ពលរដ្ឋ​៣​គ្រួសារ​នៅ​ឧត្តរមានជ័យ​ចោទ​ទាហាន​ហាម​មិន​ឲ្យ​ភ្ជួរ​ដី​ស្រែ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ទំនាស់​ដីធ្លី​មួយ រវាង​ប្រជាពលរដ្ឋ​នៅ​ជិត​ព្រំដែន​ខ្មែរ-ថៃ នៃ​ក្រុង​សំរោង ជាមួយ​ទាហាន​ឱ្យ​បាន​ឆាប់​រហ័ស។

0:00 / 0:00

គម្រោង​ស៊ើប​អង្កេត​នេះ បន្ទាប់​ពី​គេ​បាន​ទទួល​បណ្ដឹង​មួយ​ដែល​ថា ទាហាន​មួយ​ក្រុម​កំពុង​តែ​យក​ដី​ស្រែ​អ្នក​ភូមិ​ចំនួន ៨​ហិកតារ ទៅ​ធ្វើ​ជា​ទីតាំង​យោធា បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​គ្មាន​ដី​ធ្វើ​កសិកម្ម។

ប្រជាពលរដ្ឋ ៣​គ្រួសារ ដែល​រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល បាន​អះអាង​ថា ទាហាន​មួយ​ក្រុម​ដែល​ទើប​តែ​ទៅ​បោះ​ទីតាំង​នៅ​ក្បែរ​នោះ បាន​ហាម​ឃាត់​ពួក​គេ​មិន​ឱ្យ​ចូល​ទៅ​ភ្ជួរ​រាស់​ដី​ស្រែ​ដែល​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​បាន​ទៀត​ទេ នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។

អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ពួក​គេ​មិន​បាន​ធ្វើ​ស្រែ​ទេ គឺ​នឹង​ជួប​ប្រទះ​ជីវភាព​លំបាក ព្រម​ទាំង​ដាច់​ស្បៀង​នៅ​ឆ្នាំ​ក្រោយ​ជា​មិន​ខាន។

បុរស​ឈ្មោះ យឹម យឿត គឺ​ជា​អ្នក​ភូមិ​ផ្អុង ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ទាហាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​ភ្ជួរ​ស្រែ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១ ខែ​មិថុនា ថា ទាហាន​មួយ​កង​ទើប​តែ​ចូល​ទៅ​បោះ​ទីតាំង​នៅ​ជិត​ដី​ស្រែ​របស់​គាត់ កាល​ពី​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្មាន​ថ្ងៃ​មក​នេះ គាត់​ព្យាយាម​ចូល​ទៅ​ភ្ជួរ​ស្រែ ក៏ប៉ុន្តែ ក្រុម​ទាហាន​ទាំង​នោះ​ហាម​ឃាត់។ បុរស​ដដែល​បាន​បញ្ជាក់​ថា គាត់​មាន​ដី​ស្រែ​ទំហំ ៣​ហិកតារ​កន្លះ រួម​ទាំង​ដី​កូន​ផង គឺ ៤​ហិកតារ​កន្លះ ជាច្រើន​លើក​មក​ហើយ។

គាត់​ព្យាយាម​ចូល​ទៅ​ភ្ជួរ​ស្រែ ដើម្បី​ដាំ​ស្រូវ​ឱ្យ​ទាន់​រដូវ​វស្សា ក៏ប៉ុន្តែ​ក្រុម​ទាហាន​បាន​ហាម​ឃាត់​ជានិច្ច៖ «ពួក​រថក្រោះ​គេ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ភ្លឺ​ស្រែ​ខ្ញុំ​ចោល ហើយ​គេ​ពូន​រង​ដំឡូង។ ពី​ដើម​មិញ ថា​មិន​ឱ្យ​មាន​ចូល​តាម​ផ្លូវ! ខ្ញុំ​ក៏​ចូល​ពី​ក្រោយ ដល់​ចូល​ពី​ក្រោយ​គេ​ដេញ​ខ្ញុំ​មិន​ឱ្យ​ភ្ជួរ​លើក​ទី១។ ដល់​លើក​ទី​ពីរ ខ្ញុំ​ទៅ​ទៀត គេ​ដេញ​ទៀត។ គេ​សម្លុត គេ​ថា​ចង់​យ៉ាង​ម៉េច បាន​មក​ភ្ជួរ​ដី​នេះ? ព្រោះ​ថា​ដី​នេះ​មេ​ភូមិ និង​មេ​ឃុំ​បាន​ឱ្យ​គេ​ដាក់​រថក្រោះ​ហើយ។ ដល់​ខ្ញុំ​ទៅ​សួរ​ដល់​សាលា​សង្កាត់ ដល់​មេ​ភូមិ គេ​ថា​គេ​មិន​ដឹង​ដែរ»

