ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ទាហាន​បារម្ភ​ខ្លាច​អត់​ដី​បង្កបង្កើន​ផល

ប្រជាពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​នៅ​តែ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​រងគ្រោះ ដោយសារ​តែ​បាត់បង់​ដី​ធ្លី បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​គោល​នយោបាយ​ចុះ​វាស់វែង និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក៏ដោយ។

0:00 / 0:00

ក្នុង​ចំណោម​ទំនាស់​ដី​ធ្លី​ទាំង​នោះ គឺ​រវាង​ប្រជាពលរដ្ឋ ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អង្គភាព​យោធា​ជាដើម។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ឱ្យ​ដឹង​ថា ជម្លោះ​ដីធ្លី ទោះ​បី​ជា​១​ករណី​ក៏ដោយ ឱ្យ​តែ​ជាមួយ​មន្ត្រី​យោធា ឬ​ក៏​អង្គភាព​យោធា គឺ​ពិបាក​ដោះស្រាយ និង​រក​យុត្តិធម៌​ណាស់។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​ជាមួយ​ទាហាន កំពុង​ព្រួយ​បារម្ភ​ថា ពួក​គេ​អាច​នឹង​មិន​មាន​ដី​ស្រែ​ដាំ​ស្រូវ និង​ដី​ចម្ការ​សម្រាប់​ដាំ​សណ្ដែក​សៀង​ទេ នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា កន្លង​ទៅ អ្នក​ភូមិ​ត្រពាំងក្រសាំង នៃ​ឃុំ​ស្រែណូយ ប្រមាណ​ជិត ៤០​នាក់ បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ ជាមួយ​អង្គភាព​ទាហាន​ឱ្យ​បាន​ឆាប់​រហ័ស។

បុរស​ឈ្មោះ អ៊ុំ អេន គឺ​ជា​អ្នក​ភូមិ​ត្រពាំងក្រសាំង ម្នាក់ ក្នុង​ចំណោម​ជាង ៩០​គ្រួសារ​ផ្សេង​ទៀត ដែល​កំពុង​មាន​បញ្ហា​ដីធ្លី។ គាត់​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ចំនួន ៩៥​គ្រួសារ បាន​កាប់​គាស់​ដី​ធ្វើ​ចម្ការ​នៅ​តំបន់​ខាង​លិច​អូរ​កូនតឹង ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៥ មក​ម្ល៉េះ។ ក៏ប៉ុន្តែ កាល​ពី​ចុង​ឆ្នាំ​២០១២ គឺ​ទាហាន​នៃ​កង​ពល​តូច​លេខ​៥ ដែល​មាន​បន្ទាយ​ក្បែរ​នោះ បាន​យក​អាវុធ​ទៅ​ហាម​ឃាត់​អ្នក​ភូមិ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​ចម្ការ​បាន​ទៀត​ទេ។

