ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិចំនួន២ នៃឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានអះអាងថា កងទាហានបានហាមឃាត់ពួកគេជាច្រើនដងមកហើយ មិនឱ្យអ្នកភូមិចេញទៅកាប់ឆ្ការលើដីរបស់ខ្លួន ដើម្បីធ្វើចម្ការដាំដំណាំផ្សេងៗបានទេក្នុងពេលបច្ចុប្បន្ន។
ក្រុមអ្នកភូមិអូររំចេក ប្រមាណ ៣០គ្រួសារ និងអ្នកភូមិត្រពាំងក្រសាំង ជាច្រើនគ្រួសារទៀត គឺសុទ្ធតែកំពុងមានបញ្ហាដូចគ្នានេះ។
បុរសម្នាក់ដែលរស់នៅភូមិអូររំចេក មិនហ៊ានប្រាប់ឈ្មោះ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៤ ខែមីនា ថា គាត់មានដីធ្វើស្រែ និងដីចម្ការចំនួន ៥ហិកតារ នៅតំបន់អូរព្រានគង់។ ដីនោះ គាត់ធ្លាប់ធ្វើស្រែ និងធ្វើចម្ការដាំអំពៅជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែក្នុងឆ្នាំនេះ មានទាហានមួយក្រុមបានរាយបណ្ដាក់នៅតំបន់នោះ ដើម្បីហាមឃាត់អ្នកភូមិមិនឱ្យចូលទៅធ្វើចម្ការបានដូចកាលពីមុនទៀតទេ។
បុរសដដែលបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋណានៅតែជម្នះចូលទៅធ្វើចម្ការលើដីរបស់ខ្លួននោះ គឺទាហាននឹងចាប់ដកហូតយកសម្ភារៈ ដូចជាម៉ាស៊ីនកាត់ស្មៅ ឬកាំបិត ពូថៅ ជាដើម៖ «ទាហានកងពលតូចលេខ៥។ ដីប្រជាពលរដ្ឋនៅខាងក្រោយផ្ទះហ្នឹង គាត់ភ្ជួរហ៊ុំព័ទ្ធជុំវិញផ្ទះទាំងអស់។ គាត់អត់ឱ្យចេញទៅធ្វើស្រែធ្វើចម្ការអីខាងក្រោយទេ។ គេថា ដីរបស់គេ! ប្រជាពលរដ្ឋធ្វើពាក្យបណ្ដឹងទៅដាក់នៅកន្លែងសាលាឃុំ និងទៅសាលាស្រុកម្ដង ក៏ប៉ុន្តែមិនឃុំ មិនមានអាជ្ញាធរណាចុះមកមើលអីសោះ អត់»។
ចំណែកលោក សំ ភី គឺជាអ្នកភូមិត្រពាំងក្រសាំង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ដោយសារទាហានដណ្ដើមយក៖ «ប្រជាជនអត់ហ៊ានទៅធ្វើទេ គេថាដីនោះពាក់ព័ន្ធនឹងទាហាន។ ដីខ្ញុំ ៥ហិកតារ ដាំស្វាយចន្ទីខ្លះ និងដាំសណ្ដែកសៀងខ្លះ។ ៨ឆ្នាំហើយ ប៉ុន្តែអាដីក្រោយៗទៀត គឺវាទើបតែ ៥ឆ្នាំអីទេ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សំរិទ្ធ សារេត ជាមេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលតូចលេខ៥ ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់របស់អ្នកភូមិទាំងនោះបានថាយ៉ាងណានៅឡើយ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ ក្រុមប្រជាពលរដ្ឋជិត ១០០នាក់ នៅភូមិត្រពាំងក្រសាំង បានលើកគ្នាទៅកាន់សាលាស្រុកវ៉ារិន ដើម្បីស្នើសុំឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហានេះ។
លោក នាក់ ណេរ៉ុន ជាអភិបាលស្រុកវ៉ារិន បានមានប្រសាសន៍យ៉ាងខ្លីថា លោកកំពុងធ្វើការដោះស្រាយរឿងទំនាស់ដីធ្លីរវាងអ្នកភូមិ និងកងទាហាននោះ។
ចំណែកលោក សួស ណារិន អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប បានឱ្យដឹងថា លោកធ្លាប់ចុះស៊ើបអង្កេតករណីទំនាស់ដីធ្លីរវាងអ្នកភូមិជាមួយទាហាននោះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១២ កន្លងទៅ។ អង្គការអាដហុក បានបញ្ជាក់ថា កាលណោះគេបានរកឃើញអ្នកភូមិតែជាង ១០គ្រួសារទេ ដែលមានទំនាស់ដីធ្លីជាមួយទាហាន ក៏ប៉ុន្តែប្រមាណ ៨ខែក្រោយ គេមិននឹកស្មានថាចំនួនប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីបានកើនឡើងជិត ១០០គ្រួសារដូច្នេះសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
