ប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលមានបញ្ហាដីធ្លីជាមួយកងកម្លាំងទាហានកាំភ្លើងធំ នៅឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជួបពិភាក្សាជាមួយអាជ្ញាធរ ដើម្បីរកដំណោះស្រាយក្នុងរឿងដីធ្លីពួកគាត់ នៅថ្ងៃទី២ ខែកក្កដា។
តំណាងពលរដ្ឋអះអាងថា ការជួបពិភាក្សានេះ គឺមិនទទួលបានដំណោះស្រាយអ្វីជាដុំកំភួននោះទេ ប៉ុន្តែពួកគាត់ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះឲ្យបានឆាប់។
ប្រជាពលរដ្ឋរស់នៅចំណុច១០៤ នៃភូមិដំណាក់អំពិល ឃុំក្រាំងស្គា បារម្ភខ្លាចបាត់បង់ដីធ្លីរបស់ខ្លួនកាន់តែខ្លាំងឡើង បន្ទាប់ពីខាងមន្ត្រីយោធាបង្ហើបថា គេនឹងកាយប្រឡាយព្រំប្រទល់បន្ទាយទាហានកងកាំភ្លើងធំក្នុងទំហំដី ៣ពាន់ហិកតារ ដែលការកាយនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់អ្នកភូមិចំនួន ១១០គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦០៦ហិកតារ។
តំណាងប្រជាពលរដ្ឋម្នាក់ លោក សុខ នួក មានប្រសាសន៍ថា លោក និងអ្នកភូមិដែលមានបញ្ហាដីធ្លីផ្សេងទៀត ទាមទារឲ្យមានការដោះស្រាយបញ្ចប់បញ្ហាជាមុន ប្រសិនបើខាងទាហានសម្រេចកាយប្រឡាយធ្វើព្រំ ឬយកទីតាំងនោះធ្វើអ្វីមួយ។ លោកបន្តថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ក្រុមអ្នកភូមិសម្រេចនាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរស្រុក ដើម្បីទាមទារដីពីកងទាហានកាំភ្លើង ដោយក្រុមនិស្សិតមានភារៈវាស់វែងដីធ្លីធ្លាប់ចុះវាស់វែងនៅតំបន់នោះកាលពីអំឡុងឆ្នាំ២០១២ ប៉ុន្តែមិនឃើញចេញប្លង់កម្មសិទ្ធិ៖ «ប្រជាជននៅ១០៤ហ្នឹងវាមាន ១១០គ្រួសារហ្នឹងហើយ តែដល់ទាហាន ហើយនិស្សិតវាស់ឲ្យហ្នឹង បានប៉ុន្មានជាវាលប្ដុំៗហ្នឹង ដីជាប់ជាប់ព្រៃតិចតួចអីអត់វាស់ឲ្យផងហ្នឹង បាន ១០០ហិកតារជាង»។
ឆ្លើយតបបញ្ហានេះ ប្រធានក្រុមគ្រប់គ្រងប្រចាំទីបញ្ជាការកងកាំភ្លើងធំខេត្តកំពង់ឆ្នាំង លោក ចាន់ សុផាត ថ្លែងបញ្ជាក់ថា អង្គភាពលោកនឹងចាប់ផ្ដើមកាយប្រឡាយធ្វើព្រំប្រទល់អង្គភាពក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតនេះ ប៉ុន្តែលោកបដិសេធថា មានប្រជាពលរដ្ឋតែចំនួន ៧១គ្រួសារ ស្មើនឹងផ្ទៃដីជាង ១០០ហិកតារប៉ុណ្ណោះ ដែលមានផលប៉ះពាល់ ហើយនឹងត្រូវធ្វើការដោះដូរចេញទៅក្រៅបរិវេណដីរបស់អង្គភាពក្នុងពេលឆាប់ៗខាងមុខ៖ «ប្រជាពលរដ្ឋហ្នឹង គឺថាគាត់មិនអស់មិនហើយទេ ក្នុងការចង់បាននោះ។ វាមានអ្នកនៅឈរពីក្រោយខ្នងបំផុសឲ្យប្រជាពលរដ្ឋហ្នឹង គឺថាធ្វើផ្គរធ្វើភ្លៀង តាមពិតការវាស់វែងរបស់ក្រុមនិស្សិតបានវាស់ត្រឹមត្រូវរបស់គេទាំងអស់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា ការជួបពិភាក្សាគ្នានាពេលនេះ គឺបង្ហាញពីការបន្ទន់ឥរិយាបថដាក់គ្នាទៅវិញទៅមក រវាងភាគីប្រជាពលរដ្ឋ និងអង្គភាពយោធា ក្នុងការដោះស្រាយបញ្ចប់បញ្ហា ប៉ុន្តែបើភាគីយោធាធ្វើសកម្មភាពអ្វីមួយនៅលើដីដែលមិនទាន់បញ្ចប់ជម្លោះនោះ គឺអាចនឹងមានប្រតិកម្មពីប្រជាពលរដ្ឋ៖ «ខ្ញុំយល់ថា ភាគីទាំងពីរគួរតែជជែកគ្នាឲ្យយល់គ្នាម្ដងហើយម្ដងទៀត ហើយរាល់បញ្ហារាល់ចម្ងល់ទាំងអស់ដែលនេះហ្នឹង គឺនាំគ្នាជជែកគ្នាទៅ ហើយមានការយល់យោគគ្នាទៅមកទៅ វានឹងរកដំណោះស្រាយឃើញហើយ»។
វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងអង្គភាពយោធាកងកាំភ្លើងធំ ស្ថិតនៅចំណុច១០៤ បានកើតមានតាំងពីអំឡុងឆ្នាំ២០១២ ហើយអ្នកភូមិក៏ធ្លាប់ធ្វើញត្តិភ្ជាប់ស្នាមមេដៃដាក់ជូនអង្គការសិទ្ធិមនុស្ស និងបណ្ដាញផ្សព្វផ្សាយព័ត៌មានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
