ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​បន្ទាយមានជ័យ

តំណាង​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ ៨០​ហិកតារ ដែល​ជា​ដី​គម្រោង​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ។ ពួក​គាត់​ចោទ​ថា ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​យក​ទៅ​លក់។

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នឹង​កោះ​ហៅ​មេ​ភូមិ អនុ​ភូមិ​រស្មីមានជ័យ ពីរ​នាក់ និង​អ្នក​ភូមិ​ម្នាក់ ដើម្បី​សួរ​នាំ​ពី​ដំណើរ​រឿង​យក​ដី​កសិកម្ម​ទំហំ​ជិត ១០០​ហិកតារ នៅ​ភូមិ​ស្រឡៅជ្រំ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ទៅ​លក់​ឲ្យ​អ្នក​ផ្សេង។ ដី​នោះ​ជា​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល ដើម្បី​រៀបចំ​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​អាច​បាន​កន្លះ​ហិកតារ។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត បញ្ជាក់​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​កំពុង​កើត​មាន​នោះ​ឲ្យ​បាន​ឆាប់។ ហើយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ សាលា​ខេត្ត​នឹង​កោះ​ហៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​នោះ​មក​សួរ​នាំ៖ «យើង​នឹង​អញ្ជើញ​មេ​ភូមិ​អនុ​ភូមិ ហើយ​និង​អ្នកស្រី ឡុង វណ្ណធឿន ទាំង​បី​នាក់​មក​ជួប​តំណាង​ប្រជាជន​ដែល ៩០​គ្រួសារ​ហ្នឹង។ ប្រជាជន​បី​នាក់ ហើយ​អភិបាល​ស្រុក មេ​ភូមិ មេ​ឃុំ ប្រជាពលរដ្ឋ​ជជែក​គ្នា​ជុំវិញ​បញ្ហា​ការ​មិន​បែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ឯកឧត្តម​អភិបាល គាត់​ឲ្យ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឆាប់ៗ»

ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ខេត្ត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​ជាច្រើន​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣ ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​បែង​ចែក​ដី​កសិកម្ម​ចំនួន ៨០​ហិកតារ​នោះ​ឲ្យ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ លោក​មេ​ភូមិ និង​អនុ​ភូមិ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ត្រៀម​យក​ដី​នោះ​លក់ និង​លក់​អស់​ដី​មួយ​ចំនួន​ទៅ​ហើយ។

ប៉ុន្តែ​កន្លង​ទៅ​នេះ មេ​ភូមិ​រស្មីមានជ័យ លោក បិន សំបូរ អះអាង​ថា ដី​ដែល​ត្រូវ​យក​មក​បែង​ចែក​ជូន​អ្នក​ភូមិ​នោះ​មាន​ជាង ១០០​ហិកតារ ប៉ុន្តែ​នៅ​ជំហាន​ដំបូង​មាន​ដី​តែ ៨០​ហិកតារ​យក​មក​ចែក​ជូន​អ្នក​ភូមិ​សិន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​កន្លះ​ហិកតារ ហើយ​នៅ​សល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​នៅ​ពុំ​ទាន់​ទទួល​បាន ត្រូវ​រង់ចាំ​នៅ​ជំហាន​ទី​២។

ទោះ​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្តី តែ​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ អឹម យ៉ាន ចោទ​ថា លោក​មេ​ភូមិ និង​អនុ​ភូមិ​រស្មីមានជ័យ បាន​ឃុបឃិត​គ្នា​យក​ដី​កសិកម្ម​ទំហំ ៨០​ហិកតារ​លក់។ ដី​នោះ​ជា​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល រៀបចំ​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៩១​គ្រួសារ៖ «ព្រោះ​ដី​ហ្នឹង​ស្រុក​កាត់​ចែក​ឲ្យ​ទៅ​ឃុំ​ជា​កញ្ចប់​រួច​ទៅ​ហើយ ៨០​ហិកតារ តែ​គាត់​អត់​បាន​បែង​ចែក​ឲ្យ​បង​ប្អូន​ប្រជាជន​ទេ។ គាត់​បែរ​ជា​ឃុបឃិត​លក់​ដូរ​ទៅ​វិញ ដី​បរិស្ថាន​ដែល​កាត់​ពី​បរិស្ថាន​មក ១.៥០០​ហិកតារ»

