អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងជួបដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុន អឹម.ឌី.អែស (MDS) របស់លោកឧកញ៉ា ទ្រី ភាព និងប្រជាពលរដ្ឋនៅឃុំថ្មដា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។
តំណាងប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហានេះ ហាក់មានជំនឿតិចតួចនៅឡើយ ចំពោះវិធានការដោះស្រាយរបស់អាជ្ញាធរលើជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
អភិបាលរងខេត្តពោធិ៍សាត់ និងជាអ្នកទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ខូយ រីដា បានប្រកាសនៅចំពោះមុខពលរដ្ឋដែលមានបញ្ហាដីធ្លីថា រូបលោក និងអភិបាលខេត្ត នឹងខំខ្នះខ្នែងដោះស្រាយ ឬចុះស្រាវជ្រាវលើដីមានទំនាស់ផ្ទាល់ ហើយយកអភិបាលស្រុកដែលពាក់ព័ន្ធជាសេនាធិការ ឬឲ្យចុះដោះស្រាយជម្លោះជាបឋមសិន។ បន្ទាប់ពីការប្រកាសនេះ អភិបាលស្រុកវាលវែង ដែលទើបឡើងកាន់តំណែងថ្មី បានកោះហៅពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន មកដោះស្រាយជាបន្តបន្ទាប់។
លោក ហេង ភាណា ជាអភិបាលស្រុកវាលវែង ឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា អាជ្ញាធរស្រុកនឹងជួបពលរដ្ឋទាំង ៣២គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អែស នាសាលាស្រុកនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក៏ប៉ុន្តែលោកមិនបង្ហើបថា នេះគឺជាជំនួបដោះស្រាយតែម្ដង ឬគ្រាន់តែប្រមូលព័ត៌មានបន្ថែមទៀត មុននឹងឈានដល់ការដោះស្រាយបញ្ចប់៖ «អាជ្ញាធរស្រុកខ្ញុំនេះជួយតែជួបតែបងប្អូនប្រជាពលរដ្ឋយើងតើ អូ! អត់ទាន់នេះទេ (អត់ទាន់អាចនិយាយអីបាន) ចាំមើលខ្ញុំជួបជជែកជាមួយគាត់សិន ព្រោះអានេះទើបជំងឺគ្រុននៅឡើយទេ អត់ទាន់ដឹងថាគ្រុនឈាម ឬគ្រុនចាញ់ទេ»។
ចាប់តាំងពីឆ្នាំ២០១០ គឺជាពេលដែលក្រុមហ៊ុន អឹម.ឌី.អែស របស់លោកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅស្រុកវាលវែង មានពលរដ្ឋជាច្រើនគ្រួសារនៅឃុំអន្លង់រាប និងឃុំថ្មដា នៃស្រុកវាលវែង ត្រូវរងគ្រោះក្នុងរឿងដីធ្លី និងមានពលរដ្ឋខ្លះទៀត ត្រូវប្ដឹងចូលតុលាការពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ។ បច្ចុប្បន្ន នៅមានពលរដ្ឋជាច្រើនទៀតមិនទាន់ដោះស្រាយបញ្ចប់។
