ជនជាតិដើមភាគតិចព័រ ចំនួន ១៥៣គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ស្នើសុំទៅរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ឲ្យចុះជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជាច្រើនហិកតារ ដែលក្រុមហ៊ុនឯកជនមួយបានយកបង្គោលទៅបោះកំណត់ព្រំដីរបស់ក្រុមហ៊ុន បានរំលោភលើដីព្រៃសហគមន៍ជនជាតិដើមភាគតិច។
តំណាងសហគមន៍ជនជាតិដើមភាគតិចព័រ លោក ឈើត ឈន បញ្ជាក់នៅថ្ងៃទី១ ខែវិច្ឆិកា ថា សហគមន៍ព្រួយបារម្ភពីការបាត់បង់ដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិច។ ភាគីក្រុមហ៊ុនថ្មីនេះ បានយកបង្គោលជាច្រើនដើមទៅបោះកំណត់ព្រំដីរបស់ក្រុមហ៊ុន ប៉ុន្តែការបោះបង្គោលកំណត់ព្រំដីនោះ បានរំលោភលើដីព្រៃសហគមន៍៖ «បញ្ហាហ្នឹងក្រុមហ៊ុនគាត់បានជម្រៅដែលចូលមកពីរគីឡូម៉ែត្រ ហើយចម្ការសហគមន៍នៅខាងក្រោយ។ បង្គោលរបស់ក្រុមហ៊ុនមានជ្រុងបី ហើយនិងបង្គោលតូចៗដាក់ចំណុចស្រែតារៀម។ បញ្ហានេះ ខ្ញុំសំណូមពរទៅរដ្ឋាភិបាល និងក្រសួងដែលពាក់ព័ន្ធ ដោះស្រាយអោយជនជាតិដើមភាគតិចហ្នឹង កំណត់ព្រំប្រទល់ ហើយនិងកាត់ដីសហគមន៍មកវិញ ព្រោះអីសហគមន៍កំពុងតែអាស្រ័យផលនៅខាងក្រោយ ហើយបង្គោលនៅខាងមុខ»។
ក្រៅពីការអំពាវនាវ សហគមន៍ជនជាតិដើមភាគតិចព័រ កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុន រតនៈ សម្បត្តិ ដើម្បីសុំបញ្ជាក់ជុំវិញបញ្ហានេះបានទេ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។
ប្រធានការិយាល័យជនជាតិភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង លោក ស៊ុង ណាំង ថ្លែងថា កន្លងទៅនេះ ដំណើរការរៀបចំបង្កើតសហគមន៍ជនជាតិដើមភាគតិចព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រព្រឹត្តទៅជាធម្មតា។ ក្នុងនោះ ក្រុមការងារពាក់ព័ន្ធដែលមានមន្ត្រីមកពីក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងអង្គការសង្គមស៊ីវិល បានចុះស្រង់ស្ថិតិកំណត់អត្តសញ្ញាណ និងបានអនុម័តបទបញ្ជាផ្ទៃក្នុងជនជាតិភាគតិចព័រ រួចរាល់ហើយ ពុំមានអ្វីជាឧបសគ្គទេ។
លោកបន្តថា ក្រុមការងារគ្រោងនឹងបន្តចុះវាស់វែងកំណត់ព្រំដីរបស់សហគមន៍ជនជាតិភាគតិចព័រ បន្ថែមទៀត ប៉ុន្តែការងារនេះរង់ចាំឲ្យសហគមន៍ជនជាតិដើមភាគតិចព័រ ដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឲ្យបានរួចរាល់ជាមុនសិន៖ «កិច្ចការហ្នឹងយើងឲ្យសហគមន៍ទៅជួបដោះស្រាយ ដោយសហគមន៍ខ្លួនឯងផ្ទាល់សិន។ ពេលគាត់ដោះមិនចេញទេ គាត់ពឹងយើងអោយជួយអន្តរាគមន៍ យើងនឹងជួយបន្តទៀត រៀបចំសហគមន៍ហ្នឹងអត់មានអីជាបញ្ហាទេ ដំណើរការទៅមុខសន្សឹមជានិច្ច ប៉ុន្តែដែលប្រឈមទៅថ្ងៃអនាគត គឺរឿងព្រំដី»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ដែលបានចុះទៅជួបជាមួយសហគមន៍ជនជាតិដើមភាគតិចព័រ នោះ បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានពួកគេអះអាងថា នឹងអន្តរាគមន៍រកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុន៖ «បើសិនចុះបញ្ជីជាសហគមន៍ គាត់នឹងឲ្យបានដីមកប្រជាពលរដ្ឋវិញដែរ អ៊ីចឹងចំណុចនេះ យើងរង់ចាំពេលចងក្រងសហគមន៍មានច្បាប់។ ឥឡូវក្រសួងមហាផ្ទៃ បានទទួលស្គាល់ជនជាតិដើមភាគតិចហ្នឹងហើយ។ នីតិវិធីបន្តទៀតយើងនឹងរៀបចំការវាស់វែងបន្តទៀត បើមានផលប៉ះពាល់ណាមួយ យើងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះគាត់បាននិយាយហើយ អត់មានឲ្យក្រុមហ៊ុនណាទៅប៉ះពាល់លើដីរបស់សហគមន៍ទេ»។
យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា បញ្ហាដីធ្លីជនជាតិដើមភាគតិចព័រ នេះនៅមានជម្លោះនៅឡើយ ហើយអង្គការសង្គមស៊ីវិល នឹងខិតខំសម្របសម្រួល ដើម្បីឲ្យជនជាតិដើមភាគតិចព័រ ទទួលបានកម្មសិទ្ធិដីធ្លីជាសមូហភាពស្របច្បាប់។ ទន្ទឹមគ្នានេះ លោកសង្ឃឹមថា អាជ្ញាធរខេត្តបាត់ដំបង នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាត់វិធានការជួយដោះស្រាយករណីទំនាស់ដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចព័រ និងក្រុមហ៊ុនឯកជន រតនៈ សម្បត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