លោក អ៊ុំ អេន បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​មីនា កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ ហើយ​អាជ្ញាធរ​ស្រុក​វ៉ារិន និង​ខេត្ត រួម​ទាំង​មេ​បញ្ជា​ការ​យោធា ក៏​ធ្លាប់​ជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ប្រគល់​ដី​នោះ​មក​ឱ្យ​ប្រជាពលរដ្ឋ​វិញ ក៏ប៉ុន្តែ​កង​ទាហាន​ចេះ​តែ​ភ្ជួរ​ពង្រីក​ដី​ដាំ​ដំឡូង​ធំ​ឡើងៗ។ ហេតុ​ដូច្នេះ បាន​ជា​អ្នក​ភូមិ​លើក​គ្នា​ទៅ​សាលា​ខេត្ត​ម្ដង​ទៀត ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស៖ «មាន​ការ​ដោះស្រាយ​ពី​ខេត្ត​ពី​អី​មក ៩៥​គ្រួសារ​ហ្នឹង គេ​ឱ្យ​ហៅ​ឈ្មោះ​ងើប​ឈរ ងើប​ឈរ​ងើប​អី​ហើយ ប៉ុន្តែ​ដូច​ទៅ​អត់​បាន​ធ្វើ​អី​ដដែល ហើយ​ខាង​កងទ័ព​ហ្នឹង​គេ​សុំ​វាស់​ដើម្បី​បាន​ទិន្នន័យ​ដី និង​ច្បាស់​លាស់ រាយការណ៍​ទៅ​មេ​បញ្ជា​ការ។ ប៉ុន្តែ​ក្រោយ​ការ​វាស់​មក ហើយ​ក៏​យើង​អត់​ទាន់​បាន​ចូល​ទៅ​ធ្វើ​ចម្ការ អីចឹង​ហើយ​បាន​យើង​ស្នើសុំ​ទៅ​សាលា​ខេត្ត ដើម្បី​ដោះស្រាយ​ឆាប់ៗ​ឱ្យ​បាន​ចូល​ធ្វើ​ចម្ការ​វិញ។ ខ្ញុំ​នាំ​គ្នា​ព្រួយ​បារម្ភ​ថា វា​ដល់​ខែ​ដាំ​សណ្ដែក​សៀង​ហើយ បើ​ល្ង​ដើម​ដៃ​នោះ អត់​បាន​ដាំ​ហើយ ឥឡូវ​បើ​សណ្ដែក​សៀង​អត់​បាន​ដាំ​ទៀត វា​អត់​មាន​អី​ដោះស្រាយ​ជីវភាព​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​អំពី​ដំណោះស្រាយ ជុំវិញ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​សៀមរាប និង​អភិបាល​ស្រុក​វ៉ារិន បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែ មេ​ឃុំ​ស្រែណូយ លោក ឆែម សាវឿន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​មាន​គម្រោង​នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ខាង​មុខ ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​នោះ​ម្ដង​ទៀត៖ «ពី​មុន​នោះ វា​ទំនាស់ គឺ​ថា​ដី​ជាន់​នឹង​បន្ទាយ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប ហើយ​និង​ឃុំ ក៏​ចុច​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​យក​ទំហំ​ដី​មក​ចរចា​រវាង​ប្រជាពលរដ្ឋ និង​អង្គភាព​ដាក់​នូវ​ចំណុច​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គភាព​នេះ​ជូន​ទៅ​គណៈកម្មការ​ខេត្ត។ ឯកឧត្តម​ជា​អ្នក​ដោះស្រាយ»

ទោះ​យ៉ាង​ណា លោក​មេ​ឃុំ​ស្រែណូយ បាន​បញ្ជាក់​ថា ដោយសារ​តែ​ការ​ដោះស្រាយ​ត្រូវ​ការ​ទិន្នន័យ​ដី​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់​នោះ គឺ​ត្រូវ​ការ​ចំណាយ​ពេល​មួយ​រយៈ​ទៀត ហើយ​ប្រហែល​ជា​ការ​ធ្វើ​ចម្ការ​នៅ​ឆ្នាំ​នេះ​ត្រូវ​ខកខាន។

ចំណែក​នៅ​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ឯណោះ​វិញ អ្នក​ភូមិ ៣​គ្រួសារ កំពុង​ស្វែង​រក​អន្តរាគមន៍ ដោយសារ​តែ​អង្គភាព​យោធា​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឱ្យ​ចូល​ទៅ​ភ្ជួរ​ដី​ស្រែ​ទំហំ ៨​ហិកតារ ដែល​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​នោះ​បាន​ទៀត​ទេ។