តំណាងពលរដ្ឋម្នាក់ គឺអ្នកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា អ្នកភូមិសង្គមថ្មី ទាំង ២៣គ្រួសារ បានទទួលលិខិតអញ្ជើញពីអភិបាលស្រុកវាលវែង ឲ្យចូលរួមដោះស្រាយរឿងដីធ្លីជាមួយក្រុមហ៊ុន។ អ្នកស្រីថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នឹងមានពលរដ្ឋលើសពីចំនួន ២៣គ្រួសារទៅចូលរួមដោះស្រាយដែរ ព្រោះពួកគាត់អះអាងថា មានដីប៉ះពាល់ជាមួយក្រុមហ៊ុន តែពុំមានឯកសារ ឬពាក្យបណ្ដឹង៖ «ប្រាំឆ្នាំៗនេះហើយ គ្រាន់តែរង់ចាំការដោះស្រាយ ពេលប្រជាពលរដ្ឋទៅធ្វើលើដីរបស់ខ្លួនអត់បានទេបង! ចាប់ចង មានប្រព័ន្ធតុលាការ មានដំណាំកាប់ដំណាំ បំផ្លាញដំណាំចោលយ៉ាងឃោរឃៅអ៊ីចឹងបង ធ្វើផ្ទះរើផ្ទះ ដុតផ្ទះ។ និយាយរួម ដំណោះស្រាយអត់មានសោះ ឲ្យប្រជាពលរដ្ឋ ហើយស្អែកហ្នឹងមិនដឹងដំណោះស្រាយរបៀបម៉េចទេ ត្រូវទៅហ្នឹងនែក»។
មន្ត្រីផ្នែកអង្កេតគម្រោងដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (Adhoc) លោក យី សុខសាន្ដ ថ្លែងថា កន្លងទៅខាងលោក និងអង្គការដៃគូមួយចំនួនទៀត បានចុះស៊ើបអង្កេត បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ពលរដ្ឋភូមិសង្គមថ្មី ឃុំថ្មដា ចំនួន ២៣គ្រួសារ ប៉ុន្តែការចុះអង្កេតឃើញមានដីធ្លីរបស់អាជ្ញាធរ និងពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតនៅតំបន់ថ្មដា កំពុងមានផលប៉ះពាល់ជាមួយក្រុមហ៊ុន អឹម.ឌី.អែស។ ចំណែកពលរដ្ឋទាំង ២៣គ្រួសារ ពិតជាមានដីធ្លាប់កាន់កាប់ និងអាស្រ័យផលនៅតំបន់នោះមែន ហើយក្រុមហ៊ុនបានអភិវឌ្ឍប៉ះពាល់លើដីពួកគាត់ទំហំ ១៩៥ហិកតារ ក្នុងនោះមានដីប្រើប្រាស់ជាក់ស្ដែងទំហំជាង ៩០ហិកតារ និងដីមួយផ្នែកទៀត ជាប្រភេទដីធ្លាប់កាន់កាប់ដែរ តែមានដុះព្រៃរបោះឡើងវិញ ក្រោយពីមន្ត្រីបរិស្ថាន និងក្រុមហ៊ុនហាមឃាត់មិនឲ្យដាំដុះ៖ «អាការដែលសម្រង់របស់យើង គឺថាយើងសម្រង់ជាក់ស្ដែងទៅ ដីដែលគាត់ប្រើប្រាស់អាស្រ័យផលពិតប្រាកដ ហើយអាដីដែលមិនបានអាស្រ័យផល គឺថាយើងមានតួលេខច្បាស់លាស់ រង់ចាំតែអាជ្ញាធរធ្វើការដោះស្រាយជូនពួកគាត់ទេបាទ»។
ទាក់ទងបញ្ហានេះ តំណាងក្រុមហ៊ុន អឹម.ឌី.អែស ប្រចាំតំបន់ថ្មដា លោក អ៊ុំ សាវិន ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ចំពោះគ្រួសារដែលនៅសេសសល់ពីការដោះស្រាយនាពេលកន្លងមក ភាគីក្រុមហ៊ុនស្វាគមន៍បន្តដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់ ប៉ុន្តែកន្លងទៅ ប្រជាពលរដ្ឋដើរតែស្រែកដាក់ប្រព័ន្ធផ្សព្វផ្សាយនានា ហើយចោទប្រកាន់តែមកលើក្រុមហ៊ុនថារំលោភសិទ្ធិ និងដីធ្លីរបស់ពួកគាត់។ លោកថា មុនធ្វើការអភិវឌ្ឍ ក្រុមហ៊ុនបានជួលអ្នកជំនាញឯកទេសសិក្សាពីផលប៉ះពាល់រកឃើញថា គម្រោងនឹងត្រូវប៉ះពាល់លើពលរដ្ឋចំនួន ៥៣គ្រួសារ ប៉ុន្តែគ្រួសារទាំងនោះទទួលបានការដោះដូរ ឬឆ្វៀលដីចេញពីក្រុមហ៊ុនទំហំ ១៨៩ហិកតាររួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