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ មាស មឿត បាន​មាន​ប្រសាសន៍​ថា ដី​ស្រែ​របស់​គាត់​ចំនួន ៣​ហិកតារ​ដែល​នៅ​ជាប់​គ្នា​នោះ ក៏​ត្រូវ​កង​ទាហាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​ភ្ជួរ​រាស់​ដែរ៖ «គេ​យក​ដាក់​រថក្រោះ​នោះ​ហើយ។ ដល់​ខ្ញុំ​ទៅ​សុំ​ភ្ជួរ​មួយ​កំណាត់​ដែល​អត់​បាន​ដាក់​រថក្រោះ​ទាហាន​មិន​ឱ្យ​ភ្ជួរ គេ​ថា​មិន​ឱ្យ​ទៅ​ប៉ះពាល់​កន្លែង​គេ​រហេតរហូត​ទេ។ គេ​ទុក​ចល័ត​រថក្រោះ។ ព្រួយ​បារម្ភ​ខ្លាច​គេ​យក​ដី​អស់​មិន​មាន​អី​ធ្វើ​ស្រែ។ ខ្ញុំ​អត់​មាន​ដី​ស្រែ​ទៀត​ទេ ហើយ​កូន​ខ្ញុំ​ឡើង ១១​នាក់»

ក្រុម​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា ដី​ស្រែ​របស់​ពួក​គេ​ដែល​ទាហាន​កំពុង​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​ភ្ជួរ​នោះ​សរុប​ទាំងអស់​ចំនួន ៨​ហិកតារ ហើយ​ដី​ស្រែ​ទាំង​នោះ គឺ​ពួក​គេ​បាន​កាប់​គាស់​ដាំ​ស្រូវ​តាំង​តែ​ពី​ឆ្នាំ​១៩៩៣ មក។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជា​ការ​យោធា​ទី​នោះ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ចៅ​សង្កាត់​កូនក្រៀល គឺ​លោក លឿង ណុច ក៏​មិន​បាន​ទទួល​ទូរស័ព្ទ​ដើម្បី​ពន្យល់​អំពី​បញ្ហា​នោះ​ដែរ។

ចំណែក​អ្នកស្រី វង្ស ស៊ីថា ជា​មេ​ភូមិ​ផ្អុង បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ដឹង​ថា​ទាហាន​ដែល​ទៅ​បោះ​ទីតាំង​តំបន់​នោះ គឺ​បាន​ប៉ះពាល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្លះ ក៏ប៉ុន្តែ អ្នកស្រី​គ្មាន​សមត្ថភាព​ដោះស្រាយ​រឿង​នោះ​ទេ៖ «គេ​គ្រាន់​តែ​មក​ប្រាប់​យើង​ថា គេ​យក​រថក្រោះ មក​ដាក់​នៅ​ទីតាំង​ហ្នឹង ដើម្បី​ងាយ​ស្រួល​ចល័ត ហើយ​ខ្ញុំ​សួរ​ថា បើ​យក​រថក្រោះ​មក​ដាក់​លើ​ដី​ប្រជាជន ចុះ​ប្រជាជន​ខ្ញុំ​បាន​អី​ធ្វើ​កសិកម្ម​ចិញ្ចឹម​គ្រួសារ។ ហើយ​ទាហាន​ថា ខ្ញុំ​បាន​យក​ដី​ឯណា? គាត់​ថា​គាត់​មក​ជម្រាប​ឱ្យ​តែ​ដឹង​ថា​កុំ​ឱ្យ​ប្រជាជន​ឆ្លង​កាត់​ប៉ុណ្ណឹង។ ហើយ​គាត់​រង់ចាំ​ថ្ងៃ​ណា​ដែល​ទាហាន​ដក​ចេញ គាត់​នឹង​ប្រគល់​ឱ្យ​វិញ​ប៉ុណ្ណឹង​ឯង»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទទួល​បណ្ដឹង​ពី​អ្នក​ភូមិ​អំពី​ករណី​នេះ កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា កន្លង​ទៅ ហើយ​លោក​នឹង​ចុះ​ស៊ើប​អង្កេត​ឱ្យ​បាន​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។