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត បញ្ជាក់​ថា អតីត​អភិបាល​ស្រុក​ម៉ាឡៃ លោក ទេព ឃុនណាល់ បាន​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ទំហំ ១.៥០០​ហិកតារ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ។ ទីតាំង​ដី​នោះ​ស្ថិត​ក្នុង​ភូមិ​ស្រឡៅជ្រំ ១​ពាន់​ហិកតារ និង​នៅ​ចំណុច​ភ្នំ​យាយសំ ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ៥០០​ហិកតារ ក្នុង​នោះ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន ៥​ហិកតារ នៅ​សល់​ដី​ប៉ុន្មាន ត្រូវ​បែង​ចែក​ជូន​ប្រជាជន​នៅ​ភូមិ​រស្មីមានជ័យ និង​អ្នក​អត់​ខ្លះ​ទៀត​ឲ្យ​បាន​គ្រប់​គ្នា៖ «ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជាជន​អត់​ដី​បង្ក​បង្កើន​ផល។ មក​ដល់​ពេល​នេះ រយៈពេល​មួយ​ខែ​ជាង គាត់​អត់​ព្រម​បែង​ចែក ឮ​សូរ​តាម​មាត់​ចាប​មាត់​សេក​ក្រៅ​ផ្លូវ​ការ​ថា យក​ដី​នោះ​លក់ ខ្ញុំ​បង្កើត​ការ​ថ្មី​មួយ​ទៀត ដើម្បី​ទៅ​ធ្វើ​ការងារ​ជាក់ស្តែង​ម្តង​ទៀត ដី ៨០​ហិកតារ ម្តង​ទៀត​ជាមួយ​ស្រុក​ជាមួយ​ឃុំ»

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ ឡើង​ទៅ​តវ៉ា​ជា​បន្តបន្ទាប់​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ហើយ​អាជ្ញាធរ​ខេត្ត​មាន​ការ​សន្យា​ដោះស្រាយ​ដែរ ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​មាន​ជា​បន្ត៖ «ទាក់ទិន​ដី​នៅ​ភូមិ​ស្រឡៅជ្រំ ហ្នឹង កន្លង​មក​មាន​អនុក្រឹត្យ​មួយ​កន្លង​មក​កាត់​ដី​ពី​រនាម​ដូនសំ ចំនួន ១.៥០០​ហិកតារ ដោយ​ដាក់​ទី​ហ្នឹង​ជា​តំបន់​សហគមន៍ ហើយ​ខាង​ខេត្ត​បាន​យក​ទី​ហ្នឹង​ជា​គោលការណ៍​ដើម្បី​ធ្វើ​ការ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ១៥០​គ្រួសារ ដែល​ទៅ​ពី​ភូមិ​រស្មីមានជ័យ ដែល​ក្នុង​ហ្នឹង ពួក​គាត់​ត្រូវ​ទទួល​បាន​ដី​កន្លះ​ហិកតារ ការ​សន្យា​មាន​ភាព​ស្រដៀង​គ្នា​ដូច​ខាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងស្នោ ដែរ»

ទាក់ទិន​ករណី​ទំនាស់​ដី​នេះ អង្គការ​លីកាដូ ធ្លាប់​ផ្ដល់​អនុសាសន៍​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​យក​ដី​ទំហំ ១.៥០០​ហិកតារ ដែល​ជា​ដី​ស្ថិត​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ នោះ ដាក់​ជា​ដី​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ និង​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ចែក​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។