះស្រាយជាបន្ទាន់៖ «ទាក់ទិនបញ្ហាហ្នឹងយើងមានអនុសាសន៍មួយចំនួន យើងនឹងធ្វើការចុះទៅពិនិត្យលើហ្នឹង ហើយដាក់អនុសាសន៍ជូនឯកឧត្ដមអភិបាលខេត្តជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវចុះទៅពិនិត្យមើលរឿងហ្នឹង ដើម្បីរកអនុសាសន៍ជាច្រើន ដើម្បីដាក់ជូនអភិបាលខេត្តពិនិត្យនិងពិចារណាជួយដល់ប្រជាពលរដ្ឋរបស់លោកប៉ុណ្ណាលើដីហ្នឹង»។
ទោះជាយ៉ាងនេះ គេសង្កេតឃើញថា ក្នុងរយៈពេលចុះក្រោយនេះ ករណីទំនាស់ដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ កើតមានឡើងជាបន្តបន្ទាប់ រហូតករណីទំនាស់ដីធ្លីនៅកន្លែងខ្លះបានកើតមានអំពើហិង្សាថែមទៀត។ ករណីទាំងនោះ កំពុងកើតមានភាពស្មុគស្មាញពិបាកដោះស្រាយ និងបង្កផលប៉ះពាល់ដល់បញ្ហាជីវភាពប្រចាំថ្ងៃដល់ក្រុមអ្នកភូមិថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