បុរស​ឈ្មោះ យឹម យឿត បាន​មាន​ប្រសាសន៍​ថា ទាហាន​មួយ​កង​ទើប​តែ​ចូល​ទៅ​បោះ​ទីតាំង​នៅ​ជិត​ដី​ស្រែ​របស់​គាត់​កាល​ពី​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្មាន​ថ្ងៃ​មក​នេះ គាត់​ព្យាយាម​ចូល​ទៅ​ភ្ជួរ​ស្រែ ក៏ប៉ុន្តែ​ក្រុម​ទាហាន​ទាំង​នោះ​ហាម​ឃាត់។ បុរស​ដដែល​បាន​បញ្ជាក់​ថា គាត់​មាន​ដី​ស្រែ​ទំហំ ៣​ហិកតារ​កន្លះ រួម​ទាំង​ដី​កូន​ផង គឺ ៤​ហិកតារ​កន្លះ៖ «កន្លែង​នោះ​គេ​ដាក់​រថក្រោះ។ កន្លែង​ខ្ញុំ​នៅ​ទំនេរ ប៉ុន្តែ​ខ្ញុំ​ទៅ​ភ្ជួរ​ប៉ុន្មាន​ដង​ហើយ គឺ​ទាហាន​គេ​ដេញ​មិន​ឱ្យ​ខ្ញុំ​ធ្វើ។ ថ្ងៃ​ក្រោយ​ទាហាន​គេ​យក​ត្រាក់ទ័រ​ទៅ​ពូន​ធ្វើ​រង​ដំឡូង។ គេ​ថា​ដី​នោះ​គេ​ទុក​ដាំ​ដំឡូង​សម្រាប់​ដោះស្រាយ​កូន​ទាហាន​របស់​គេ។ ហើយ​មេ​ភូមិ​ក៏​ខ្ញុំ​ទៅ​ប្រាប់​ឱ្យ​គេ​ដោះស្រាយ តែ​គេ​មិន​ដោះស្រាយ​ឱ្យ។ ប្រាប់​សង្កាត់ ក៏​សង្កាត់​ថា​ចាំ​គេ​ដោះស្រាយ តែ​តាំង​ពី​រួច​ចូល​ឆ្នាំ​មក អត់​ឃើញ​ដោះស្រាយ​អី ដល់​ខែ​ភ្ជួរ​ខែ​រាស់​ទៅ​ហើយ។ ដី​គេ​ជុំវិញ​ដី​ខ្ញុំ​នោះ​គេ​ភ្ជួរ​ទាំងអស់។ កូន​ខ្ញុំ​ឈប់​រៀន​អស់​រលីង ដោយសារ​តែ​រឿង​ដី​នោះ។ ខ្ញុំ​អស់​សង្ឃឹម​ហើយ តែ​មិន​បាន​ធ្វើ​គឺ​មិន​មាន​អី​ទេ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​សម្ដែង​កង្វល់​ថា នៅ​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា គឺ​នៅ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មួយ​ចំនួន​រវាង​ប្រជាពលរដ្ឋ និង​អង្គភាព​យោធា​ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារេន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ភូមិ និង​អង្គភាព​យោធា​កើត​មាន​ទំនាស់​ដី​ជាច្រើន​កន្លែង ដូចជា​នៅ​ភូមិ​ត្រាំប៉ោង ភូមិ​ថ្នល់កែង នៃ​ស្រុក​ត្រពាំងប្រាសាទ និង​នៅ​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល ក្រុង​សំរោង ជាដើម។ លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា ទំនាស់​ដី​ទាំង​នោះ​កើត​ឡើង​ដោយសារ​តែ​អង្គភាព​កងទ័ព​ត្រូវ​ការ​យក​ដី​ធ្វើ​តំបន់​អភិវឌ្ឍន៍ ឬ​ក៏​ធ្វើ​ជា​បន្ទាយ ក៏ប៉ុន្តែ​បាន​ពង្រីក​ទៅ​ប៉ះ​ដី​ប្រជាពលរដ្ឋ​មួយ​ចំនួន។ បញ្ហា​ទាំង​នោះ បើ​ទោះ​បី​ជា​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ ក៏​បាន​តិចតួច​ដូច​ជា​ដី ៥​ហិកតារ ត្រូវ​ជូន​វិញ ២ ឬ ១​ហិកតារ ជាដើម។

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា បច្ចុប្បន្ន បញ្ហា​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ និង​ទាហាន គឺ​កើត​មាន​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺ បាត់ដំបង និង​ខេត្ត​ប៉ៃលិន ជាដើម៖ «ទំនាស់​ដែល​ពាក់ព័ន្ធ​ជាមួយ​យោធា ឬ​បុគ្គល​យោធា​ដែល​មាន​អំណាច​នោះ ទោះ​បី​១​ករណី​ក្តី គឺ​មិន​ងាយ​ដោះស្រាយ​តែ​ម្ដង។ មិន​ដឹង​ជា​ប្ដឹង​ទៅ​ណា? ប្រជាពលរដ្ឋ​ទឹក​ភ្នែក​រលីង​រលោង សូម្បី​តែ​នៅ​ភ្នំពេញ ខេត្ត​កោះកុង ១​ករណីៗ ប៉ុន្តែ​ឱ្យ​តែ​ថា​មាន​ឋានៈ​ជា​យោធា គឺ​ពិបាក​រក​ដំណោះស្រាយ ដែល​ថា​យុត្តិធម៌​នោះ គឺ​វា​ពិបាក»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឱ្យ​ដឹង​ថា តាំង​ពី ២-៣​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​រឿង​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ ជាមួយ​ទាហាន​ប្រហែល ១០​ករណី ដែល​នៅ​សេសសល់​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។